ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​(PSE) ឯកភាព​គ្នា​ជំរុញ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​យុវជន

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោកស្រី ហ្គោ​កឺ​ឡាំង​ដេ​ប៉ា​លី​យែ​រ ល​ក្ខិ​ណា នាយក​គ្រប់គ្រង​នៃ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ…

រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោកស្រី ហ្គោ​កឺ​ឡាំង​ដេ​ប៉ា​លី​យែ​រ ល​ក្ខិ​ណា នាយក​គ្រប់គ្រង​នៃ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​ឯកភាព​គ្នា​ជំរុញ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ ដល់​យុវជន​កម្ពុជា ​ដើម្បី​ទទួល​បាន​ជំនាញ​ជាក់លាក់​ សម្រាប់​ទីផ្សារ​ការងារ ​។ ការ​ឯកភាព​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​ឯកឧត្តម​រដ្ឋមន្ត្រី និង​នាយក​គ្រប់គ្រង​នៃ​អង្គការ​ PSE ​ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។

ក្នុង​ជំនួប​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ពី​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ ​ដល់​ក្រុម​យុវជន​ឱ្យ​មាន​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ ដើម្បី​បម្រើ​ដល់​តម្រូវការ​ លើ​ជំនាញ​បច្ចេកទេស​ពី​វិស័យ​ឯកជន ​។ បន្ថែម​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​ពី​ភាព​បត់បែន និង​រស់​រវើក​របស់​នៃ​ការ​បណ្តុះបណ្តាល​បច្ចេកទេស ​ដែល​ក្រសួង​បាន​ដាក់​ចេញ​នា​ពេល​បច្ចុប្បន្ន​ ដែល​ជា​ការ​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​របស់​សម្តេច​មហា​បវរ​ធិ​បតី ​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ដោយឡែក លោកស្រី នាយក​គ្រប់គ្រង​នៃ​អង្គការ​ PSE បាន​ជម្រាប​ឯកឧត្តម​រដ្ឋមន្ត្រី​អំពី​ផែនការ​សក​កម្ម​ភាព​អាទិភាព​ របស់​អង្គការ​លើ​ផែនការ​យុទ្ធសាស្ត្រ ​ស្តី​ពី​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ ដែល​អង្គការ​បាន​នឹង​កំពុង​បណ្តុះបណ្តាល ​លើ​ជំនាញ​សំខាន់​ៗ​ចំនួន​ ៧ ដែល​បាន​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ ដល់​សិក្ខាកាម​ប្រមាណ​ ១៥០០ ​នាក់​នា​ពេល​បច្ចុប្បន្ន ​។ ជំនាញ​ទាំង​៧​ នោះ​រួម​មាន មេកា​និក សំណង់ ភាពយន្ត និង​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​ជាដើម​ ។

បន្ថែម​ពី​នេះ លោកស្រី នាយក​គ្រប់គ្រង បាន​បញ្ជាក់​បន្ថែម​ជូន​រដ្ឋមន្ត្រី​ដែរ​ថា ក្នុង​ផែនការមេ​របស់​អង្គការ​រយៈពេល​៥​ឆ្នាំទៅ​មុខ​ក៏​ផ្តោត​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ផង​ដែរ​ ។

យ៉ាងណា​ក៏​ដោយ​ភាគី​ទាំង​ពីរ បាន​ឯកភាព​គ្នា​ជំរុញ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ ​ដល់​យុវជន​ឱ្យ​មាន​ជំនាញ​ជាក់លាក់​ ដើម្បី​ក្លាយជា​កម្លាំង​ពលកម្ម​យ៉ាង​សកម្ម​ ក្នុង​សង្វា​ក់​ផលិតកម្ម​សេដ្ឋកិច្ច​របស់​កម្ពុជា​ ៕ អត្ថបទសហការ