នៅទីបំផុត តារាចម្រៀងនាង ឆៃ លីដាឡែន បានដឹកនាំបុរសជាគូស្នេហ៍ចូលរោងការហើយនៅលើទឹកដីអាមេរិក បន្ទាប់ពីនាងរស់មានឈ្មោះជាស្ត្រីមេម៉ាយអស់ជិត១០ឆ្នាំមកនេះ ពោលក្រោយបែកបាក់ពីអតីតស្វាមីតាំងពីអំឡុងឆ្នាំ២០១៦ ។

ឆៃ លីដាឡែន បានបង្ហោះរូបភាពលើបណ្តាញសង្គមនៃថ្ងៃមង្គលរបស់ខ្លួន ដែលបានរៀបចំធ្វើឡើងនៅលើទឹកដីសហរដ្ឋអាមេរិក នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ខណៈពេលដំណឹងនេះ បានធ្វើអោយមហាជន ជាពិសេស មិត្តភក្តិជាអ្នកសិល្បៈដូចគ្នាចូលរួមអបអរសាទរយ៉ាងព្រោងព្រាត ។
ជាមួយនឹងរូបភាពទាំងអស់នេះ ឆៃ លីដាឡែន បានភ្ជាប់ជាមួយសំណេរថា អរគុណបងដែលចូលក្នុងជីវិតអូន Ally Soth (ឈ្មោះស្វាមី) អរគុណប៉ាម៉ាក់ បងប្អូន មិត្តភក្តដែលបានចូលរួមថ្ងៃពិសេសយើងទាំងពីរ ហើយអរគុណបងប្អូនមិត្តភក្តនឹងហ្វ្រេនៗដែលជូនពរយើងទាំងពីរ ។

ដោយឡែក មុនថ្ងៃចូលរោងការនេះ ឆៃ លីដាឡែន ក៏បានបង្ហោះសំណេរដែរថា ថ្ងៃស្អែកជាថ្ងៃសំខាន់ក្នុងជីវិត ហើយក៏ជាលើកទី២ដែរ តែមានអារម្មណ៍ដូចមិចទេ ភយ័ អរ រំភើប សប្បាយ សេត ដូចរកប្រាប់មិនត្រូវ តែសូមអោយអ្វីៗល្អ នឹងជោគជយ័ សូមអោយការជ្រើសរើសផ្លូវមួយនេះដល់អស់ដង្ហើម ហើយក៏ជាផ្លូវចុងក្រោយផងដែ ។

យ៉ាងណា គេមិនដឹងទេថា ពន្លកស្នេហ៍រវាង ឆៃ លីដាឡែន និងស្វាមីប្រើរយៈពេលប៉ុន្មាននោះឡើយ ទើបឈានដល់ការរៀបចំពិធីមង្គលការនាពេលនេះ ប៉ុន្តែប្រិយមិត្តគាំទ្ររូបនាងរំពឹងថា ចំណងស្នេហ៍របស់នាងនាពេលនេះនឹងមានសុភមង្គល និងរឹងមាំជារៀងរហូត ។
គួរបញ្ជាក់ថា ឆៃ លីដាឡែន ធ្លាប់បានបែកបាក់ស្វាមីទីមួយរបស់នាង គឺលោក រិទ្ធី ឧត្តមស៊ីដារ៉ា កាលពីអំឡុងឆ្នាំ២០១៦ បន្ទាប់ពីអ្នកទាំងពីរបានរៀបការជាមួយគ្នាបានប្រមាណជា១ឆ្នាំប៉ុណ្ណោះ ហើយអ្នកទាំងពីរក៏មិនមានកូនជាចំណងដៃនោះដែរ ។

នៅក្នុងការបែកបាក់គ្នានេះ ឆៃ លីដាឡែន ក៏បានបង្ហោះសំណេរតាមបណ្តាញសង្គមដែរថា កុំទៅខ្វល់ កុំទៅភ្ញាក់ផ្អើល កុំទៅឈឺចាប់ ជារឿងធម្មតា ហើយដែលបែកពីយើងគេប្រាកដជាមានអ្នកថ្មី បើទោះជាគេធ្លាប់សន្យាថា ស្រលាញ់យើង អត់ពីយើងមិនអាចមានអ្នកណា អត់ពីយើងគេឆ្កួត អត់ពីយើងគេមិនយកសង្សារទៀត ។

នាងបន្តថា ពាក្យអស់ហ្នឹងវាគ្រាន់ជាសម្ដីដែលនិយាយហើយចោលតែប៉ុណ្ណោះ គ្មាននរណាម្នាក់អាចធ្វើវាបាននោះទេ សាកគិតទៅមើលអ្នកខ្លះមិនទាន់បែកគ្នាផងក៏លួចចាប់អារម្មណ៍មនុស្សផ្សេងក្រៅពីយើងបាត់ទៅហើយ រឺអាចក្បត់ចិត្តយើងយ៉ាងសម្ងាត់ដោយយើងមិនដឹងផង ចុះទម្រាំមនុស្សបែកពីយើងទៅជាSingle រឿងអីថា គេមិនយកអ្នកថ្មីនោះ ? វាសាមញ្ញហើយ ដូច្នេះ យើងត្រូវតែប្រឈមមុខ កុំឈឺចិត្ត កុំចាំមើល មិនមែនជារឿងប្លែកនោះទេ ! គេចង់ធ្វើអីជារឿងគេមានអ្នកណាមានទៅ សុំតែកុំឱ្យនិយាយទាក់ទងប៉ះពាល់នឹងយើងទៅបានហើយ ។

នាងបញ្ជាក់ថា បែកគ្នាហើយរស់នៅផ្សេងៗគ្នា អ្នកណាធ្វើអីធ្វើទៅ កុំក្តៅក្រហាយនឹងរឿងគ្នា វាជារឿងល្អបំផុត ៕




ចែករំលែកព័តមាននេះ