រាជធានីភ្នំពេញ ៖ ខ្សែភាពយន្តភាគខ្មែរថ្មីពីររឿង គឺរឿង «កូនក្រមុំកែមុខ» ដែលសម្តែងដោយ លោក វ៉ាន់ ដេវីដ និងកញ្ញា យ៉ា សុផាន់ម៉ៃ និងរឿង «អន្ទាក់ស្នេហ៍ក្នុងកុងត្រា» សម្តែងដោយ លោក ខេ ស៊ីញ និងកញ្ញា ជី ហ្ស័ង គ្រោងនឹងចាក់ផ្សាយនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះនៅលើកញ្ចក់នៃស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ ។
ទាក់ទងទៅនឹងខ្សែភាពយន្តភាគខ្មែរថ្មីទាំងពីររឿងនេះដែរ លោកស្រី ប៊ុន ចាន់និមល នាយកប្រតិបត្តិក្រុមហ៊ុន Sastra Film បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៤ មកនេះថា ភាពយន្តខ្មែរកាន់តែរីកចម្រើន ព្រោះនាពេលបច្ចុប្បន្នឃើញថា បងប្អូនមហាជនបានគាំទ្រច្រើន ។ លោកស្រីបន្ថែមថា យើងដឹងពីរសជាតិដែលប្រិយមិត្តទស្សនិកជនចង់បាន ហើយយើងក៏មានរូបមន្តច្បាស់លាស់ក្នុងការផលិតនូវភាពយន្តមួយៗ ដោយកាលពីកន្លងទៅក្នុងមួយឆ្នាំផលិតបានប្រមាណជា ១០០ ភាពយន្តភាគ ។
នៅពេលមានការចោទសួរថា តើមានគន្លឹះ ឬទិចនិកបែបណា ក្នុងការផលិតភាពយន្តឱ្យទទួលបានភាពជោគជ័យនោះ ? លោកស្រី ប៊ុន ចាន់និមល បញ្ជាក់ថា ទី ១ គឺក្តីស្រឡាញ់ ពោលធ្វើអ្វីក៏ដោយត្រូវមានក្តីស្រឡាញ់ នោះទើបទទួលបានភាពជោគជ័យ ។ ទី ២ ការជ្រើសរើសធនធានមនុស្សត្រូវ ដោយមានតារាសម្តែងប្រុសសង្ហា តារាស្រីក៏ស្រស់សោភា ហើយក៏មានក្រុមការងារផលិតដែលល្អ យល់ពីការងារមានបទពិសោធន៍គ្រន់គ្រាន់ ជាពិសេសមានរូបមន្តច្បាស់លាស់ក្នុងការផលិតភាពយន្តភាគមួយៗ ដោយវាជាភាពជោគជ័យពិតប្រាកដ មិនមែនចៃដន្យនោះឡើយ ។
ទន្ទឹងនឹងនេះ លោកស្រីបន្តថា ការផលិតភាពយន្តភាគនាពេលបច្ចុប្បន្នចំណាយប្រាក់ខ្ទង់សែនដុល្លារក្នុងមួយរឿង ដោយជ្រើសរើសយកទីតាំងស្អាតៗជាច្រើន សម្រាប់ក្រុមការងារបានផ្តិតយករូបភាពធ្វើយ៉ាងណាឱ្យទទួលបានរសជាតិថ្មីសម្រាប់ទស្សនិកជន ។
សូមបញ្ជាក់ថា ខ្សែភាពយន្តភាគខ្មែរថ្មីរឿង «កូនក្រមុំកែមុខ» និងរឿង «អន្ទាក់ស្នេហ៍ក្នុងកុងត្រា» ដែលសម្តែងដោយតួឯកប្រុសរូបសង្ហា និងតួឯកស្រីរូបស្រស់សោភានោះ នឹងត្រូវចាក់បញ្ចាំងនៅលើកញ្ចាក់ទូរទស្សន៍ MyTV ចាប់ពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ តទៅក្រោមកិច្ចសហការរវាងក្រុមហ៊ុន CBS និងផលិតកម្ម Sastra Film ៕ ដោយ ៖ លីហួ គីមឆាយ
ចែករំលែកព័តមាននេះ