លោកតា ហ្វុយហ្ស៊ូ ប្រាប់មូលហេតុផ្អាកចិញ្ចឹម និងបណ្តុះបណ្តាលសិល្បៈដល់ក្មេងកំព្រា
រាជធានីភ្នំពេញ ៖ តារាសម្តែង និងកំប្លែងជើងចាស់តាំងពីទស្សវត្សន៍ឆ្នាំ៩០ លោក ស៊ូ សាវាង ហៅលោកតា ហ្វុយ ហ្ស៊ូ…
រាជធានីភ្នំពេញ ៖ តារាសម្តែង និងកំប្លែងជើងចាស់តាំងពីទស្សវត្សន៍ឆ្នាំ៩០ លោក ស៊ូ សាវាង ហៅលោកតា ហ្វុយ ហ្ស៊ូ…
រាជធានីភ្នំពេញ ៖ តារាសម្តែង និងកំប្លែងជើងចាស់តាំងពីទស្សវត្សន៍ឆ្នាំ៩០ លោក ស៊ូ សាវាង ហៅលោកតា ហ្វុយ ហ្ស៊ូ បានសម្រេចផ្អាកទទួលចិញ្ចឹម និងបណ្តុះបណ្តាលសិល្បះដល់ក្មេងកំព្រាក្នុងបន្ទុក ខណះពេលដែលលោកកាន់តែចាស់ជរា រួមទាំងមានជំងឺប្រចាំកាយផងនោះ ។
កូនប្រុសរបស់តារាជើងចាស់រូបនេះលោក ឡុង វណ្ណៈ បានអះអាងប្រាប់កោះសន្តិភាពថា ឪពុកលោកបានផ្អាកចិញ្ចឹមក្មេងកំព្រាក្នុងបន្ទុកទៀតហើយ ដោយមានក្មេងៗដែលធ្លាប់នៅជាមួយឪពុកលោកប្រមាណ៣ទៅ៤នាក់ដែល ធ្លាប់បណ្តុះបណ្តាលនោះបានងាកមកបង្ហាត់បង្រៀនបន្តពីលោកនៅក្នុងសហគមន៍វិញ ។
លោកបន្តថា ឆ្នាំនេះឪពុកលោកបានឈានដល់វ័យ៨២ឆ្នាំហើយ ដោយគាត់ត្រូវតាមដានសុខភាពរៀងរាល់៦ខែម្តង ក្នុងពេលដែលស្ថានភាពឪពុកលោកក៏កាន់តែទ្រុឌទ្រោម មិនរឹងមាំឡើយ ។
លោកបញ្ជាក់ថា កន្លងមកឪពុករបស់លោកធ្លាប់មានជំងឺមហារីកថ្លើម ដោយទទួលបានការព្យាបាលចំនួន៣ដង ដោយការវះកាត់ ហើយការវះកាត់ច្រើនដងនេះហើយបណ្តាអោយឪពុកលោកមានភាពទ្រុឌទ្រោមខ្លាំង ។
លោក ឡុង វណ្ណៈ បានអះអាងបន្ថែមថា ក្នុងរយះពេល៦ខែចុងក្រោយនេះ ឪពុករបស់លោកមិនបានចេញទៅពិនិត្យសុខភាពនៅប្រទេសថៃដូចរាល់ដងឡើយ ដោយសារបញ្ហាជីវភាព ព្រោះការចេញទៅពនិត្យសុខភាពម្តងៗគឺយើងត្រូវចំណាយថវិកាចច្រើនទាំងការពិនិត្យ និងការធ្វើដំណើរ ។
លោកបន្តថា ជាក់ស្តែងនៅក្នុងអំឡុងខែនេះគឺជាពេលវេលាដែលឪពុកលោកត្រូវទៅពិនិត្យសុខភាព ប៉ុន្តែដោយសារបញ្ហាថវិកាទើបក្រុមគ្រួសារកំពុងស្វែងរកមន្ទីរពេទ្យក្នុងស្រុកណាមួយដែលល្អ ហើយទើបយើងនឹងស្នើសុំពីថ្នាក់ដឹកនាំគាត់ឲ្យជួយសម្រួលក្នុងកញ្ចប់ថវិកាតាមលទ្ធភាព ព្រោះកន្លងមកឪពុកលោកក៏ធ្លាប់មានការជួយពីថ្នាក់ដឹកនាំដែរ ។
ដោយឡែកពាក់ព័ន្ធការបណ្តុះបណ្តាលសិល្បះវិញលោក ឡុង វណ្ណៈ បានបញ្ជាក់ថា ឪពុកលោកក៏នៅតែអាចជួយខ្លះៗដែរ នៅពេលដែលសុខភាពរាងគ្រាន់បើ ដោយឪពុកលោកចាំជួយប្រាប់ពីលើដល់សិស្សច្បងដែលបង្រៀងកុមារក្រោយៗ ប៉ុន្តែការជួយនេះក៏មិនបានពេញលេញដូចមុនឡើយ ។
លោកបន្ថែមថា គាត់នៅតែគ្រប់គ្រងចាត់ចែងពីលើការបណ្តុះបណ្តាលសិល្បះនេះដដែល បើទោះបីជាឪពុកលោកបានផ្ទេរចំណេះដឹងនេះទៅសិស្សជំនិតគាត់ក៏ដោយ ប៉ុន្តែបើនៅមានចំណុចខ្វះខាតគឺគាត់នៅតែបំពេញបន្ថែមដដែល ។
បើតាមលោក ឡុង វណ្ណៈ ក្លឹបបណ្តុះបណ្តាលសិល្បះរបស់ឪពុកលោកគឺបានបណ្តុះបណ្តាលសិស្សបាន៥ទៅ៦ជំនាន់ហើយ ដោយក្នុងមួយជំនាន់មានរយះពេល៣ទៅ៥ឆ្នាំ ខណះពេលការបណ្តុះបណ្តាលនេះគឺផ្តោតទៅលើការសម្តែង ល្ខោនបាសាក់ ល្ខោននិយាយ ចម្រៀង និងរបាំបុរាណខ្មែរ ។
លោកបញ្ជាក់ថា ក្លឹបណ្តុះបណ្តាលសិល្បះរបស់ឪពុកលោកបានបើកដំណើរការតាំងពីឆ្នាំ១៩៩៩ ដោយគិតមកទល់នាពេលនេះមានរយះពេលប្រមាណជាង២០ឆ្នាំហើយ ខណៈពេលកូនសិស្សដែលទទួលបានការបណ្តុះបណ្តាលបានចេញសម្តែងជាបន្តបន្ទាប់ ៕
ចែករំលែកព័តមាននេះ