រាជធានីភ្នំពេញ ៖ បើនិយាយរឿងស្នេហា ឬគូជីវិត រហូតមកទល់ពេលនេះ តារាសម្តែងស្រស់ស្អាត
ស៊ីន យូប៊ីន នៅតែអះអាងថា បញ្ហានេះនាងនៅមិនទាន់គិតនាពេលនេះឡើយ ដោយសារតែនាងចង់ចាប់ឱកាសការងារសិល្បៈរបស់នាងដែលកំពុងទទួលជោគជ័យជាបន្តបន្ទាប់ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះ ស៊ីន យូប៊ីន បានអះអាងថា ក្នុងដំណាក់កាលនេះរឿងស្នេហានាងនៅមិនទាន់គិតនៅឡើយទេ ដោយសារតែនាងកំពុងមមាញឹកខ្លាំងលើការងារសិល្បៈ។ នាងបញ្ជាក់ថា ពិតណាស់ ការមានគូស្រករជារឿងសំខាន់សម្រាប់មនុស្សម្នាក់ៗ ប៉ុន្តែសម្រាប់នាងគឺមិនទាន់ចង់គិតនាពេលនេះឡើយ ព្រោះនាងមិនចង់អោយរឿងមួយនេះមកបង្អាក់ការងារសិល្បៈរបស់នាងឡើយ ។

នាងបន្តថា សម្រាប់បច្ចុប្បន្ននាងកំពុងរៀបចំ និងគោលដៅជីវិតលើវិថីសិល្បៈនេះជាច្រើន ខណៈពេលការងារសិល្បៈរបស់នាងក៏បានធ្លាក់មកជាបន្តបន្ទាប់ផងដែរ ។ នាងបន្ថែមថា ទីផ្សារសិល្បៈទាំងក្នុងស្រុក និងក្រៅស្រុកគេនាងមានជាហូរហែ ហើយនេះក៏ជាឱកាសធ្វើអោយនាងអាចចូលរួមផ្សព្វផ្សាយពីតម្លៃសិល្បៈខ្មែរយើងលើឆាកអន្តរជាតិផងដែរ ។

យ៉ាងណា បើតាម ស៊ីន យូប៊ីន ភាពជោគជ័យលើវិថីសិល្បៈរបស់នាងនាពេលនេះ គឺមិនមែនជាការបញ្ចប់នោះឡើយ ពោលវាគ្រាន់តែជាការចាប់ផ្តើមមួយផ្នែកនៃជីវិតរបស់នាងប៉ុណ្ណោះ ក្នុងពេលដែលនាងនឹងខិតខំប្រឹងបន្ថែមទៀត ដើម្បីសម្រេចគោលដៅជីវិតនៅលើវិថីមួយនេះ ។
នាងបញ្ជាក់ថា សម្រាប់ឆ្នាំថ្មីនេះផងដែរ នាងក៏នឹងមានអ្វីថ្មីៗបន្ថែមទៀតសម្រាប់ប្រិយមិត្តគាំទ្រ ដោយស្នើអោយទស្សនិករងចាំមើលទាំងអស់គ្នា ។

គួរបញ្ជាក់ថា តារាសម្តែងនាង ស៊ីន យូប៊ីន បានបាត់មុខពីសិល្បៈមួយរយៈដោយសារតែនាងបានទៅសាងផ្នួសបួសជាដូនជីស្នាក់នៅក្នុងវត្តលើភ្នំមួយកន្លែង ដែលគ្មានសូម្បីតែសេវាទូរសព្ទសម្រាប់ទំនាក់ទំនង។
សម្រាប់ការបួសនេះ ត្រូវបានតារាស្រីរូបនេះលើកឡើងថា មែនទែនទៅនាងតែងតែបួសរៀនធម៌រាល់ឆ្នាំ តែដោយសារឆ្នាំនេះនាងចំណាយពេលរៀនយូរជាមុនបន្តិច ទើបធ្វើឱ្យបាត់មួយពីសិល្បៈរហូតធ្វើឱ្យហ្វេនៗកើតជាចម្ងល់ ៕



ចែករំលែកព័តមាននេះ