ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ពានលេខ ១ កម្មវិធីសរសេរតាមអាន «សំណេរអង្គរ» ថា មានប្រយោជន៍បំផុសអក្សរសាស្ត្រខ្មែរ ​និងលើកកម្ពស់វិស័យទេសចរណ៍

11 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ​ម្ចាស់ជ័យលាភីលេខ ១ ក្នុងព្រឹត្តិការណ៍សរសេរតាមអានថ្នាក់ជាតិលើកដំបូងនៅកម្ពុជា ឆ្នាំ ២០២៤ នេះ គឺជាអ្នកដែលចូលចិត្តអានជាប្រចាំ ។…

ខេត្តសៀមរាប ៖ ​ម្ចាស់ជ័យលាភីលេខ ១ ក្នុងព្រឹត្តិការណ៍សរសេរតាមអានថ្នាក់ជាតិលើកដំបូងនៅកម្ពុជា ឆ្នាំ ២០២៤ នេះ គឺជាអ្នកដែលចូលចិត្តអានជាប្រចាំ ។ ម្ចាស់ជ័យលាភីរូមនេះបានអះអាងថា កម្មវិធីនេះមានប្រយោជន៍ខ្លាំងដោយជួយបំផុសឱ្យសរសេរអក្សរខ្មែរត្រឹមត្រូវ ហើយកម្មវិធីនេះកម្មវិធីក៏ជួយលើកកម្ពស់វិស័យទេសរណ៍ផងដែរ ដោយសារតែធ្វើឡើងនៅតំបន់អង្គរ នៃខេត្តសៀមរាប ។

ព្រលឹមស្រាងៗ នៅបរិវេណស្ពានហាល ខាងលិចប្រសាទអង្គរវត្ត ក្នុងបរិយាកាសដ៏រីករាយ បេក្ខជន ដែលជាសិស្ស និស្សិត ព្រះសង្ឃ​ និងប្រជាពលរដ្ឋចំនួនជាង ៧០០ នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍សរសេរតាមអានថ្នាក់ជាតិលើកដំបូងនៅកម្ពុជា ឆ្នាំ ២០២៤ «សំណេរអង្គ» ចាប់តាំងពីម៉ោង ៧ ព្រឹកតទៅ កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៤ ។

នៅពេលរសៀលម៉ោង ៣ គឺជាការប្រកាសលទ្ធផល លោក ចេង រតនា អាយុ ៣០ ឆ្នាំ មកពីទីក្រុងភ្នំពេញ សរសេរខុសតែ ២ ពាក្យ ប៉ុណ្ណោះ គឺជាម្ចាស់ជ័យលាភីលេខ ១ ក្នុងចំណោមបេក្ខជនចូលរួមប្រកួតចំនួនជាង ៧០០ នាក់ មកពី ២៥ ខេត្ត-ក្រុង ទូទាំងប្រទេស ។ លោកបានឱ្យដឹងថា នេះជាការសាកល្បង ហើយខ្ញុំមិននឹកស្មានដល់ថា អាចទទួលជ័យលាភីនេះទេ ។ ម្ចាស់ជ័យលាភីរូបនេះឱ្យដឹងទៀតថា ពេលឃើញការប្រកាសប្រកួតសរសេរតាមអាននេះ គឺខ្ញុំចាប់អារម្មណ៍ ហើយមិនចាំយូរទេចុះឈ្មោះភ្លាម ។ ខ្ញុំគិតថា ខ្លួនឯងអាចជាប់ក្នុងចំណាត់ថ្នាក់ណាមួយពីកម្មវិធីនេះ ព្រោះខ្ញុំចូលចិត្តអានជាប្រចាំ ដូច្នេះយើងអាចដឹងថា ពាក្យត្រូវសរសេរយ៉ាងម៉េច ។

លោកបញ្ជាក់ថា នេះជាការសរសេរតាមអានថ្នាក់ជាតិ ហើយធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប នេះគឺជាបទពិសោធថ្មីមួយសម្រាប់ខ្ញុំផ្ទាល់ ។ សម្រាប់ខ្ញុំគិតថា មានប្រយោជន៍ខ្លាំងជួយបំផុសឱ្យការសរសេរអក្សរខ្មែរត្រូវ កុំឱ្យសរសេរខុសច្រើន ហើយកម្មវិធីនេះក៏ជួយលើកកម្ពស់វិស័យទេសរណ៍ផងដែរ ។ បើមានលើកក្រោយ ខ្ញុំនឹងចូលរួមទៀត និងសូមលើកទឹកចិត្តដល់បងប្អូនមានភាពក្លាហានចូលរួម ទោះជាប់ ឬធ្លាក់ក៏មិនអីដែរ ព្រោះនេះជាការវាស់សមត្ថភាពខ្លួនឯង ។

សូមរំលឹកផងដែរថា ព្រឹត្តការណ៍នេះរៀបចំឡើងបន្ទាប់ពីពិនិត្យ​ឃើញ​ថា បច្ចុប្បន្ន​មាន​កំហុសឆ្គង​ច្រើន​ក្នុង​ការ​សរសេរអក្ខរាវិរុទ្ធ​ភាសា​ខ្មែរ និង​ដើម្បី​កែ​ទម្លាប់ ព្រមទាំង​លើក​ស្ទួយ​អក្សរសាស្ត្រ​ខ្មែរ វប្បធម៌​ខ្មែរ ក្រុម​អ្នក​ស្រឡាញ់​អក្សរសាស្ត្រ​ខ្មែរ​បាន​​រៀបចំ​កម្មវិធី​ «​សំ​ណេ​រ​អង្គរ​» នេះឡើងដោយទទួលបានការគាំទ្រពីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក៏មានការគាំទ្រពីរដ្ខមន្ត្រីក្រសួងទេសចរណ៍ ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺជាអ្នកអានសំណេរតាមអានដោយផ្ទាល់ ហើយលោកជំទាវ បានមានប្រសាសថា យើងជាកូនខ្មែររក្សានូវកេរមរតករបស់ដូនតា ហើយសូមរក្សានូវស្មារតីនេះកុំឱ្យបាត់បង់ទុកជាកេរតំណែលជំនាន់ក្រោយ ។ លោកជំទាវ ក៏បានកោតសរសើរចំពោះបេក្ខជនទាំងអស់ដែលបានចូលរួមកម្មវិធី «សំណេរអង្គរ» នេះជាការសងគុណមួយចំពោះដូនតា ជាពិសេសចំពោះបុព្វបុរសរបស់យើង  ។ លោកជំទាវបន្តថា ការចូលរួមជារឿងសំខាន់ ឈ្នះចាញ់មិនជាបញ្ហា ការចូលរួម គឺជាការបណ្តុះគំនិតប្រណាំងប្រជែងដោយស្មោះត្រង់ ដោយសមត្ថភាពរបស់ខ្លួន ។

សម្រាប់លោក វ៉ន វីដា អាយុ ៣៥ ឆ្នាំ អ្នកខេត្តបន្ទាយមានជ័យ សរសេរខុស ៣ ពាក្យ ទទួលបានជ័យលាភីលេខ ២ បានឱ្យដឹងថា ខ្ញុំរំភើបហួសពីការរំពឹងទុក ព្រោះខ្ញុំស្រឡាញ់អក្សរសាស្ត្រខ្មែរ ។ កន្លងមកខ្ញុំឧស្សាហ៍ឃើញបងប្អូនយើងសរសេរខុស ហើយបន្ទាប់ពីការប្រកាសពីកម្មវិធី «សំណេរអង្គរ» នេះ ខ្ញុំក៏ចុះឈ្មោះចូលរួមប្រកួតភ្លាមតែម្តង ។ លោកថា កម្មវិធីនេះមានប្រយោជន៍ខ្លាំងក្នុងការលើកស្ទួយអក្សរសាស្ត្រខ្មែរ ហើយយើងជាជនជាតិខ្មែរបើមិនខំលើកស្ទួយ ហើយបែរជាទៅខំលើកស្ទួយអក្សរសាស្ត្រដ៏ទៃ គឺមានន័យថា យើងកំពុងតែបំផ្លាញខ្លួនឯង ។ ខ្ញុំស្រឡាញ់ក្សរ សាស្ត្រខ្មែរ ហើយចង់ឱ្យបងប្អូនដូចខ្ញុំដែរ ព្រោះអក្សរសាស្ត្រខ្មែរមានលក្ខណៈពីសេសជាងអក្សរសាស្ត្រដទៃ ។

ដោយឡែកម្ចាស់ជ័យលាភីលេខ ៣ អ្នកគ្រូ យ៉ោប សុឃាក់ អាយុ ៣៥ ឆ្នាំ សរសេរខុស ៣ ពាក្យ ជាអ្នកខេត្តសៀមរាប បានឱ្យដឹងថា ខ្ញុំពិតជាសប្បាយរីករាយណាស់ ហើយមិននឹកស្មានថា អាចធ្វើបាននោះទេ «សំណេរអង្គរ» ពិតជាមានសារៈសំខាន់ខ្លាំងណាស់ គឺលើកស្ទួយអក្សរសាស្ត្រខ្មែរ ។ អ្នកគ្រូឱ្យដឹងទៀតថា យុវជនមួយចំនួនបានមើលរំលងការសរសេរអក្សរសាស្ត្រខ្មែរ ដោយនាំគ្នាផ្តោតតែទៅលើភាសាបរទេសជាង ។ កម្មវិធីនេះ គឺជាការដាស់ស្មារតីកូនខ្មែរឱ្យចាប់អារម្មណ៍មកលើកស្ទួយភាសាជាតិវិញ ឱ្យតម្លៃភាសាជាតិ ឱ្យបានច្រើនជាងមុន ព្រោះវាសំខាន់ណាស់សម្រាប់វិស័យអក្សរសាស្ត្រជាតិ ។

ដោយការស្រឡាញ់ និងចង់លើកស្ទួយអក្សរសាស្ត្រខ្មែរ ម្ចាស់ជ័យលាភីទាំង ៣ រូប សុទ្ធតែអះអាងថា បើមានកម្មវិធីបែបនេះលើកក្រោយនឹងចូលរួមទៀត ។

បន្ទាប់ពីកម្មវិធីត្រូវបានបញ្ចប់ លោក លីម ប៊ុនហុក អ្នករៀបចំកម្មវិធិ «សំណេអង្គរ» បានសម្តែងនូវក្តីរីករាយ ដោយលោកបានឱ្យដឹងថា បេក្ខជនទាំងអស់មានការសប្បាយចិត្តណាស់ ទាំងប្រុស ទាំងស្រី ទាំងចាស់ ទាំងក្មេង ទោះបីថា ពួកគាត់មិនទទួលបានរង្វាន់ក៏ដោយ ។ ព្រោះពួកគាត់យល់ថា ការចូលរួមប្រកួតសរសេរតាមអានថ្នាក់ជាតិនៅស្ពានហាល មុខប្រាសាទអង្គរវត្តបែបនេះ ពិតជាកិត្តិយសណាស់ទៅហើយ ។ លោក លីម ប៊ុនហុក ចង់ឱ្យមានកម្មវិធីបែបនេះជារៀងរាល់ឆ្នាំ ហើយលោក និងក្រុមការងារខិតខំធ្វើយ៉ាងណឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ គឺធំជាង និងពិសេសជាងពេលនេះទៅទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ