ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លែងមិនចេញ! ប្តីដឹងថាប្រពន្ធខ្លួនគឺជាមនុស្សប្រុស ក្រោយរៀបការបាន១២ថ្ងៃ

6 ខែ មុន

ប្រទេសឥណ្ឌូនេស៊ី ៖ បុរសជនជាតិឥណ្ឌូនេស៊ីអាយុ២៦ឆ្នាំម្នាក់ ជួបប្រទះរឿងដ៏ភ្ញាក់ផ្អើល និងហួស

ប្រទេសឥណ្ឌូនេស៊ី ៖ បុរសជនជាតិឥណ្ឌូនេស៊ីអាយុ២៦ឆ្នាំម្នាក់ ជួបប្រទះរឿងដ៏ភ្ញាក់ផ្អើល និងហួសចិត្តជាទីបំផុតរកពាក្យថ្លែងមិនចេញ ក្រោយដឹងថា ប្រពន្ធខ្លួនគឺជាមនុស្សប្រុសសោះ បន្ទាប់ពីរៀបការបានរយៈពេល១២ថ្ងៃ។

យោងតាមប្រភពពីសារព័ត៌មានហុងកុង South China Morning Post ក៏ដូចជា The Sun របស់ចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ការលាតត្រដាងឱ្យដឹងការពិតនេះ បានផ្ទុះឡើងខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមនៅក្នុងប្រទេសចិន ជុំវិញរឿងរ៉ាវគូស្នេហ៍១គូ ដែលទាក់ទងគា្នអស់ពេល១ឆ្នាំ មុនសម្រេចចិត្តដឹកដៃគ្នាចូលរោងការ កាលពីខែមេសាកន្លងទៅ ជាមួយលទ្ធផលដ៏សែនខកចិត្តនៅទីបញ្ចប់។

បុរសជាប្តី ដែលត្រូវប្រព័ន្ធផ្សព្វផ្សាយប្រើប្រាស់ឈ្មោះកាត់ថា AK មកពី Naringgul ដែលជាតំបន់មួយនៅកោះជ្វា (Java) ប្រទេសឥណ្ឌូនេស៊ី បានណាត់ជួបនារីម្នាក់មានឈ្មោះថា Adinda Kanza អាយុ ២៦ឆ្នាំ ដែលស្គាល់គ្នាតាមរយៈបណ្តាញសង្គមនៅក្នុងឆ្នាំ ២០២៣។ បន្ទាប់ពីផ្តោះផ្តងបង្កើតបានពន្លកស្នេហ៍រួចមក អ្នកទាំងពីរក៏បានរៀបចំពេលណាត់ជួបគ្នាផ្ទាល់តែម្តង។ AK បាននិយាយថា Kanza តែងតែស្លៀកសំលៀកបំពាក់ប្រពៃណីមូស្លីម Niqab ដែលគ្របមុខនាងនៅពេលជួបគ្នា។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ដោយក្តីស្រឡាញ់ពេញចិត្ត ការស្លៀកពាក់បែបនេះ មិនបានប៉ះពាល់ ឬរំខានដល់អារម្មណ៍ AK ម្តងណាឡើយ ដោយរូបគេចាត់ទុកថា នេះជាការលះបង់របស់ Kanza ចំពោះសាសនាអ៊ីស្លាម។

ប្រភពដដែលបន្តថា ខណៈអ្នកទាំងពីរមានគម្រោងរៀបការនោះ ស្រាប់តែ Kanza បានប្រាប់ថា នាងគ្មានក្រុមគ្រួសារចូលរួមពិធីមង្គលការនោះទេ ដោយនាំឱ្យអ្នកទាំងពីរសម្រេចជ្រើសរើសយកការរៀបចំពិធីសមរម្យមួយនៅគេហដ្ឋានខាងប្រុស នៅថ្ងៃទី ១២ ខែមេសា កន្លងទៅ ប៉ុន្តែគូស្នេហ៍១គូនេះ មិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាផ្លូវការនោះទេ។

យ៉ាងណាមិញ ត្រឹមតែ១២ថ្ងៃបន្ទាប់ពីរៀបការរួច ការសង្ស័យក៏បានកើតឡើងនៅពេលដែល AK សង្កេតឃើញថា Kanza បដិសេធការប្រាស្រ័យទាក់ទងជាមួយនឹងគ្រួសារខ្លួន ហើយបន្តពាក់ស្បៃគ្រប់មុខនៅក្នុងផ្ទះ។ លើសពីនេះទៀត Kanza តែងតែរកលេសនេះលេសនោះ ដើម្បីគេចពីការរួមមេត្រីជាមួយប្ដី ដោយលើកឡើងហេតុផលគ្រប់យ៉ាងតាំងពីការមករដូវ និងមិនស្រួលខ្លួន។

ដោយបន្តអង្កេតបន្ថែមទៀត AK បានតាមដានរកអាសយដ្ឋានគ្រួសារប្រពន្ធ ហើយអ្វីដែលភ្ញាក់ផ្អើលនោះ AK បានរកឃើញថា Kanza មិនមែនជាក្មេងកំព្រាដូចដែលនាងអះអាងនោះទេ ហើយឪពុកម្ដាយនាងសុទ្ធតែនៅរស់។ អ្វីដែលកាន់តែហួសចិត្តនោះ AK តាមដានរហូតបានដឹងថា Kanza គឺជាមនុស្សប្រុសសោះ ដែលប្រព័ន្ធផ្សព្វផ្សាយបានកំណត់ឈ្មោះថា ESH ដោយរូបគេបានក្លែងខ្លួនជាមនុស្សស្រីតាំងពីឆ្នាំ ២០២០ មកម្ល៉េះ។ ឪពុកម្ដាយ ESH អះអាងថា ពួកគាត់មិនធ្លាប់ឮអំពី AK ជាកូនប្រសារពួកគាត់នោះទេ ហើយក៏មិនបានដឹងអំពីទំនាក់ទំនងពួកគេផងដែរ។

គ្រប់យ៉ាងត្រូវបែកការ ហើយ ESH ដែលប្រើឈ្មោះក្លែងក្លាយថា Adinda Kanza ក៏ត្រូវបានចាប់ខ្លួន។ ដោយក្រោយមកបានសារភាពប្រាប់ប៉ូលិសថា ខ្លួនមានបំណងរៀបការជាមួយនឹង AK ដើម្បីលួចទ្រព្យសម្បត្តិគ្រួសាររបស់គេ។ ប៉ូលិសក៏បានកត់សម្គាល់ថា ESH ពិតជាស្រដៀងមនុស្សស្រីខ្លាំងណាស់ ជាពិសេសនៅពេលដែលគេស្លៀកពាក់តុបតែងមុខ ហើយសំឡេងគេទៀតសោត ខ្ពស់ក្រលួចស្រដៀងនឹងមនុស្សស្រីថែមទៀតផង។

ប្រភពដដែលបន្ថែមថា ESH ត្រូវបានចាប់ខ្លួន និងឃុំខ្លួន ស្ថិតក្រោមច្បាប់ក្នុងស្រុក ហើយរូបគេប្រឈមមុខនឹងការចោទប្រកាន់ពីការក្លែងបន្លំ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់៤ឆ្នាំ។ ព័ត៌មានដែលត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយឌីជីថលឥណ្ឌូណេស៊ី Detikcom និងបានផ្សាយឡើងវិញនៅក្នុងប្រទេសចិនដោយគេហទំព័រ Red Star News បានធ្វើឱ្យអ្នកតាមដានជាច្រើនមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង។ អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់បានបញ្ចេញ មតិថា ខ្លួនពិតជាអាណិតអាសូរដល់ AK យ៉ាងខ្លាំង ដោយមានជីវភាពក្រីក្រហើយ ថែមទាំងប្រឈមមុខការឈឺចាប់ ដោយការបោកប្រាស់ទំនាក់ទំនងស្នេហារយៈពេលជាង១ឆ្នាំ រួមទាំងការរលាយពិធីមង្គលការ និងលុយកាក់ថែមទៀតផង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ