រាជធានីភ្នំពេញ ៖ កុំថាឡើយនៅខ្មែរ សូម្បីតែអ្នកនិយមលេងអ៊ីនធើរណេតនៅកូរ៉េ ក៏ផ្ទុះការវែកញែកជុំវិញវត្តមានរបស់ Seungri អតីតតារាចម្រៀងក្រុម Big Bang នៅកម្ពុជាដែរ គ្រាន់តែប្រតិកម្មរបស់អ្នកគាំទ្រ K-pop នៅកូរ៉េ គឺជាប្រតិកម្មបែបច្បាស់ៗ បែបគុណភាព ខុសពីប្រតិកម្មរបស់អ្នកគាំទ្រខ្មែរមួយចំនួន បែបហែកហួរលាបពណ៌គ្នា ដោយសារតែការពារ Idol របស់ខ្លួន ទាំងដែលគេប្រាប់ ព្រោះតែចង់ឱ្យល្អសោះ។
ដូចពាក្យមួយឃ្លារបស់តារាចម្រៀងម្នាក់ ធ្លាប់និយាយថា «ស្រុកខ្មែរតាប៉ែ តែសប្បាយ» ពិតជារឿងដែលត្រូវម្យ៉ាងដែរ ចំពោះរឿងខ្លះ ជាក់ស្តែង ក្រោយការបង្ហាញវត្តមានដ៏ភ្ញាក់ផ្អើលរបស់ Seungri កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅភោជនីយដ្ឋាន Prince Brewing នារាជធានីភ្នំពេញ។ បន្ទាប់ពីវីដេអូ និងរូបភាពជាច្រើន ត្រូវបានចែកចាយពាសពេញបណ្តាញសង្គម គេឃើញថា Seungri ច្រៀងរួមជាមួយកំពូលតារារ៉េប គឺលោក G-Davit ។ ហើយ Seungri ក៏បានរាំសប្បាយជាមួយអ្នកគាំទ្រ បន្ទាប់មកអ្នកគាំទ្រខ្មែរជាច្រើននាក់នាំគ្នាថតរូបជាមួយ Seungri រួចបង្ហោះពេញហ្វេសប៊ុក ដោយភ្ជាប់ជាមួយអារម្មណ៍មោទនភាពស្វាគមន៍តារារូបនេះ មកកាន់ប្រទេសកម្ពុជា។
រឿងរ៉ាវខាងលើនេះ អ្នកតាមដានវិស័យ K-pop នៅកម្ពុជា ដែលស្គាល់ប្រវត្តិដ៏ស្អុ.យរលួ.យរបស់ Seungri ច្បាស់ បានប្រតិកម្មថា «ពួកគេមិនស្វាគមន៍ដាច់ខាត ចំពោះវត្តមានរបស់តារារូបនេះនៅកម្ពុជា»។ ប៉ុន្តែអ្នកប្រតិកម្ម បែរជាត្រូវរងសន្ទុះរិះគន់យ៉ាងចាស់ដៃ ពីអ្នកមិនដឹងរឿង ដែលភាគច្រើនជាក្រុមអ្នកគាំទ្រលោក G-Davit ជាពិសេសលោក G-Davit ផ្ទាល់ ក៏បានតប.តទៅកាន់អ្នករិះគន់ ដោយចាត់ទុកថា «ការលើកយកប្រវត្តិ Seungri គឺគ្រាន់តែលេស តែតាមពិតអ្នករិះគន់ទាំងនោះ ច្រណែនលោកដែលបានស្និទ្ធស្នាលជាមួយ Seungri មិនមែនជា Idolរបស់ខ្លួន»។
ប៉ុន្តែក្រោយមកមិនទាន់បានប៉ុន្មានផង បន្ទាប់ពីសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់លាតត្រដាងពីប្រវត្តិរបស់ Seungri រួមទាំងកេរ្តិ៍ឈ្មោះដ៏ស្អុ.យរលួ.យរបស់ Seungri នាពេលបច្ចុប្បន្ន ទាំងនៅកូរ៉េ និងនៅលើពិភពលោកទៀតនោះ ទើបលោក G-Davit ភ្ញាក់ខ្លួន ហើយក៏ចេញវីដេអូសូមទោសទៅកាន់ក្រុមអ្នកគាំទ្រ K-pop ចំពោះពាក្យសម្តីដែលលោកបានស្តីឱ្យពួកគេថា «នៅតែរស់ក្នុងអតីតកាលនៅឡើយ» ដោយលោកបានបង្ហាញការសោកស្ដាយចំពោះពាក្យសម្តីរបស់ខ្លួន ហើយក៏បានអរគុណទៅដល់អ្នកទាំងនោះផងដែរ ដែលប្រាប់នូវអ្វីដែលខ្លួនពុំបានដឹងពី Seungri។
ក្រោយការវែងញែកលើប្រធាននេះបានបញ្ចប់នៅលើបណ្តាញសង្គម ក្រោយពី Idol ចេញមុខសូមទោសរួចមក រហូតឈានមកដល់ថ្ងៃទី២៣ ខែមករានេះ សារព័ត៌មានកូរ៉េ Allkpop ក៏បានចេញផ្សាយថា «អ្នកនិយមលេងអ៊ីនធើរណេតនៅកូរ៉េ ផ្ទុះប្រតិកម្ម បន្ទាប់ពីលឺ Seungri ប្រកាសថា ថ្ងៃណាមួយ គេនឹងនាំ G-Dragon មកកម្ពុជា»។
ជុំវិញការលើកយកឈ្មោះ G-Dragon ក្រុមអ្នកគាំទ្រ k-pop ក៏បានស្នើជាយោបល់ថា «តារាចម្រៀងលោក G-Dragon គួរតែប្តឹង Seungri ដែលហ៊ានលើកយកឈ្មោះរបស់គាត់មកនិយាយបែបនេះ»។ ពួកគេក៏បានបញ្ចេញមតិថា «Seungri ពិតជាក្លាហាន ពិតជាមិនរៀងចាលមែន»។ « មិននឹកស្មានថា គាត់ហ៊ានចូលរួមកម្មវិធីដោយបើកចំហ»។ «កុំភ្លេចរឿងក្ដី Burning Sun»។ អ្នកខ្លះទៀតលើកឡើងថា «ខ្ញុំកំពុងយល់សុបិនឬយ៉ាងណា? សឹងតែមិនចង់ជឿងថា Seungri នៅមានអ្នកគាំទ្រនៅកម្ពុជាច្រើនបែបនេះ?»។
គួរជម្រាបថា Seungri ឈ្មោះពេញ Lee Seung-hyun គឺជាអតីតតារាចម្រៀងក្រុម Big Bang របស់ផលិតកម្ម YG ហើយត្រូវបានប្រជាពលរដ្ឋកត់ត្រាក្នុងបញ្ជីខ្មៅ ដោយដាក់រហ័សនាមថា «Burning Sun» ដែលសំដៅទៅលើរឿងអាស្រូ.វក្លិបកម្សាន្តរបស់លោក ស្ថិតនៅក្នុងទីក្រុងសេអ៊ូល ខណៈពេលដែល Seungri និងតារាល្បីៗ ត្រូវបានប៉ូលិសចោទប្រកាន់ពីបទ «រំលោ.ភបំពា.នផ្លូវភេ.ទ ពេ.ស្យាចា.រ ការចែកចាយគ្រឿ.ងញៀ.ន លាក់កាមេរ៉ា ការគេចពន្ធ និងបទស៊ីសំណូកជាមួយប៉ូលិសក្នុងតំបន់»។ ជាលទ្ធផល Seungri ត្រូវកាត់ទោសនៅឆ្នាំ២០២០ ដោយបានជាប់ពន្ធនាគាររយៈពេលត្រឹមតែ១៨ខែ ហើយទើបតែមានសេរីភាពវិញ កាលពីខែកុម្ភៈ ឆ្នាំ២០២៣៕
អត្ថបទដោយ ៖ អោម ចែតច័ន្ទណារ៉ា
ចែករំលែកព័តមាននេះ