ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាន់កាំភ្លើង​២​នាក់ ចូល​បា.ញ់​ជន​រង​គ្រោះ​ដល់​ក្នុងផ្ទះ រង​របួស​៣​នាក់ នៅ​ក្រុង​ពោធិ៍សាត់

7 ខែ មុន

ខេត្តពោធិ៍សាត់ ៖ គ្រួសារ​មួយ​ដែល​កំពុង​ហូប​បាយ​ជួបជុំ​គ្នា ស្រាប់តែ​មាន​ខ្មាន់កាំភ្លើង​មិន​ស្គាល់​មុខ​២​នាក់ ដោយ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង មក​ឈប់​មុខ​ផ្ទះ​ជន​រង​គ្រោះ ម្នាក់​ទៀត​បាន​ចុះ​ដើរ​ចូល ហើយ​ដក​កាំភ្លើងខ្លី​បាញ់ប្រហារ​ប្រមាណ​ជា​៦​គ្រាប់ បណ្ដាល​ឲ្យ​រង​របួស​ចំនួន ៣​នាក់…

ខេត្តពោធិ៍សាត់ ៖ គ្រួសារ​មួយ​ដែល​កំពុង​ហូប​បាយ​ជួបជុំ​គ្នា ស្រាប់តែ​មាន​ខ្មាន់កាំភ្លើង​មិន​ស្គាល់​មុខ​២​នាក់ ដោយ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង មក​ឈប់​មុខ​ផ្ទះ​ជន​រង​គ្រោះ ម្នាក់​ទៀត​បាន​ចុះ​ដើរ​ចូល ហើយ​ដក​កាំភ្លើងខ្លី​បាញ់ប្រហារ​ប្រមាណ​ជា​៦​គ្រាប់ បណ្ដាល​ឲ្យ​រង​របួស​ចំនួន ៣​នាក់ (​ប្តី​ប្រពន្ធ និង​ម្តាយ​) ក្រោយ​ធ្វើ​សកម្មភាព​ភ្លាម​ៗ ក្រុម​ជនសង្ស័យ​នាំ​គ្នា​ជិះ​គេចខ្លួន​បាត់​ស្រមោល ។

ហេតុការណ៍​បាញ់ប្រហារ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១៩​និង​០០​នាទី​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៤ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​កៅស៊ូ​១​ខ្សែ ក្នុងភូមិ​បណ្ដុះ​សណ្ដែក សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ច​បានអោយ​ដឹង​ជាបឋម​ថា ករណី​នេះ​សង្ស័យ​បណ្តាល​មក​ពី​រឿង​គំនុំ​។ ទោះជា​យ៉ាងណា នៅ​ពេល​នេះ​កម្លាំង​សមត្ថកិច្ច បាន​និង​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ចាប់​ជន​ដៃដល់ ផង​ដែរ ។

សមត្ថកិច្ច​បាន​បន្ត​ថា ចំពោះ​ជន​រង​គ្រោះ​ចំនួន ៣​នាក់ ដែល​រង​របួស ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​បង្អែក​សំពៅ​មាស រួម​មាន ៖
ទី​១. ឈ្មោះ ទិ​ត្យ កុសល ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អាជីវករ​ទិញ​លក់​ត្រី (​ប្តី​) រង​របួស​កំពុង​សម្រាក​ព្យាបាល​។
ទី​២. ឈ្មោះ ជា វួ​ច​ហេង ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ (​ប្រពន្ធ​) រង​របួសធ្ងន់​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់ ។
និង​ទី​៣. ឈ្មោះ ជា ណៃ​ហួយ ភេទ​ស្រី អាយុ​៦១​ឆ្នាំ ជនជាតិ​ខ្មែរ (​ម្តាយ​) រង​របួស​កំពុង​សម្រាក​ព្យាបាល ។

យោង​តាម​វី​ដេ​អូ​ចំនួន​២​ឃ្លី​ប ដែល​ថត​ចេញពី​កាមេរ៉ា​សុវត្ថិភាព បាន​បង្ហាញ​ថា មុន​ពេល​កើតហេតុ មាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ ចំនួន​០២​នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង មក​ឈប់​នៅ​ពីមុខ​ផ្ទះ​ជន​រង​គ្រោះ រួច​មាន​ជនសង្ស័យ​ម្នាក់​ដែល​មាន​ពាក់មួក​ការពារ​សុវត្ថិភាព ក្នុង​ចំណោម​០២​នោះ មាន​ម្នាក់​បាន​ចុះ​ពីលើ​ម៉ូតូ​រួច​រុញ​ទ្វាររបង ដើរ​ចូល​ក្នុងផ្ទះ​ជន​រង​គ្រោះ ដោយ​មាន​កាន់​ថង់​អ្វីមួយ​យក​ទៅ​ដាក់​លើ​តុ​បាយ ប្រគល់​ទៅ​ឲ្យ​ជន​រង​គ្រោះជា​ប្តី ខណៈ​កំពុង​អង្គុយ​ហូប​បាយ​ជុំ​គ្រួសារ​នៅ​ក្នុងផ្ទះ​។ បន្ទាប់​ពី​និយាយ​គ្នា​បាន​បន្ដិច ស្រាប់តែ​ជនសង្ស័យ​រូប​នោះ បាន​យក​ថង់​នោះ​ត្រឡប់​មក​វិញ រួច​ដើរ​ចេញ​បាន​២-៣​ជំហាន​ប៉ុណ្ណោះ ក៏​ទាញ​កាំភ្លើងខ្លី​ចេញ​មក​បាញ់​ប្រមាណ​៦​គ្រាប់ ដែល​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ចំនួន​០៣​នាក់​រង​របួស​ធ្ងន់ធ្ងរ ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​បាញ់ប្រហារ​រួច​ជនសង្ស័យ​រូប​នោះ ក៏​បាន​ប្រញាប់ប្រញាល់​រត់ឡើង​ម៉ូតូ​ដែល​បក្ខពួក​ខ្លួ​ម កំពុង​ឈប់​ចាំ​នៅ​ពីមុខ​ផ្ទះ​នោះ រួច​ជិះ​គេចខ្លួន​បាត់​ស្រមោល តែ​ម្ដង ។

យ៉ាងណាមិញ បន្ទាប់​ពី​កើតហេតុ​ការណ៍​ភ្លាម​ៗ កម្លាំង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​សំពៅ​មាស ដើម្បី​សង្គ្រោះ​បន្ទាន់ ។

បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច​ជំនាញ កំពុង​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ក្រុម​ជនសង្ស័យ​ហើយ​។ ចំពោះ​ព័ត៌មាន​លម្អិត​យ៉ាងណា​នោះ កោះសន្តិភាព​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ