ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​ស្អាត ​ឬ​ទីក្រុង​គ្មាន​សណ្តាបធ្នាប់ បើ​​ប៉ូលិស​​​​គិតតែ​ដើរ​ប្រមូល​លុយ​ពី​អ្នក​លក់ដូរ​​ចឹ​ង?

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ទីក្រុង​បាត់ដំបង​តែង​ទទួល​បាន​ជ័យ​លា​ភី​ស្ទើរ​គ្រប់​វិញ្ញាសារ មិន​ថា​ការ​ប្រ​កូត​ប្រជែង​ថ្នាក់​តំបន់ ថ្នាក់​ជាតិ ឬ​ក្នុង​ប្រទេស​អាស៊ាន​ទាំង​១០​ឡើយ គឺ​ធ្លាប់​ទទួល​បាន​ជ័យ​លា​ភី​ផ្ការំដួល​០៣​ទង ជាប់​ឈ្មោះ​ជាទី​ក្រុង​ស្អាត ហើយ​កាន់តែ​អស្ចារ្យ​ជាង​នេះ គឺ​ទីក្រុង​បុរាណ​មួយ​នេះ…

ខេត្តបាត់ដំបង ៖ ទីក្រុង​បាត់ដំបង​តែង​ទទួល​បាន​ជ័យ​លា​ភី​ស្ទើរ​គ្រប់​វិញ្ញាសារ មិន​ថា​ការ​ប្រ​កូត​ប្រជែង​ថ្នាក់​តំបន់ ថ្នាក់​ជាតិ ឬ​ក្នុង​ប្រទេស​អាស៊ាន​ទាំង​១០​ឡើយ គឺ​ធ្លាប់​ទទួល​បាន​ជ័យ​លា​ភី​ផ្ការំដួល​០៣​ទង ជាប់​ឈ្មោះ​ជាទី​ក្រុង​ស្អាត ហើយ​កាន់តែ​អស្ចារ្យ​ជាង​នេះ គឺ​ទីក្រុង​បុរាណ​មួយ​នេះ ត្រូវ​ដាក់​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី «​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​»​ទៀត​ផង ។

ប៉ុន្តែ​ពេល​នេះ ទីក្រុង​ស្អាត​មួយ​នេះ បែរជា​រង​ការ​រិះគន់​យ៉ាង​ពេញទំហឹង​ពី​ភ្ញៀវ​ទេសចរ​ជាតិ ឬ​អន្តរជាតិថា ជា​«​ទីក្រុង​ដែល​គ្មាន​សណ្តាប់ធ្នាប់​ទៅ​វិញ​» បណ្ដែតបណ្ដោយ​ឲ្យ​មាន​អ្នក​លក់ដូរ​ពាសពេញ​ថ្នល់ ស្ទើរតែ​រក​ផ្លូវ​ឲ្យ​ភ្ញៀវ​ទេសចរ​ដើរ​លេង​កម្សាន្ត ឬ​ដើរ​ទស្សនា​អគារ​បេតិកភណ្ឌ​មិនកើត ។ មន្ត្រី​សណ្តាប់ធ្នាប់​ក្រុង​មិន​គិតគូរ​រៀបចំ​សណ្តាប់ គិតតែ​ពី​នាំ​គ្នា​ដើរ​ប្រមូល​លុយ​ពី​អ្នក​លក់ដូរ​ជា​ថ្នូរ​នឹង​ការ​បិទ​ភ្នែក​បិទ​មាត់ ។

បើ​តាម​ស្ដាប់​មតិ​រិះគន់​នានា​ស្ទើរ​ស្រ​គៀរ​ត្រចៀក​រាល់ថ្ងៃ តំបន់​ដែល​ភ្ញៀវ​ជាតិ ឬ​ភ្ញៀវ​អន្តរជាតិ​តែង​រិះគន់​ខ្លាំង​ជាងគេ គឺ​នៅ​លើ​ដងផ្លូវ​នានា​នៅ​ក្នុង​តំបន់ «​អគារ​បេ​តិក​ភ័​ណ្ឌ​»​។ ដូច​ជួរ​ផ្លូវ​លេខ​១ លេខ​២ និង លេខ​៣ ហើយ​និង​សណ្តាប់ធ្នាប់​ជុំវិញ​ផ្សារ​ធំ​បាត់ដំបង​(​ផ្សារណាត់​) ។ ជា​ពិសេស ការ​លក់ដូរ​គ្មាន​សណ្តាប់ធ្នាប់​នៅ​លើ​ដងផ្លូវ​លេខ​១ ជួរ​មាត់​ស្ទឹង​សង្កែ ដែល​ស្ថិត​ចំ​កណ្ដាល​បេះដូង​ក្រុង​បាត់ដំបង​តែ​ម្ដង ដែល​អាជ្ញាធរ​ក្រុង ហាក់​មិន​អើពើ​សោះ​ចំពោះ​ការ​លក់ដូរ​គ្មាន​យ៉ាង​អ​នា​ធិ​ប
តេ​យ្យ​នេះ ។ ដោយឡែក បើ​និយាយ​ពី​កម្លាំង​នគរបាល​សណ្តាប់ធ្នាប់​នៃ​អធិការ​ក្រុង​បាត់ដំបង​វិញ ត្រូវ​បាន​គេ​លើកយក​មក​និយាយដើម​ពេញ​ៗ​មាត់​ថា មិន​ខ្វល់ខ្វាយ ឬ​ទើសភ្នែក​ពី​រឿង​សណ្តាប់ធ្នាប់​នៅ​កណ្ដាល​ក្រុង​ស្អាត​នៅឡើយ ។

ផ្ទុយ​ទៅ​វិញ មន្ត្រី​សណ្តាប់ធ្នាប់​នេះ គិតតែ​ពី​ដើរ​ប្រមូល​សំណែន​ប្រចាំ​ថ្ងៃ​ពី​តាម​រទេះអូស​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី ឬ រថយន្ត ដែល​មាន​លក់​ផ្លែ​ឈើ ឬ​លក់ដូរ​ចំណីអាហារ​ផ្សេង​ៗ​នៅ​តាម​ដងផ្លូវ ។ កាលពី​ល្ងាច​ថ្ងៃ​ទី​០៥ មីនា ស្ត្រី​ម្នាក់​លក់​ចំណីអាហារ​តាម​រទេះអូស​នៅ​លើ​ជួរ​ផ្លូវ​លេខ​១​បាន​ព្រលយ​ដូច្នេះ​ថា «​ក្នុង​មួយ​ល្ងាច ខ្ញុំ​ត្រូវ​បង់ប្រាក់​ចំនួន​៣០០០​រៀល​ឱ្យ​ប៉ូលិស​សណ្តាប់ធ្នាប់​ក្រុង និង​១០០០​រៀល​ទៀត​បង់​ឱ្យ​ផ្នែក​អនាម័យ​» ។ គាត់​បាន​បញ្ជាក់​ដែរ​ថា «​នៅ​ថ្ងៃ​ខ្លះ ខ្ញុំ​បង់ប្រាក់​ឲ្យ​គេ​រួច​ហើយ ស្រាប់​តែ​បន្តិច​ក្រោយមក បែរជា​មាន​មន្ត្រី​មុខ​ផ្សេង​មក​ដេញ​មិន​ឲ្យ​លក់ បើ​ទោះជា​យើង​តវ៉ា​ក៏​គេ​មិន​ឲ្យ​យើង​លក់​ដែរ​» ។

ស្ត្រី​រូប​នេះ​បាន​បញ្ជាក់​ផង​ដែរ​ថា ប៉ុន្មាន​ខែ​កន្លង​មកនេះ គេ​មិន​ដែល​ដេញ​ទេ ឲ្យ​តែ​បង់ប្រាក់ ដូច្នេះ​ហើយ​ទើប​ពេល​នេះ​មាន​អ្នកលក់​កើនឡើង​នៅ​លើ​ដងផ្លូវ​លេខ​១ ។ បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង បច្ចុប្បន្ន​នៅ​លើ​ជួរ​ផ្លូវ​លេខ​១ ចាប់ពី​ចុងស្ពាន​សម្ដេច​ក្រឡា​ហោ ស ខេ​ង ត្រើយ​ខាងលិច រហូត​ដល់​ខាង​មុខ​ផ្សារណាត់ គេ​សង្កេត​ឃើញ​មាន​អ្នក​លក់ដូរ​ចំណីអាហារ​តាម​រទេះ អ្នកលក់​សម្ភារ​ក្មេង​លេង និង​អ្នកលក់​ផ្លែ​ឈើ​តាម​រថយន្ត បាន​ចត​ត្រៀបត្រា​លើ​ចំណី​ផ្លូវ ។ អ្នកលក់​ខ្លះ​ចំណីអាហារ ខ្លះ​មាន​រៀប​តុ លើ​ដងផ្លូវ​លើ​ចំណី​ផ្លូវ ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត លោក អ៊ុ​ច អ៊ុំ​ភី​នី​ស្សា​រ៉ា បាន​ថ្លែងប្រាប់​កោះសន្តិភាព​ថា លោក​ក៏​តែង​ទទួល​រង​នូវ​ការ​រិះគន់​អំពី​បញ្ហា​សណ្តាប់ធ្នាប់​នេះ​ពី​ភ្ញៀវ​ទេសចរ ។ ហើយ​លោក​ក៏​យល់​ឃើញ​ពី​ភាព​គ្មាន​សណ្តាប់ធ្នាប់​នៅ​តាម​ដងផ្លូវ​នានា​ក្នុង​ក្រុង​បាត់ដំបង​នេះ​ដែរ ដែល​បង្ក​ឡើង​ដោយ​អ្នក​លក់ដូរ ។

លោក ភី​នី​ស្សា​រ៉ា បាន​និយាយ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ អ្នកលក់​ចំណីអាហារ លក់​ផ្លែ​ឈើ​តាម​រថយន្ត និង​អ្នក​លក់ដូរ​ផ្សេង​ៗ​នៅ​លើ​ដងផ្លូវ​ក្នុង​ក្រុង​កាន់តែ​បង្ក​ភាព​រញ៉េរញ៉ៃ គ្មាន​សណ្តាប់ធ្នាប់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កេរ្តិ៍ឈ្មោះ ទីក្រុង​ស្អាត ទីក្រុង​បេ​តិក​ភ័​ណ្ឌ ឬ​កិត្តិ​យល​ខេត្តបាត់​ដំបង ទាំងមូល និង ប៉ះពាល់​ដល់​ដំណើរ​ទេសចរណ៍​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ដែល​ដើរ​កម្សាន្ត ឬ​ដើរ​ទស្សនា​អគារ​បេតិកភណ្ឌ​នៅ​ក្នុង​ក្រុង ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​រូប​នេះ​បាន​កត់​សម្គាល់ថា បើ​ពិនិត្យ​លើ​ទិដ្ឋភាព​គ្មាន​សណ្តាប់ធ្នាប់​នេះ គឺ ទើសភ្នែក​ជាងគេ​នៅ​ជួរ​ផ្លូវ​លេខ​១ ជាប់មាត់​ស្ទឹង​តែ​ម្ដង ដែល​មាន​អ្នកលក់​កាន់តែ​ច្រើន​ឡើង​ៗ រហូត​អ្នកដំណើរ ឬ​ភ្ញៀវ​ទេសចរ​រក​កន្លែង​ចត​រថយន្ត​មិនកើត មាន​តែ​កន្លែង​អ្នក​លក់ដូរ ។
ស្ថិត​ក្នុង​ស្ថានភាព​រញ៉េរញ៉ៃ​បែប​នេះ លោក ភី​នី​ស្សា​រ៉ា បាន​លើក​ឡើង​ថា ពេល​នេះ យើង​កំពុង​ប្រជុំ​ពិភាក្សា​ជាមួយ​គណៈ​បញ្ជាការ​កងឯកភាព​ខេត្ត ដែល​និយាយ​អំពី​ការ​រៀបចំ​ទីក្រុង​ស្អាត ដើម្បី​ចូលរួមប្រកួតប្រជែង​នៅ​ថ្ងៃ​ខាង​មុខ ។

ហើយ​កាលពី​ថ្ងៃ​ទី​០៥ មីនា លោក​បាន​លើកយក​បញ្ហា​នេះ​ជូន​អង្គប្រជុំគណៈ​បញ្ជាការ​នេះ​រួច​ហើយ​ដែរ ដើម្បី​ស្នើ​ឲ្យ​មានការ​ចូលរួម​ដោះស្រាយ​អំពី​បញ្ហា​សណ្តាប់ធ្នាប់​នេះ ។​ លោក​បាន​និយាយ​ថា ខាង​មន្ទីរ​របស់​លោក ពុំ​មាន​សិទ្ធិ​បញ្ជា​ទៅ​សាលាក្រុង​ទេ​អំពី​រឿង​នេះ ។ ប៉ុន្តែ​លោក​សំណូមពរ​សុំ​ឲ្យ​មាន​គិត​គួ​ចំពោះ​បញ្ហា​រញ៉េរញ៉ៃ​គ្មាន​របៀបរបប​នេះ ដើម្បី​រៀបចំ​ឲ្យ​មាន​សណ្តាប់ធ្នាប់​នៅ​ក្នុង​ក្រុង​ដែល​ជា​តំបន់​ស្នូល​នៃ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តបាត់ដំបង ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ​របស់​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត និង​មតិ​រិះគន់​ពី​ភ្ញៀវ​ទេសចរ ពាក់ព័ន្ធ​នឹង​ការ​លក់ដូរ​គ្មាន​សណ្តាប់ធ្នាប់​នៅ​ក្នុង​ក្រុង​បាត់ដំបង លោក​លាង វាសនា អភិបាល
ក្រុង​បុរាណ​មួយ​នេះ ហាក់​ទទួលស្គាល់​ថា ពិតជា​មានការ​លក់ដូរ​តាម​ដងផ្លូវ​យ៉ាង​រញ៉េរញ៉ៃ គ្មាន​សណ្តាប់ធ្នាប់​មួយ​រយៈ​ចុង​ក្រោយ​នេះ ។ ប៉ុន្តែ​លោក​អភិបាលក្រុង​បាន​ពន្យល់​ថា សព្វ​ថ្ងៃនេះ លោក និង​ក្រុមការងារ បាន​និង​កំពុងធ្វើការ​ងារ រៀបចំ​សណ្តាប់​នេះ​យ៉ាង​មមា​រញឹក​បំផុត ។

លោក​បាន​លើក​ឡើង​ដូច្នេះ​ថា «​ពេល​នេះ ខ្ញុំ​កំពុង​រៀបចំសណ្តាប់ធ្នាប់​នេះ​ឲ្យ​ស្អាត​សិន នៅ​ម្ដុំ​រង្វង់​មូល វិមាន​ឯករាជ្យ ហើយនឹង​ធ្វើ​បន្ត​ទៅ​ជួរ​ផ្លូវ​លេខ​១ និង​តាម​ដងផ្លូវ​ដទៃ​ទៀត​នៅ​ក្នុង​ក្រុង​ទាំងមូល​» ។ នៅ​ពេល​សួរនាំ​ពី​រឿង​មន្ត្រី​នគរបាល​សណ្តាប់ធ្នាប់​ដើរ​ប្រមូល​លុយ​ពី​អ្នកលក់​ដូរ​លើ​ដងផ្លូវ លោក​អភិបាលក្រុង​ហាក់​មិន​ពន្យល់​ក្បោះក្បាយ​ទេ តែ​លោក​ហាក់​ទទួល​ស្កាល់​ថា ជា​រឿង​ចៀស​មិន​ផុត ដែល​អាច​មាន​ខ្លះ​ៗ​ហើយ ។

ចំពោះ​បញ្ហា​សណ្តាប់ធ្នាប់​ដែល​កំពុង​បង្ក​ភាព​រញ៉េរញ៉ៃ​ពាសពេញ​លើ​ដងផ្លូវ​នានា នៅ​ក្នុង​ទីក្រុង​បាត់ដំបង ឬ​ទីក្រុង​បេតិកភណ្ឌ​មួយ​នេះ បើ​តាម​លោក​លាង វាសនា បាន​ព្រមាន​ដដែល​ៗ​ថា លោក​នឹង​ចាត់​វិធាន​ក្ដៅ និង​អាច​ឈាន​ដល់​អនុវត្ត​តាម​ផ្លូវច្បាប់​ចំពោះ​អ្នក​លក់ដូរ​ទាំងឡាយ​ណា ដែល​មិន​ព្រម​ស្ដាប់បង្គាប់​តាម​ការ​ណែនាំ​របស់​សាលាក្រុង ហើយ​នៅ​តែ​បន្ត​លក់ដូរ​លើ​ដងផ្លូវ បង្ក​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់សាធារណៈ ។

យ៉ាងណា​ក្ដី មហារ​ជន​ក៏​ដូច​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​រំពឹង​ថា តាម​រយៈ​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​អភិបាលក្រុង​ខាងលើ​នេះ ទីក្រុង​បាត់ដំបង និង​ក្លាយជា​ទីក្រុង​ស្អាត​ល្អ​ដាច់​គេ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ មិនមែន​ជាទី​ក្រុង​ដែល​គ្មាន​សណ្តាប់ធ្នាប់ ដូច​មតិ​រិះគន់​បាន​លើក​ឡើង​ក្នុង​ពេល​នេះ​ទៀត​ទេ ៕

អត្ថបទសរសេរ ដោយ