រាជធានីភ្នំពេញ ៖ អ្នកនាង ខាត់ សុឃីម បានទទូចស្នើឲ្យលុបបំបាត់ទម្លាប់របស់ម្ចាស់ដើមការមួយចំនួនដែលយកភ្លេងសម័យមកលេងទទួលភ្ញៀវ សម្រាប់ទទួលអាហារពេលព្រឹក ក្នុងពេលដែលអ្នកនាងចាត់ទុកការធ្វើបែបនេះជារឿងអត់ប្រយោជន៍ និងខុសឆ្គងថែមទៀតផង ។

ការទទូចរបស់តារាពហុជំនាញរូបនេះធ្វើឡើង បន្ទាប់នាងបានឃើញលិខិតមួយដែលតំណាងឲ្យវង់តន្ត្រីសម័យក្នុងខេត្តកំពត ដែលបានដាក់ជូនមន្ទីរសិល្បះវប្បធម៌ខេត្ត នៅក្នុងការស្នើសុំឲ្យបិតការជួលតន្ត្រីសម័យទៅប្រគុំក្នុងកម្មវិធីហែជំនូនពេលព្រឹក ឬទទួលបបរសម្រាប់ភ្ញៀវពេលព្រឹក ដែលនាំឲ្យខុសពីទំនៀមទម្លាប់ និងប្រពៃណីរបស់ខ្មែរ ។

ជាមួយការភ្ជាប់នូវលិខិតខាងលើអ្នកនាង ខាត់ សុឃីម ក៏បានបញ្ចេញជាទស្សនៈផ្ទាល់ខ្លួនតាមរយះសំណេរបង្ហោះលើបណ្តាញសង្គមថា រឿងលេងភ្លេងសម័យទទួលបបរព្រឹកនេះ គឺអត់ប្រយោជន៍ហើយខុសទៀត ។

អ្នកនាងបានលើកឡើងជាហេតុផលមួយចំនួនថា សកម្មភាពនោះវានាំអោយមានគ្រោះថ្នាក់ដល់អ្នកភ្លេង ( ព្រោះបើកឡានទាំងងងុយ ដើម្បីរៀបចំអោយលេងទាន់ ទទួលបបរព្រឹក) ។ អ្នកនាងបន្តថា ការលេងទទួលព្រឹកយ៉ាងច្រើន 5 បទ សំលេងរំខានការរៀបចំកម្មពិធីមង្គលការរបស់លោកអាចារ្យ និយាយស្តាប់គ្នាមិនបាន មិនអោយតម្លៃ អ្នកភ្លេងបុរាណ ខុសទំនៀមទំលាប់ប្រពៃណី ។
អ្នកនាងបញ្ជាក់ថា បើនៅតែបន្តយូរតិចទៀត នឹងបាត់បង់ភ្លេងបុរាណទាំងស្រុង ក្នុងពិធីមង្គលការ ព្រោះ ខ្មែរយើងខ្លះ ជោរតាមគ្នា ថាដាក់ ភ្លេងសម័យទៅឡូយ សប្បាយជាង ។

យ៉ាងណាបើតាមអ្នកនាង ខាត់ សុឃីម ពេលសប្បាយមិនខ្វះទេ ព្រោះល្ងាចទទួលភ្ញៀវ មានពេលច្រើនណាស់ សប្បាយទៅ ខណះពេលអ្នកភ្លេងបុរាណមានពេលតិចណាស់សំរាប់បង្ហាញ ដូច្នោះសូមមេត្តាកុំអោយបាត់បង់ទៀតអី 🙏🙏(តន្ត្រីសម័យខ្ញុំបើជួលគឺមិនទទួលបបរព្រឹកជាដាច់ខាត) ។
ជាការកត់សម្គាល់សម្រាប់ករណីខាងលើនេះមិនមែនជាលើកទីមួយទេដែលតារាចម្រៀងអ្នកនាង ខាត់ សុឃីម បានអំពាវនាវឲ្យបញ្ឈប់នូវទម្លាប់មួយនេះ ពោលកន្លងមកអ្នកនាងក៏បានធ្វើការអំពាវនាវដូចគ្នាដោយបានបានស្នើដល់ប្រធានវង់តន្ត្រីសម័យនានា សុំបញ្ឈប់ការទទួលលេងពេលព្រឹកនៅក្នុងពិធីការ ដើម្បីចៀសវាងការជួបបញ្ហា និងហានិភ័យនានា ។

អ្នកនាង ខាត់ សុឃីម បានលើកឡើងថា ជីវិតរស់ ១ថ្ងៃណាក៏ដើម្បីគេដែរមិនដែលគិតពីសុខទុក្ខខ្លួនឯងទេ ខ្ញុំជឿថា បើយើងសិល្បៈធ្វើរឿង១នេះបាន គឺដើម្បីខ្លួនយើងខ្លះហើយ។ អ្នកនាងបញ្ជាក់ថា ខ្ញុំជាមេ អាហ្វែម្នាក់ដែរ ខ្ញុំមិនដែលទទួលបបរព្រឹកទេ គេមិនជួលហីទៅ វាគ្មានទៅពីរោះ អា១បទ២បទនឹងទេ ខូចទាំងប្រពៃណីទៀត សូមបងៗដែលជាមេអាហ្វែ គិតអាណិតខ្លួនឯង និងសិល្បៈផង ៕


ចែករំលែកព័តមាននេះ