រាជធានីភ្នំពេញ ៖ តារាចម្រៀង នាង ពេជ្រ សូលីកា បានចេញមុខបកស្រាយដោយមិននិយាយអ្វីវែងឆ្ងាយ ដើម្បីប្រាប់មហាជន ក៏ដូចជាបណ្តាអ្នកគាំទ្រទាំងអស់ ពាក់ព័ន្ធទៅនឹងរឿងកំពុងតែផ្ទុះការវែកញែកពេញបណ្តាញសង្គមពាក់ព័ន្ធរឿងអ្នកនាង យក់ ថិតរដ្ឋា ដែលឡើងបកស្រាយនៅក្នុងកម្មវិធីទូរទស្សន៍ក្នុងស្រុក កាលពីពេលថ្មីៗនេះ ដោយលើកឡើងពីតារាជើងថ្មីមួយរូប ដែលមិនគោរពរូបនាងដែលជារៀមច្បងជើងចាស់ ។

ក្នុងការនិយាយក្នុងបទសម្ភាសន៍នោះ បើទោះបីជាអ្នកនាង យក់ ថិតរដ្ឋា មិនបានបញ្ជាក់ឈ្មោះចំថា ជាតារាជើងថ្មីរូបណានោះក៏ដោយ ប៉ុន្តែមហាជនមួយចំនួនបានដាក់ការសង្ស័យតារាស្រីដែលនាងចង់សំដៅនោះ គឺជាតារាចម្រៀង ពេជ្រ សូលីកា ។
យ៉ាងណា ក្នុងពេលដែលរឿងរ៉ាវខាងលើនេះ កំពុងតែផ្ទុះការវែកញែក និងឡើងកម្តៅពេញបណ្តាញសង្គមនោះ នៅទីបំផុត តារាចម្រៀងនាង ពេជ្រ សូលីកា បានចេញមុខបកស្រាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ដោយនៅក្នុងនោះនាងប្រកាន់គោលការណ៍ មាសសុទ្ធមិនខ្លាចភ្លើង ក្នុងករណីបើរឿងរ៉ាវមួយនេះ ពិតជាតម្រូវអោយរូបនាងត្រូវតែបកស្រាយជាដាច់ខាត ។

តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គម ពេជ្រ សូលីកា បានលើកឡើងថា ជាដំបូង នាងខ្ញុំ សូមគោរពនឹងសុំការអភ័យទោសពីសំណាក់បងប្អូនទស្សនិកជនទាំងអស់របស់នាងខ្ញុំ ដែលធ្វើអោយបណ្ដាញសង្គម មានភាពវឹកវរ ដោយសាររូបនាងខ្ញុំ ក្នុងពេលប៉ុន្មានថ្ងៃមកនេះ ។
នាងខ្ញុំសូមចូលដល់សំណេរបស់នាងខ្ញុំតែម្ដង រឿងហេតុដែលនាងខ្ញុំមិនបកស្រាយអ្វីទាំងអស់ ព្រោះការបកស្រាយ វាគ្រាន់តែជាការដែលធ្វើអោយអ្នកដទៃមើលមកខ្ញុំជាបុក្គលដែលស្អាតស្អំ តែវាមិនបានធ្វើអោយខ្លួនខ្ញុំរស់នៅធ្វើជាមនុស្សល្អនោះទេ ។

នាងថា តាំងពីតូចរហូតដល់ដឹងក្ដី ខ្ញុំជឿតែមួយគត់ក្នុងឆាកជីវិតរបស់ខ្ញុំ គឺជឿទៅលើ“ពេលវេលា” អាក្រក់ ល្អ ស ខ្មៅ ខុស ត្រូវ គឺពេលវេលាជាអ្នកបញ្ជាក់អោយខ្ញុំយល់ច្បាស់នឹងមិនស្ដាយក្រោយ ។ នាងខ្ញុំជ្រើសរើសស្ងប់ស្ងាត់ ក៏ព្រោះតែនាងខ្ញុំដឹងថា អ្នកនិពន្ធរឿងនេះនឹងមិននិពន្ធអោយមានភាគបញ្ចប់នោះទេ ដូច្នេះហើយ ទើបនាងខ្ញុំមិនចូលរួមសម្ដែងក្នុងរឿងមួយនេះ ។
នាងបញ្ជាក់ថា បើពិតជាមានភាគបញ្ចប់មែន មិនមែនរហូតមកដល់ពេលនេះ នៅតែភាគបន្តចាក់បញ្ចាំងជូនបងប្អូនទស្សនាទៀតនោះទេ បើដរាបណាអ្នកនិពន្ធនៅតែបន្តទាំងក្នុងឆាក និងក្រៅឆាក គ្រប់កន្លែងបែបនោះ ខ្ញុំរើសផ្លូវ Peace ពីព្រោះវាជាកន្លែងដែលអោយខ្ញុំស្ងប់សុខសេចក្ដីសុខផ្លូវចិត្តរបស់ខ្ញុំ ផ្លូវចិត្តខ្ញុំល្អ ខ្ញុំគិតតែរឿងល្អៗ មិនក្ដៅក្រហាយ មិនខឹង មិនស្អប់ មិនគុំគួន មិនចង់ប្រកួតឈ្នះចាញ់នឹងអ្នកណា មិនត្រូវការរកភាពស្អាតស្អំអោយខ្លួនឯង ។

ប៉ុន្តែក្នុងសំណេរនេះ នាងខ្ញុំក៏ចង់បញ្ជាក់ដែរថា បើពិតជាតម្រូវអោយរូបនាងខ្ញុំ ត្រូវតែបកស្រាយជាដាច់ខាត នាងខ្ញុំសុំបញ្ជាក់ច្បាស់ៗថា “មាសសុទ្ធមិនខ្លាចភ្លើង” ៕



ចែករំលែកព័តមាននេះ