ឯកឧត្តម ហេង សួរ ជំរុញឱ្យ EuroCham ជួយទាក់ទាញការវិនិយោគក្រុមហ៊ុន អឺរ៉ុប មកកម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានជំរុញឱ្យសភាពាណិជ្ជកម្មសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា (EuroCham Cambodia) ជួយទាក់ទាញការវិនិយោគក្រុមហ៊ុន អឺរ៉ុប ដែលកំពុងប្រតិបត្តិការអាជីវកម្ម ក្នុងតំបន់អាស៊ីងាកមកចាប់អារម្មណ៍កម្ពុជា ។

ការថ្លែងដូចនេះ របស់ឯកឧត្តមរដ្ឋមន្ត្រីធ្វើឡើង ក្នុងជំនួបពិភាក្សាការងារជាមួយលោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ខណៈដែលលោកបានដឹកនាំគណៈប្រតិភូជួបសំដែងការគួរសមនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាល និងត្រង់ទៅត្រង់មក ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីកិច្ចការងារអាទិភាពរបស់ក្រសួង ក្នុងអាណត្តិទី ៧ នេះក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសំដៅបន្តលើកកម្ពស់ លក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈ ឱ្យកាន់តែប្រសើរឡើងក្នុងគោលបំណងបង្កើតឱ្យមានបរិយាកាស នៃការវិនិយោគ ដែលមានស្រាប់កាន់តែមានភាពប្រសើរឡើងជាលំដាប់ និងការទាក់ទាញវិនិយោគថ្មីបន្ថែមទៀត ជាពិសេសការវិនិយោគរបស់ក្រុមហ៊ុនអឺរ៉ុប ។
ជាការឆ្លើយតបក្រៅពីការអបអរសាទរ ទៅកាន់ឯកឧត្តមរដ្ឋមន្ត្រីចំពោះមុខតំណែងថ្មី លោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា (EuroCham Cambodia) បានគាំទ្រ ហើយថាវាជាតួនាទីចម្បងរបស់សភាពាណិជ្ជកម្មសហភាព អឺរ៉ុប ប្រចាំនៅកម្ពុជា ដើម្បីបង្ហាញដល់អ្នកវិនិយោគរបស់ អឺរ៉ុប ដែលកំពុងមានវត្តមាននៅតំបន់អាស៊ី ងាកមកចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា ។ សម្រាប់ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបរូបនេះ បរិយាកាសនៃទំនាក់ទំនងវិជ្ជាជីវៈ និងលក្ខខណ្ឌការងារនៅកម្ពុជា មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើការពង្រឹង និងលើកកម្ពស់សមត្ថភាពរបស់បុគ្គលិកក្នុងរោងចក្រ សហគ្រាស និងការហ្វឹកហ្វឺនកូនជាងដែលជាចំណុចគន្លឹះ នៃការបង្កើនផលិតភាពការងារខ្ពស់ ដែលអ្នកវិនិយោគចង់បាន ។
យ៉ាងណាក៏ដោយ មុននឹងបញ្ចប់ភាគីទាំងពីរ មានសុទ្ធិដ្ឋិនិយមខ្ពស់ចំពោះកិច្ចសហការបន្តបន្ទាប់ទៀត ដើម្បីជំរុញឱ្យលក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងរោងចក្រ សហគ្រាស កាន់តែប្រសើរឡើងមួយកម្រិតបន្ថែមទៀត ក្នុងគោលបំណងធ្វើឱ្យកម្ពុជា មានភាពទាក់ទាញកាន់តែខ្លាំងសម្រាប់ការវិនិយោគ ៕ អត្ថបទសហការ





ចែករំលែកព័តមាននេះ