ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​អង្គរ ត្រូវ​បាន​ទទួលស្គាល​ថា «​ជា​តំបន់​បេតិកភណ្ឌ​មានជីវិត​»

4 ខែ មុន
  • ភ្នំពេញ

អ្នកជំនាញ​ខាង​អភិរក្ស​ប្រាសាទបុរាណ​កម្ពុជា បាន​អះអាង​ថា តំបន់​រមណីយដ្ឋាន​អង្គរ គឺជា​បេតិក​ភណ្ឌ​ពិភពលោក ដែល​ផ្ទៃក្រឡា​ធំ​ជាងគេ និង​មាន​ប្រជាជន​រស់នៅ​ច្រើន​ជាងគេ និង​បាន​ប្រសិទ្ធ​នាម​ថា ជា​តំបន់​បេតិកភណ្ឌ​មានជីវិត ព្រោះ​មានការ​រស់នៅ​ប្រជាពលរដ្ឋ និង​បាន​ថែរក្សា​ជំនឿ…

អ្នកជំនាញ​ខាង​អភិរក្ស​ប្រាសាទបុរាណ​កម្ពុជា បាន​អះអាង​ថា តំបន់​រមណីយដ្ឋាន​អង្គរ គឺជា​បេតិក​ភណ្ឌ​ពិភពលោក ដែល​ផ្ទៃក្រឡា​ធំ​ជាងគេ និង​មាន​ប្រជាជន​រស់នៅ​ច្រើន​ជាងគេ និង​បាន​ប្រសិទ្ធ​នាម​ថា ជា​តំបន់​បេតិកភណ្ឌ​មានជីវិត ព្រោះ​មានការ​រស់នៅ​ប្រជាពលរដ្ឋ និង​បាន​ថែរក្សា​ជំនឿ ប្រពៃណី ទំនៀមទំលាប់​របស់​ពួក​គេ​ជាមួយនឹង​ប្រាសាទ ។

ការ​អះអាង​នេះ គឺ​បាន​ធ្វើ​ឡើង​ដោយ​អ្នកជំនាញ​កម្ពុជា បន្ទាប់​ពី​វិល​ត្រឡប់​មក​ពី​កិច្ចប្រជុំ​លើក​ទី​៤៦ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ដែល​បាន​រៀបចំ​នៅ​ទីក្រុង​ញូ​ដេ​លី សាធារណរដ្ឋ​ឥណ្ឌា កាលពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៤​។

លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក គឺជា​យន្តការ​ដែល​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ដើម្បី​ពិនិត្យ​តាមដាន​ការ​អនុវត្ត​ការងារ​អភិរក្ស និង​អភិវឌ្ឍ​រមណីយដ្ឋាន​បេតិកភណ្ឌ​របស់​ប្រទេស​សមាជិក និង​ដើម្បី​ធ្វើការ​ពិនិត្យ​វាយតម្លៃ​លើ​សំណើ​របស់​ប្រទេស​នានា ដែល​បាន​ស្នើ​សុំ​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​ថ្មី​ៗ​ផង​ដែរ​។

យោង​តាម​សេចក្តីសម្រេច​នៃ​កិច្ចប្រជុំ​នៅ​ទីក្រុង​ញូ​ដេ​លី ប្រទេស​កម្ពុជា បាន​គោរព​អនុវត្ត​ត្រឹមត្រូវ​តាម​បទដ្ឋាន​គតិ​យុ​ត្ត​នានា​ជា​អន្តរជាតិ និង​អនុវត្ត​តាម​លក្ខខណ្ឌ​តម្រូវ​នានា​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ផង​ដែរ​។

លោក​បាន​បន្ត​ថា នៅ​ក្នុង​កិច្ចប្រជុំ​នោះ លោកស្រី អូ​ដ្រេ អា​ហ្សូ​ឡៃ (Audrey Azoulay) អគ្គ​នាយិកា​អង្គការ​យូ​ណេ​ស្កូ បាន​លើក​ឡើង​ថា យន្តការ​អនុវត្ត​របស់​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិរក្ស​តំបន់​អង្គរ គឺជា​យន្តការ​គំរូ​មួយ​សម្រាប់​កិច្ច​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក ដែល​មក​ដល់​ពេល​នេះ យន្តការ ICC Angkor មាន​អាយុកាល​៣០​ឆ្នាំ និង​បាន​បន្ត​រយៈពេល​១០​ឆ្នាំទៅ​មុខ​ទៀត​។

តំបន់​រមណីយដ្ឋាន​អង្គរ គឺជា​បេតិកភណ្ឌ​ពិភពលោក ដែល​ផ្ទៃក្រឡា​ប្រមាណ​ជា ៤០០ គីឡូ​ម៉ែត្រការ៉េ មាន​ប្រាសាទបុរាណ ដែល​សាងសង់​នៅ​ចន្លោះ​សតវត្សរ៍​ទី​៩ ដល់​១៣ ដែល​មាន​ប្រមាណ​ជា​ជាង​៩០​ប្រាសាទ​។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ