រាជធានីភ្នំពេញ ៖ តារាសម្តែងនិងជាបេក្ខភាពបវរកញ្ញានាង ថៃ នារីសុជាតា ហៅហ្វីយ៉ាតា បានរៀបចំបង្កើតមូលនិធិផ្ទាល់ខ្លួន ក្នុងគោលដៅបន្តជួយដល់វីរៈកងទ័ពជួរមុខ និងប្រជាជនភៀសសឹកកម្ពុជា ដែលកំពុងតែមានតម្រូវការ ខណៈពេលស្ថានភាពជម្លោះតាមព្រំដែនរវាងកម្ពុជា-ថៃ នៅមិនទាន់វិលមកសភាពធម្មតានៅឡើយ ។

តារាស្រីរូបនេះបានគូសបញ្ជាក់ថា នាងនៅតែបន្តធ្វើការងារខាងលើនេះ ជាបន្តបន្ទាប់ដោយមិនបញ្ឈប់រហូតទាល់តែជនភៀសសឹកទាំងអស់ ត្រឡប់ទៅកាន់ផ្ទះរបស់ខ្លួនវិញ និងប្រទេសជាតិទទួលបានសុខសន្តិភាពជាថ្មីឡើងវិញ ។
តាមរយៈសំណេរដែលបានសរសេរបង្ហោះលើបណ្តាញសង្គម ហ្វីយ៉ាតា បានលើកឡើងថា កុំទាន់ដកភ្នែកចេញពីពួកគាត់អី ពួកគាត់នៅតែកំពុងត្រូវការយើងបំផុត ។ នាងថា ពួកខ្ញុំមិនឈប់ត្រឹមនេះទេ ខ្ញុំមិនទុកអ្នកចោលឡើយ សំលេងខ្ញុំឮបានដល់ណា ខ្ញុំស្រែកដល់នោះ ទោះអ្នកណានិយាយ ឬថាអ្វីក៏ដោយ ។

នាងបញ្ជាក់ថា យើងបានដេកផ្ទះស្រួលរាល់យប់ ក៏ព្រោះពួកគាត់យកខ្លួននិងជីវិតទៅការពារប្រទេសយើងខ្ញុំនឹងបន្តធ្វើវា ហើយធ្វើរហូតដល់ដរាបណាប្រទេសខ្ញុំសុខសន្តិភាពវិញ បងប្អូនកងទ័ពបានមានហូបគ្រប់គ្រាន់ ហើយប្រជាជនខ្មែរដែលភៀសសឹកទាំងអស់បានត្រលប់ទៅផ្ទះរស់សុខស្រួលវិញ ។
បើតាម ហ្វីយ៉ាតា ខ្ញុំនឹងធ្វើគ្រប់យ៉ាង ដោយកំលាំងមនុស្សស្រីម្នាក់អាចធ្វើបាន ខ្ញុំប្រកាសមូលនិធិនេះជាផ្លូវការ អោយបងប្អូនចូលរួមជាមួយខ្ញុំឆាប់ៗនេះ ។ ជាការកត់សម្គាល់តារាសម្តែងនាង ហ្វីយ៉ាតា ក៏ដូចជាអ្នកសិល្បៈជាច្រើនទៀតបានចូលរួមយ៉ាងសកម្មតាមរយៈការងារសប្បុរសធម៌ និងជាសម្លេងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងលើកទឹកចិត្តកងទ័ពជួរមុខដែលឈរការពារទឹកដីពីការឈ្លានពានរបស់សៀម ។

ជាក់ស្តែង តារារូបនេះក៏បានបញ្ចេញសារនៅលើបណ្តាញសង្គមថា «បុណ្យមិនស្មើយស» អ្វីដែលជារបស់យើង នៅតែជារបស់យើង បើទោះមានជនអាក្រក់ណាចង់មកលេងល្បិច បន្លំចង់បាន ចង់លួច ឬដណ្ដើម ក៏យកទៅបានដោយក្ដៅក្រហាយ ព្រោះបើវាមិនមែនជារបស់អ្នកយកបានក៏អោបមិនជុំគង់របូតពីដៃ ។
សូមព្រះជួយប្រទេសខ្ញុំអោយឈ្នះ ជួយប្រជាជនខ្មែរខ្ញុំអោយរស់សុខសន្តិភាពវិញផងចុះ, ជួយតាមថែបងប្អូនទាហានយោធាខ្មែរផុតគ្រោះ រួចជីវិតបានមកជួបជុំគ្រួសារគ្រប់ៗគ្នា សូមជួយថែថ្នាក់ដឹងនាំគ្រប់ជាន់ថ្នាក់អោយសុខភាពរឹងមាំ នាំផ្លូវកូនចៅតទៅមុខបន្តទៀត ព្រោះលោកជាបង្អែកកូនចៅគ្រប់គ្នា ខ្មែរត្រូវតែឈ្នះ ដល់ពេលហើយដែលគេត្រូវសងយើងវិញគ្រប់យ៉ាង ៕




ចែករំលែកព័តមាននេះ