ខេត្តកណ្តាល ៖ លោកលី យុ អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ តែមកធ្វើជាកម្មករឡឥដ្ឋនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បានបង្ហាញសមត្ថភាពពិសេសខាងស៊ីភ្លើង ដោយយកដែកកេះ កេះឱ្យភ្លើងឆេះខ្លាំង ហើយដុតបបូរមាត់ ដុតអណ្តាត ដោយមិនខ្លាចក្តៅ។ ក្រៅពីនេះលោកយកចានថ្មមកខាំទំពាស៊ីដោយមិនខ្លាចមុតមាត់ និងមិនខ្លាចមុតពោះវៀន ឈឺក្រពះទេ ។
ការចេះស៊ីភ្លើង និងស៊ីចានថ្មនេះលោកលី យុ ឱ្យដឹងថា លោកធ្លាប់ហាត់រៀនមន្តអាគមពីក្មេងមកខ្លះ និងដោយសារលោកមិនខ្លាចក្តៅ និងរលាក។ លោកយកធូបមួយកូនដុំជ្រលក់ប្រេងកាតរួចដុតឱ្យឆេះមានអណ្តាតភ្លើង ទើបយកមកដុតលើដងខ្លួន និងដៃ រួចហើយយកភ្លើងនោះដាក់ចូលមាត់ខាំទំពាហាក់បីដូចជាចំណីអាហារដ៏ឆ្ងាញ់។ ក្រោយពីស៊ីភ្លើងធូបមិនអស់ចិត្តលោកលី យុ យកដែកកេះ កេះឱ្យមានអណ្តាតភ្លើងខ្លាំង រួចដុតលើបបូរមាត់ និងអណ្តាតដោយមិនខ្លាចក្តៅ ឬរលាកសោះឡើយ។ ក្រៅពីស៊ីភ្លើងលោកយុ ស៊ីចានថ្មដោយមិនខ្លាចមុតមាត់។
នេះជាសមត្ថភាពពិសេសរបស់អ្នកមានជំនាញ ហើយក៏ធ្លាប់ឃើញបង្ហាញជាច្រើនមកហើយនៅតាមទូរទស្សន៍នានា ។ ទោះបីជាយ៉ាងណាក្តី អ្នកមិនមានជំនាញ សូមកុំធ្វើត្រាប់តាមក្រែងឆេះមាត់ ឆេះអណ្តាត និងប្រយ័ត្នឈឺក្រពះមុតពោះវៀន ។
លោកផង់ ផូ អាយុ៦៣ឆ្នាំ រស់នៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល និយាយថា «រឿងអ្នកចេះមន្តអាគម និងអ្នកដែលស្មិលចូលខ្ញុំជឿ ព្រោះកាលពីខ្ញុំនៅក្មេងខ្ញុំធ្លាប់ឃើញចាស់ៗក្នុងភូមិមានស្មិលចូលពេលគាត់ស្រវឹងស្រា ឥឡូវពេលនេះលោកយុ បង្ហាញសមត្ថភាពទេពកោសល្យនេះខ្ញុំជឿថា គាត់ពិតជាចេះមន្តអាគមមែន» ។
ចំពោះលោកណយ នឿន អាយុ៥១ឆ្នាំ រស់នៅភូមិជាមួយគ្នានិយាយថា «ខ្ញុំឃើញគាត់ហ៊ានស៊ីភ្លើង ហ៊ានស៊ីចានថ្មបែបនេះ គួរឱ្យស្រៀវ តែពិតជាអស្ចារ្យមែន ខ្ញុំមិនហ៊ានធ្វើតាមទេ» ។
លោកលី យូ អាយុ៣៥ឆ្នាំ អ្នកដំណើរដែលបានឃើញការសម្តែងនោះនិយាយថា គាត់ធ្លាប់តែឮគេនិយាយថា ពីដើមមានអ្នកចេះមន្តអាគមផ្សេងៗ និងធ្លាប់តែឃើញតាមកាសែត ទស្សនាវដ្តី និងតាមកញ្ចក់ទូរទស្សន៍ តែពេលនេះបានឃើញពិតជាក់ស្តែងតែម្តង ៕
ចែករំលែកព័តមាននេះ