ខេត្តពោធិ៍សាត់ ៖ ជនរងគ្រោះចំនួន០៣នាក់ បានត្រូវខ្មាន់កាំភ្លើងចូលបាញ់ដល់ក្នុងផ្ទះ បណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ករណីប៉ុនប៉ងឃាតកម្មនេះ បានកើតឡើងវេលាម៉ោង១៩យប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅផ្ទះជនរងគ្រោះផ្ទាល់តែម្ដង ស្ថិតក្នុងភូមិបណ្ដុះសណ្ដែក សង្កាត់បន្តាយដី ក្រុងនិងខេត្តពោធិ៍សាត់ ។
សមត្ថកិច្ច ឲ្យដឹងថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ មានគ្នាពីរនាក់ ស្លៀកពាក់ខោអាវស៊ីវិលធម្មតា ពាក់ម៉ាស់ និងមួកសុវត្ថិភាព បានជិះម៉ូតូឌ្រីមពណ៌ខ្មៅ មួយគ្រឿង មកឈប់នៅមុខផ្ទះជនរងគ្រោះ រួចហើយម្នាក់ជិះក្រោយមានកាំភ្លើង បានចុះពីលើម៉ូតូរុញទ្វារបងដើរចូលទៅ។ ខណៈនោះ ក្រុមគ្រួសារជនរងគ្រោះកំពុងហូបបាយជុំគ្នា ចេញមកមើល ក៏ត្រូវជនដៃដល់ប្រើកាំភ្លើងខ្លីបាញ់ចំនួន ៦គ្រាប់តែម្ដង បណ្ដាលអោយរងរបួសចំនួន៣នាក់ រួចហើយឡើងម៉ូតូ ជិះគេចខ្លួនបាត់ស្រមោល ។
ជនរងគ្រោះ រួមមាន ៖
ទី១. ឈ្មោះ ទិត្យ កុសល្យ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរទិញត្រីលក់ត្រី ត្រូវភ្លៅខាងឆ្វេង ចំនួន០១គ្រាប់
ទី២. ឈ្មោះ ជា វួចហេង ភេទស្រី អាយុ ៣៣ឆ្នាំ ជាប្រពន្ធ ត្រូវចំនួន០២គ្រាប់ របួសធ្ងន់
និងទី៣. ឈ្មោះ ជា ណៃហួយ ភេទស្រី អាយុ៦១ឆ្នាំ ត្រូវជាម្ដាយក្មេក ត្រូវក្បាលជង្គង់ខាងឆ្វេង០១គ្រាប់ ។
ទាំង០៣នាក់ ស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិសង្កាត់កើតហេតុខាងលើ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តពោធិ៍សាត់។
សមត្ថកិច្ច បានបញ្ជាក់ថា ករណីនេះជារឿងគំនុំ ហើយនៅកន្លែងកើតហេតុ បន្សល់ទុកសម្បកគ្រាប់កាំភ្លើងខ្លី ចំនួន០៦គ្រាប់។
សមត្ថកិច្ចកងរាជអាវុធហត្ថ និងកម្លាំងនគរបាល កំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនដៃដល់ ដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ ។
អត្ថបទពាក់ព័ន្ធ ៖ «មាន់កាំភ្លើង២នាក់ ចូលបា.ញ់ជនរងគ្រោះដល់ក្នុងផ្ទះ រងរបួស៣នាក់ នៅក្រុងពោធិ៍សាត់» ៕
ចែករំលែកព័តមាននេះ