ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈិន ឡុង បញ្ជាក់ពីស្ថានភាពបច្ចុប្បន្នសាជាថ្មីទៅកាន់អ្នកគាំទ្រ ដែលកំពុងបារម្ភខ្លាំង

2 អាទិត្យ មុន

ហុងកុង ៖ យោងតាមប្រភពពី Sky News ក៏ដូចជា New York Post កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ​

ហុងកុង ៖ យោងតាមប្រភពពី Sky News ក៏ដូចជា New York Post កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ​២០២៤ បានចេញផ្សាយថា កំពូលតារាសម្ដែងហុងកុង លោក Jackie Chan ដែលប្រជាជនកម្ពុជាស្គាល់យ៉ាងច្បាស់ថា ឈិន ឡុង កាលពីពេលថ្មីៗនេះ បានចេញមកបញ្ជាក់អំពីសុខភាពបច្ចុប្បន្នរបស់ខ្លួន ទៅកាន់អ្នកគាំទ្រជាថ្មីម្ដងទៀត បន្ទាប់ពីអ្នកគាំទ្រនៅតែបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីរូបរាងចាស់ទ្រុឌទ្រោមរបស់លោក នៅក្នុងរូបថតដែលបានចេញផ្សាយកាលពីដើមឆ្នាំនេះ។

ប្រភពដដែលបន្តថា តារាសម្ដែងក្បាច់គុន និងឈុតឆាកវាយប្រហារដ៏រន្ធត់ លាយឡំនឹងភាពក្រមិចក្រមើមដ៏ល្បីទូទាំងពិភពលោករូបនេះ ដែលបច្ចុប្បន្នឈានដល់វ័យ៧០ឆ្នាំទៅហើយនោះ ត្រូវបានថតជាប់ជាមួយរូបរាងចាស់ទ្រុឌទ្រោម សក់ស្កូវខ្លាំង ដែលធ្វើឱ្យអ្នកគាំទ្រមានការលើកឡើងអំពីបញ្ហាសុខភាពរបស់គាត់។

ទោះយ៉ាងណា ក្ដីកង្វល់អ្នកគាំទ្របានរំសាយទៅវិញ បន្ទាប់ពីលោក Jackie Chan បានចែករំលែកបណ្ដុះរូបភាពច្រើនសន្លឹកបង្ហាញពីអាជីព នៅក្នុងការប្រារព្ធខួបគម្រប់អាយុ៧០ឆ្នាំ កាលពីដើមសប្តាហ៍នេះ។ លោកបានបញ្ជាក់ថា ការបង្ហាញខ្លួននៅក្នុងរូបរាងចាស់ទ្រុឌទ្រោមនៅដើមឆ្នាំនេះ ដែលអ្នកគាំទ្របានឃើញ គឺគ្រាន់តែជាផ្នែកមួយ ឬការតុបតែងសម្រាប់ការសម្ដែងភាពយន្តតែប៉ុណ្ណោះ។

លោកបានប្រាប់អ្នកគាំទ្រប្រមាណ៦.២លាននាក់លើបណ្ដាញសង្គម Instagram ថា «មិត្តភក្តិជាច្រើនបានឃើញរូបថតថ្មីៗរបស់ខ្ញុំលើអ៊ីនធឺណិត ហើយពួកគេព្រួយបារម្ភអំពីសុខភាពរបស់ខ្ញុំ។ ខ្ញុំចង់ឆ្លៀតឱកាសនេះប្រាប់អ្នកទាំងអស់គ្នា កុំបារម្ភអី វាគ្រាន់តែជារូបរាងតួអង្គសម្រាប់រឿងចុងក្រោយរបស់ខ្ញុំតែប៉ុណ្ណោះ ដោយតម្រូវឱ្យខ្ញុំសក់ស្កូវ ពុកចង្ការ និងមើលទៅចាស់។ ប៉ុន្មានឆ្នាំមកនេះ ខ្ញុំតែងតែមានឆន្ទៈក្នុងការរកអ្វីថ្មីសម្រាប់ខ្សែភាពយន្តមួយ មិនថាវាជារឿងដ៏លំបាក ឬការលេចចេញជារូបរាងសម្រាប់តួអង្គណាមួយនោះទេ»។

សូមជម្រាបថា លោក Jackie Chan បានសម្ដែងក្នុងខ្សែភាពយន្តសិល្បៈក្បាច់គុនជាង៣០រឿង នៅក្នុងទីក្រុងហុងកុងទឹកដីកំណើតរបស់គាត់ មុនពេលទទួលបានភាពល្បីល្បាញទូទាំងពិភពលោក នៅក្នុងរឿង Rumble In The Bronx ឆ្នាំ ១៩៩៥។ គាត់បានបន្តសម្ដែងក្នុងរឿងហូលីវូដជាច្រើនផ្សេងទៀតផងដែរ រួមទាំងរឿង Rush Hour trilogy, Shanghai Noon, Shanghai Knights, Around The World In 80 Days និងជាច្រើនផ្សេងទៀតផងដែរ។

លោក Jackie Chan ដែលឈ្នះពានរង្វាន់ជាច្រើននៅក្នុងវិស័យភាពយន្ត ព្រមទាំងពានរង្វាន់កំពូលអូស្ការ កាលពីឆាំ្ន ២០១៦ ផងនោះ នៅមិនទាន់ផ្តល់ព័ត៌មានលម្អិតណាមួយថា តើរូបរាងចាស់ទ្រុឌទ្រោមរបស់លោក តម្រូវសម្រាប់ភាពយន្តណានៅឡើយនោះទេ?

កាលពីខែវិច្ឆិកា ឆ្នាំមុន ក៏មានការប្រកាសដ៏ភ្ញាក់ផ្អើលថា លោក Jackie Chan នឹងត្រឡប់មកសម្ដែងតួអង្គរបស់គាត់ជាលោក Han ជាថ្មីម្ដងទៀត នៅក្នុងការថតឡើងវិញនូវខ្សែភាពយន្ត «The Karate Kid» នាពេលខាងមុខ ប៉ុន្តែព័ត៌មានលម្អិត និងតួសម្ដែងជាច្រើនត្រូវបានរក្សាសម្ងាត់នៅឡើយ ខណៈដែលខ្សែភាពយន្តនេះ គ្រោងនឹងចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៤៕ (ប្រភព ៖ Sky News និង New York Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ