ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី រ​ត្ន័​គ​ន្ធា ផ្តើម​បើក​ជំនួញ​នៅ​ស្រុក​ក្នុង​ខ្មែរ ក្រោយ​​បង្ហាញ​បំណង​វិល​មក​រស់នៅ​ស្រុក​កំណើត​វិញ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​ជើង​ចាស់ អ្នក​នាង នារី រ័​ត្ន​គ​ន្ធា បាន​ចាប់ផ្តើម​ធ្វើ​ជំនួញ​នៅ​លើ​ទឹកដី​កំណើត​ជា​បណ្តើរ​ៗ​ហើយ បន្ទាប់​ពី​អ្នក​នាង​ធ្លាប់​បាន​បង្ហាញ​បំណង​នឹង​វិល​មក​រស់នៅ​ស្រុក​ខ្មែរ​វិញ​នៅ​ក្នុងអំឡុងពេល​ណាមួយ ក្រោយ​ចាកចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ ។…

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​ជើង​ចាស់ អ្នក​នាង នារី រ័​ត្ន​គ​ន្ធា បាន​ចាប់ផ្តើម​ធ្វើ​ជំនួញ​នៅ​លើ​ទឹកដី​កំណើត​ជា​បណ្តើរ​ៗ​ហើយ បន្ទាប់​ពី​អ្នក​នាង​ធ្លាប់​បាន​បង្ហាញ​បំណង​នឹង​វិល​មក​រស់នៅ​ស្រុក​ខ្មែរ​វិញ​នៅ​ក្នុងអំឡុងពេល​ណាមួយ ក្រោយ​ចាកចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ ។

ជំនួញ​ដែល​អតីត​តារា​សម្តែង​រូប​នេះ​កំពុង​បើក​ដំណើរការ​នោះ​គឺជា​ប្រភេទ​រី​ស៊​ត ដែល​មាន​កន្លែង​កំសាន្ត និង​មាន​បន្ទប់​ស្នាក់​នៅ​តាម​បែប​បុរាណ ដែល​មាន​ទីតាំង​ក្នុងភូមិ​តា​រស់ សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ខេត្តសៀមរាប ។

តារា​សម្តែង​រួម​ជំនាន់ និង​ជា​មិត្តភក្តិ​ដ៏​ជិត​ស្និ​ទ្ធិ​របស់​អ្នក​នាង នារី រ័​ត្ន​គ​ន្ធា គឺ​អ្នក​នាង អ៊ឹម សុវណ្ណ​ផល្លា បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា ជា​ជំហាន​ដំបូង ក្នុងផ្ទះ​សំណាក់​របស់​អ្នក​នាង នារី រ័​ត្ន​គ​ន្ធា គឺ​បើក​កន្លែង​ស្នាក់​នៅ​ជា​លក្ខណៈ​គ្រួសារ ហើយ​ទីកន្លែង​នេះ ក៏​មានការ​ជួល​សម្រាប់​ផលិតករ​នានា ដែល​មាន​គោលបំណង​ថត​ជា​ភាពយន្ត​បែប​បុរាណ ឬ​ក៏​ថត​ស្ព​ត​ពាណិជ​កម្ម​ផ្សេង​ៗ​ផង​ដែរ ។

អ្នក​នាង​បញ្ជាក់​ថា បច្ចុប្បន្ន ផ្ទះ​ស្នាក់​នៅ​របស់​អ្នក​នាង​នារី រ័​ត្ន​គ​ន្ធា ទើបតែ​បើក​ដំណើរការ​បាន​ប្រហែលជា​៤​ទៅ​៥​បន្ទប់​ប៉ុណ្ណោះ ហើយ​ទៅ​ថ្ងៃ​អនាគត អ្នក​នាង​មាន​គម្រោង​បើក​ជា​ផ្ទះ​លំហែ​តូច​ៗ​អាច​ទៅ​ដល់​ជាង​១០​បន្ទប់ ដោយនៅ​ក្នុង​នោះ​ក៏​មានការ​រៀបចំ​ជា​សួនច្បារ​ផង​ដែរ ។

អ្នក​នាង​បន្ថែម​ថា មូលហេតុ​ដែល​អ្នក​នាង នារី រ័​ត្ន​គ​ន្ធា សម្រេច​បើក​រី​ស៊​ត និង​កន្លែង​ស្នាក់​នៅ​តាម​បែប​បុរាណ គឺ​ដោយសារ​អ្នក​នាង​គឺជា​អ្នកសិល្បៈ​ម្នាក់​ដែល​ចូល​ចិត្ត ការ​អភិរក្ស​បែប​បុរាណ និង​ការ​ស្រឡាញ់​បែប​ប្រពៃណី​ខ្មែរ ។

អ្នក​នាង​ក៏​បាន​ទិញ​នូវ​វត្ថុ​បុរាណ​ជា​ច្រើន​យក​មក​ស្តុក​ទុក ក្នុង​គោលបំណង​រៀបចំ​ជា​ស្ទី​ឌី​យោ សម្រាប់​ជួល​ឲ្យ​ផលិតករ​នានា​ថត​ភាពយន្ត​បែប​បុរាណ និង​មហាជន​ដែល​មាន​បំណង​ថត​បែប​ប្រពៃណី​បុរាណ​ខ្មែរ​ផង​ដែរ ។

បើ​តាម​អ្នក​នាង អ៊ឹម សុវណ្ណ​ផល្លា សម្រាប់​មុខ​ជំនួញ​មួយ​នេះ អ្នក​នាង នារី រ័​ត្ន​គ​ន្ធា គឺជា​អ្នកគ្រប់​គ្រង​ដោយ​ផ្ទាល់ បើ​ទោះបីជា​អ្នក​នាង​រស់នៅ​ក្រៅប្រទេស​ក៏​ដោយ ពោល​អ្នក​នាង​នឹង​ធ្វើ​ដំណើរ​ចុះឡើង ដោយសារ​តែ​អ្នក​នាង​ក៏​មានមុខរ​បរទាំង​នៅ​អា​មេ​រិ​ក និង​នៅ​ស្រុក​ខ្មែរ ។

អ្នក​នាង​បន្ថែម​ថា នៅ​អា​មេ​រិ​ក​អ្នក​នាង នារី រ័​ត្ន​គ​ន្ធា ក៏​មាន​បើកហាង​លក់​វត្ថុ​អនុស្សា​វរិ​យ៍​បុរាណ និងសម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​ដែរ ហេតុនេះ​ដោយសារ​ចិត្ត​ស្រឡាញ់ និង​មិន​ចោលស្រុក​ខ្មែរ​បាន​ទើប​នាង​សម្រេច​មក​បើក​ជំនួញ​ជា​ផ្ទះសំណាក់​បែប​បុរាណ និង​ជា​រី​ស៊​ត​នៅ​លើ​ទឹកដី​កំណើត​នា​ពេល​នេះ ។

គួរ​បញ្ជាក់​ថា នារី រ័​ត្ន​គ​ន្ធា គឺជា​តារា​សម្ដែង​ល្បីឈ្មោះ​ជំនាន់​អ្នក​នាង អម្ពរ ទេវី និង​សុខ ស្រី​មុំ ជាដើម នៅ​មុន​ពេល​អ្នក​នាង​ចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ។ អ្នក​នាង​ធ្លាប់​បាន​សាង​ស្នាដៃ​ក្នុង​រឿង​ជា​ច្រើន​ដូច​ជា «​កំលោះ​ឆ្នាំ​៩១» «​បុប្ផា​ភ្នំពេញ​» និង​រឿង​«​ផ្លូវបែក​ជា​បី​»​ជាដើម​។

អ្នក​នាង រ័​ត្ន​គ​ន្ធា បាន​ចាកចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​តាំងពី​ឆ្នាំ​២០០១ បន្ទាប់​ពី​បាន​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី ជា​ទាហាន​ធ្វើការ​លើ​កប៉ាល់ ខណៈ​ពេល​អ្នក​នាង និង​ស្វាមី​ទទួល​បាន​ចំណងដៃ​កូន​ពីរ​នាក់ និង​កំពុង​រស់នៅ​ក្នុង​រដ្ឋ​អាយ​លែ​ន​សហរដ្ឋអាមេរិក ក្នុង​ពេល​លើ​ទឹកដី​មហាអំណាច​នេះ​អ្នក​នាង​ក៏​មាន​មុខរបរ​បើកហាង​មួយ​យីហោ «​នារី រ័​ត្ន​គ​ន្ធា New Collection»​ដែល​មាន​លក់​សំលៀក​បំពាក់​ខ្មែរ និង​វត្ថុ​បុរាណ​ខ្មែរ​ជា​ច្រើន​មុខ​ផង​ដែរ ។

កន្លង​មក អ្នក​នាង នារី រ័​ត្ន​គ​ន្ធា ធ្លាប់​បាន​គូសបញ្ជាក់​ថា នៅ​ទីនោះ (​អា​មេ​រិ​ក​) ឯកា​ណាស់ ខ្ញុំ​មិន​នៅ​ទីនោះ​រហូត​ទេ រឿង​ត្រឡប់​មក​ប្រទេស​យើង​វិញ គឺ​ដឹង​តែ​មក​ហើយ គ្រាន់តែ​មិនដឹង​ថា អាច​មក​ឆាប់​ៗ​នេះ ឬ​ពេល​ណា ប៉ុន្តែ​ត្រូវ​តែ​មក​ស្រុក​កំណើត​វិញ​ឲ្យ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ