ទីក្រុងបាងកក៖ កាលពីមុន, អាជ្ញាធរភូមាចាប់ទូកនេសាទថៃ និងឃុំឃាំងអ្នកនេសាទជនជាតិថៃក្រោមហេតុផលថាពួកគេបើកទូកចូលទៅក្នុងដែនទឹកភូមាដោយខុសច្បាប់។ ឥឡូវនេះ ដល់វេនប្រទេសថៃចាត់ការទៅលើភូមាវិញម្ដង។ ថ្មីៗនេះ អាជ្ញាធរថៃចាប់ខ្លួនអ្នកនេសាទភូមា១ចំនួន និងប្ដឹងពួកគេទៅតុលាការពីបទបើកទូកចូលដែនសមុទ្រថៃដោយខុសច្បាប់។

ហេតុការណ៍នេះកើតឡើងនៅខេត្តរ៉ាក់ណង ប្រទេសថៃ។ អាជ្ញាធរថៃចុហទៅរឹបអូសទូកនេសាទភូមា២គ្រឿងបន្ទាប់ពីពួកគេទទួលដំណឹងថាទូកទាំងនេះបើកចូលដែនសមុទ្រថៃនៅភាគនិរតីកោះខាងខាវ (Khang Khao) ខេត្តរ៉ាក់ណង(Ranong)។ ថៃបញ្ជូននាវាចម្បាំង២គ្រឿងរបស់កងទ័ពជើងទឹកដើម្បីអមដំណើរទូកនេសាទដែលចាប់បាននោះយកទៅកំពង់ផែទឹកជ្រៅ។

អាជ្ញាធរអះអាងថានៅលើទូកនេសាទទាំង២គ្រឿងនោះ គេរកឃើញជនជាតិភូមា៧នាក់។ ពួកគេត្រូវបានឆែកឆេរនៅលើដងខ្លួន និងរឹបអូសទូរស័ព្ទដៃ។ អ្នកបើកទូកនេសាទ១គ្រឿងគ្មានលិខិតអនុញ្ញាតឱ្យធ្វើចរាចរនៅលើផ្ទៃសមុទ្រទេ។ ចំណែកទូកនេសាទរបស់គាត់ក៏មិនបានដោតទង់ជាតិប្រទេសណាដែរ។ តាមរយៈការចុះឆែកឆេរនេះ អាជ្ញាធរថៃមិនបានរកឃើញឧបករណ៍នេសាទនៅលើទូកទាំងនេះទេ។ ដូច្នេះធ្វើឱ្យគេសង្ស័យថាទូកនេះអាចនឹងប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស។

ចំណែកទូកនេសាទមួយគ្រឿងទៀតជាប្រភេទទូកប្រើម៉ាស៊ីនបីដឹកប្រេងម៉ាស៊ូតគេចពន្ធចំនួន៨ធុង។ ក្នុង១ធុងៗចំណុះ២០០លីត្រ។ អាជ្ញាធរចោទប្រកាន់ទៅលើអ្នកនេសាទទាំងនេះចំនួន៥ករណី។ នៅក្នុងចំណោមនោះក៏មានការចោទប្រកាន់ពីបទបើកទូកចូលដែនសមុទ្រថៃដោយគ្មានការអនុញ្ញាត, ទូកនេសាទមិនបានចុះបញ្ជីត្រឹមត្រូវ និងការរត់ពន្ធប្រេងម៉ាស៊ូត។

បញ្ហាមិនទាន់បិទបញ្ចប់ត្រឹមនេះទេ។ អាជ្ញាធរនៅតែបន្តស៊ើបអង្កេតសំណុំរឿងនេះយ៉ាងក្ដៅគគុក។ សូមរំលឹកថាកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ទូកល្បាតមួយគ្រឿងរបស់ទាហានជើងទឹកភូមាបានបើកការបាញ់ប្រហារដ៏សន្ធាប់១ប្រាវទៅលើទូកនេសាទររបស់ថៃដែលបើកនៅលើផ្ទៃសមុទ្រខេត្តរ៉ាក់ណង។ នៅពេលនោះ អ្នកនេសាទម្នាក់លោតចុះទៅក្នុងទឹកដើម្បីកុំឱ្យគេចាប់ខ្លួន។ គាត់ក៏បានលង់ទឹកស្លាប់ទៅ។

ក្រៅពីនេះ អ្នកនេសាទ៣១នាក់ត្រូវអាជ្ញាធរភូមាចាប់ខ្លួនយកទៅឃុំឃាំង។ នៅក្នុងចំណោមនោះ ២៧នាក់ជាជនជាតិភូមា និង៤នាក់ជាជនជាតិថៃ។ រហូតដល់ខែកុម្ភៈនេះ ភូមាមិនទាន់ដោះលែងនៅឡើយទេ។ ក្រសួងការបរទេសថៃថ្លែងថាអាជ្ញាធររបស់ខ្លួននៅតែបន្តការចរចាគ្នាជាមួយភូមាដើម្បីស្នើសុំឱ្យដោះលែងជនជាតិថៃទាំងនោះ។ ពួកគេកំពុងជាប់ឃុំនៅក្នុងពន្ធនាគារភូមាដែលស្ថិតនៅទីក្រុងខាវថោង (Kawthaung) ជាប់នឹងព្រំដែនប្រទេសថៃតែម្ដង៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ