ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ស្លាប​នៅ​ទន្លេមេគង្គ​លើ ​កំពុង​ទាក់ទាញ​ភ្ញៀវ​​ទេសចរ​​ក្នុង​រដូវប្រាំង​នេះ

9 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សត្វ​ក្អែកទឹក​, ស្មោញ​, សត្វ​ចំ​កំក​ស និង​ស្លាប​ជា​ច្រើន​ប្រភេទ​ទៀត​បាន​បង្ហាញ​វត្តមាន តាម​ដង​ទន្លេមេគង្គ​លើ នៅ​តំបន់​កោះ​លន​-​កោះ​ព្នៅ​-​កោះ​ពាង និង​កោះទន្សាយ ដែល​ពពួកសត្វ​ទាំងនេះ​ជា​សក្តានុពល​មួយ​តម្រូវ​ឱ្យ​អភិរក្ស​សម្រាប់​ធ្វើ​ជា​ចំណី​ចក្ខុ​របស់​ភ្ញៀវ​ទេសចរ​នា​រដូវប្រាំង​នេះ…

ខេត្តស្ទឹងត្រែង ៖ សត្វ​ក្អែកទឹក​, ស្មោញ​, សត្វ​ចំ​កំក​ស និង​ស្លាប​ជា​ច្រើន​ប្រភេទ​ទៀត​បាន​បង្ហាញ​វត្តមាន តាម​ដង​ទន្លេមេគង្គ​លើ នៅ​តំបន់​កោះ​លន​-​កោះ​ព្នៅ​-​កោះ​ពាង និង​កោះទន្សាយ ដែល​ពពួកសត្វ​ទាំងនេះ​ជា​សក្តានុពល​មួយ​តម្រូវ​ឱ្យ​អភិរក្ស​សម្រាប់​ធ្វើ​ជា​ចំណី​ចក្ខុ​របស់​ភ្ញៀវ​ទេសចរ​នា​រដូវប្រាំង​នេះ ។

ក្នុង​ឱកាស​ចុះ​ល្បាត​អភិរក្ស​សត្វ​ស្លាប​នៅ​តាម​តំបន់​រ៉ា​ម​សារ ក្នុងស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ ឆ្នាំ​២០២៤ នេះ លោក​ឈ​ន ឆ​ន អនុប្រធាន​ការិយាល័យ​អភិរក្ស​ធន​ធានធម្មជាតិ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​បញ្ជាក់​ថា ពពួកសត្វ​ទាំង​អស់នេះ ជា​សម្បត្តិ​ជាតិ​របស់​ប្រជា​ពលរដ្ឋ​យើង​ទាំងអស់​គ្នា ហើយ​វា​មក​រស់នៅ​តំបន់​នេះ តែ​ក្នុង​រដូវប្រាំង​ពេល​ទឹកទន្លេ​ស្រក​ចុះ សំបូរ​ត្រី​ល្អិត​ជា​ចំណី លុះដល់​ខែវស្សា​វា​បាន​វិល​ទៅ​រស់នៅ​តំបន់​ទន្លេសាប​វិញ ។ នេះ​បើ​តាម​ការ​សង្កេត​ជា​រៀង​រាល់​ឆ្នាំ​កន្លងមក ។

លោក​បន្ត​ថា បរិមាណ​សត្វ​ស្លាប​ដ៏​ច្រើន​នេះ ជា​សមិទ្ធផល​មួយ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ជា​ហូរហែ ហើយ​បងប្អូន​យើង​នៅ​តំបន់​នេះ សូម​បង្កើន​ការ​ចូលរួម​អភិរក្ស​ទាំងអស់​គ្នា ។
លោក​លី មី​ណា អភិបាលស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​បាន​បញ្ជាក់​ដែរ​ថា គោលការណ៍​ខាងលើ​នេះ អាជ្ញាធរ​ស្រុក​បាន​ណែនាំ​ទៅ​បងប្អូន​ពលរដ្ឋ​ជា​រឿយ​ៗ​មក​ហើយ គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ពួក​គាត់​ចៀសវាង​ការ​បរបាញ់ ដាក់​អន្ទាក់ ពាក់​មង ហើយ​ចេះ​ស្រឡាញ់​និង​នាំ​គ្នា​ការពារ​សម្បត្តិ​ធនធាន​របស់​ខ្លួន​វិញ ។

លោក​បន្ត​ថា នៅ​តំបន់​យើង​នេះ សម្បូរ​ទាំង​សត្វ​ស្លាប​គ្រប់​ប្រភេទ និង​ត្រី​មេ​ពូជ​ដែល​កំពុង​រស់នៅ​ក្នុងអន្លង់​ជ្រៅ​ៗ ជាមួយ​នេះ​ដែរ ក្នុង​នាម ជា​អាជ្ញាធរ សូម​សំណូមពរ បងប្អូន​ប្រជាពលរដ្ឋ ប្រជា​សហគមន៍​ប្រជា​អ្នកនេសាទ ដែល​រស់នៅ​តំបន់​នោះ ឱ្យ​ថែរក្សា​ពពួកសត្វ​ស្លាប​ទាំង​អស់នោះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​របស់​យើង​ឱ្យ​ចូល​ក្នុង​តំបន់​រ៉ា​ម​សារ​តែ​ម្ដង ដើម្បី​ទស្សនា​ព្រៃ​លិច​ទឹក សត្វ​ស្លាប និង​ធនធាន ផ្សេង​ៗ​ទៀត ព្រោះ​តំបន់​របស់​យើង​មាន​សក្តានុពល​ជា​តំបន់​ទេសចរណ៍ធម្មជាតិ ។

លោក​យេ​ន មី តំណាង​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​បាន​បញ្ជាក់​ថា​៖ បច្ចុប្បន្ន​ប្រជា​នេសាទ​បាន​ចូលរួម​អនុវត្ត​ហើយ ព្រោះ​ពួក​គាត់​មាន​សង្ឃឹម​ទៅ​លើ​ភ្ញៀវ​ទេសចរ​មក​ទ​ស្សា​នា​អាច​រកបាន​ប្រាក់​ចំណូល​តាម​រយៈ​សេវាកម្ម​ទូក​ដឹក​ជញ្ជូន​ភ្ញៀវ​ទស្សនា​សត្វ​ស្លាប ។

លោក​បន្ត​ថា សមាជិក​អេកូ​ទេសចរណ៍​បាន​ត្រៀមលក្ខណៈ​ស្វាគមន៍​ភ្ញៀវ​ទេសចរ ដោយ​បាន​រៀបចំ​ជាសេវាកម្ម​ទូក​ឱ្យ​មាន​សុវត្ថិភាព​-​ផ្ទះ​ស្នាក់​នៅ​មាន​បរិយាកាស​ល្អ​-​កន្លែង​បោះ​តង់​កម្សាន្ត​សប្បាយ​និង​អាហារ​ដ្ឋា​ន​បែប​ធម្មជាតិ​ផង​ដែរ ។

សូម​បញ្ជាក់​ថា នៅ​តំបន់​រ៉ា​ម​សារ​ពពួកសត្វ​ក្អែកទឹក ស្មោញ​និង​ស្លាប​ផ្សេង​ៗ​ទៀត​មាន​វត្តមាន​ច្រើន​នៅរដូវប្រាំង អំណោយផល សម្រាប់​បម្រើ​ដល់​ការ​ទស្សនា​របស់​ភ្ញៀវ​ទេសចរ ទើប​អាជ្ញាធរ​មូល​ដ្ឋាន និង​មន្ត្រី​ផ្នែក​បរិស្ថាន បាន​កំណត់​តំបន់​ដែន​សុវត្ថិភាព ហាម​ចូល​ធ្វើ​នេសាទ​និង​បរបាញ់ ហើយ​​នាំ​គ្នា​ងាក​មក​បង្កើន​ការ​អភិរក្ស​ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ