ថ្មីនេះក្រុមយុវជនដំណើរខ្មែរបានផ្តួចផ្តើមរៀបចំពិធីបង្សុកូល និងស្រាវជ្រាវរឿងរ៉ាវខ្លះនៃការទទួលមរណភាពរបស់តារាភាពយន្ត កាលពីសង្គម សោម វណ្ណសូដានី ដោយសារការសម្លា.ប់យ៉ាងឃោរឃៅពីពួកខ្មែរក្រហម ។
ក្នុងចម្ងាយផ្លូវ១៣៣គីឡូម៉ែត្រ ក្រុមដំណើរខ្មែរបានធ្វើដំណើរអស់រយៈពេលជាង៣ម៉ោងទើបទៅដល់ទីកន្លែង ។ ក្រុមការងារយើងមួយក្រុមរៀបចំទេយ្យទាន និងសម្ភារៈផ្សេងៗចូលក្នុងកុដិព្រះចៅអធិការវត្ត ឯក្រុមការងារមួយក្រុមទៀត បានចុះសួរព័ត៌មានបន្ថែមពីអ្នកភូមិចាស់ៗជុំវិញរឿងរ៉ាវផ្សេងៗក្នុងសម័យប្រល័យពូជសាសន៍ខ្មែរក្រហម ។

យោងតាមការរៀបរាប់ពីអ្នកភូមិចាស់ៗប្រាប់ក្រុមដំណើរខ្មែរអោយដឹងថា នៅចំហៀង និងខាងក្រោយវត្តប្រឡាយនេះពីមុនមានទីវាលធំល្វឹងល្វើយមានព្រៃឬស្សីក្រាស់ខ្មឹកព័ទ្ធជុំវិញ ជាកន្លែងដែលកងឈ្លកខ្មែរក្រហមយកសម្លា.ប់ប្រជាជនមកសម្លា.ប់ ។ ទីនេះសុទ្ធតែជារណ្តៅសាកសព ប្រជាជនរងគ្រោះជាច្រើនរាប់មិនអស់ ហើយគេបានដឹងថា ក៏មានសាកស.ពតារាភាពយន្ត សោម វណ្ណស៊ូដានីម្នាក់ដែរ ។
ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ អ្នកភូមិនាំគ្នាមកគាស់រណ្តៅសាកស.ពទាំងនោះជញ្ជូនយកអដ្ឋិធាតុចេញពីរណ្តៅសាកស.ព មកដាក់នៅចេតិយ៍ក្នុងវត្តវិញ ដើម្បីធ្វើបុណ្យបង្សូកូលតាមគន្លងព្រះពុទ្ធសាសនា និងងាយស្រួលដល់ញាតិមិត្តបងប្អូនរបស់ជនរងគ្រោះទាំងនោះអាចមកធ្វើពិធីបុណ្យនានាបាន ។

ក្រោយពីរៀបចំទេយ្យទាន និងសម្ភារៈផ្សេងៗរួច កម្មវិធីមនស្ការសមាទានសីល៍ និងកិច្ចបង្សុកូលក៏បានចាប់ផ្តើមជាបន្តបន្ទាប់តាមលំដាប់លំដោយ។ យ៉ាងណាតាងនាមក្រុមដំណើរខ្មែរដែលមានវីរៈ វ៉ារ៉ានី ជាប្រធានដឹកនាំក្រុមក៏ដូចជា ប្រធានផ្តើមបុណ្យ សូមកងការមហាកុសលដែលបានប្រារព្ធកម្មវិធីនេះ សូមបួងសួងកងការមហាកុសលឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធតារាភាពយន្ត សោម វណ្ណស៊ូដានី នាមក្រៅហៅ វណ្ណស៊ុក ។

សូមគុណបុណ្យព្រះរតនៈត្រៃ គុណកែវទាំងបី ព្រះពុទ្ធព្រះធម៌ព្រះសង្ឃ ជួយនាំដួងវិញ្ញាណក្ខន្ធរបស់តារាភាពយន្ត សោម វណ្ណស៊ូដានី រួចផុតពីទុក្ខសោកទាំងឡាយទាំងពួង រួចចាកពីទីនេះបានទៅយោងយកកំណើតថ្មី នាបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
ក្នុងពិធីបុណ្យនេះដែរ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកទេសរដ្ឋមន្ត្រី ប៉ែន វិបុល រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលបានចូលរួមជាបច្ច័យក្នុងកម្មវិធីបុណ្យនេះផងដែរ៕
ចែករំលែកព័តមាននេះ