ខេត្តបាត់ដំបង ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង២១ម៉ឺនាក់ បានធ្វើដំណើរទៅលេងកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងទឹកដីខេត្តបាត់ដំបង ក្នុងរយៈពេលត្រឹមតែ០៣ថ្ងៃប៉ុណ្ណោះ នៃពិធីបុណ្យភ្ជុំបិណ្ឌ (គឺថ្ងៃទី១៣ ទី១៤ និង១៥ ខែតុលា ឆ្នាំ២០២៣) ដែលកើនឡើងជាង២៦% បើធៀបទៅនឹងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍ខេត្ត។

យោងលើរបាយការណ៍ប្រធានមន្ទីរទេសចរណ៍ លោក អ៊ុច អ៊ុំភីនីស្សារ៉ា បានបង្ហាញថា ដំណើរកម្សាន្តថ្ងៃទី១ នៃពិធីបុណ្យភ្ញៀវទេសចរបង្ហាញពីការថយចុះ នៃភ្ញៀវទេសចរដល់ទៅជាង២៧% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប៉ុន្តែហាក់កើនឡើងវិញនៅថ្ងៃបន្ទាប់ គឺបានជាង១៣% ហើយនៅថ្ងៃចុងក្រោយ (ថ្ងៃទី០៣) នៃពិធីបុណ្យទម្នៀមទំលាប់ខ្មែរដ៏ធំដុំនេះ ភ្ញៀវទេសចរបានហក់ឡើងវិញដល់ជាង២៥%។

ដោយឡែកចំពោះភ្ញៀវទេសចរបរទេសវិញ បើតាមរបាយការណ៍មន្ទីរទេសចរណ៍ដដែល បានឲ្យដឹងថា ដំណើរកម្សាន្ត នៅថ្ងៃទី០១ និងថ្ងៃទី០២ នៃពិធីបុណ្យ ចំនួនភ្ញៀវបរទេសហាក់បានកើនឡើងគួរឲ្យកត់សម្គាល់ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ តែបែរជាថយចុះបន្តិចវិញនៅថ្ងៃចុងក្រោយ (ថ្ងៃទី០៣) នៃពិធីបុណ្យ។ ប៉ុន្តែទោះជាយ៉ាងណា ក៏ប្រសើរជាងឆ្នាំទៅម៉ិញដែរ សម្រាប់ភ្ញៀវបរទេសដែលធ្វើដំណើរកម្សាន្តនៅទឹកដីខេត្តបាត់ដំបង ក្នុងឆ្នាំនេះ។

នៅក្នុងរបាយការណ៍ លោក អ៊ុច អ៊ុំភីនីស្សារ៉ា បានបង្ហាញពីបញ្ហាប្រឈមខ្លះៗដល់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរយ៉ាងដូច្នេះថា «គោលដៅទេសចរណ៍មួយចំនួនត្រូវទឹកលិច មិនអំណោយផលដល់ដំណើរកម្សាន្តរបស់ភ្ញៀវទេ។ ផ្លូវធ្វើដំណើរឆ្ពោះទៅកាន់រមណីយដ្ឋានមួយចំនួនខូចខាតដោយសារជំនន់ទឹកភ្លៀង ធ្វើឲ្យភ្ញៀវលំបាកក្នុងការធ្វើដំណើរ»។

ប៉ុន្តែត្រង់ចំណុចនេះ បើតាមមន្ត្រីមួយចំនួនដែលសង្កេតឃើញផ្ទាល់ និងភ្ញៀវទេសចរមួយចំនួនដែលធ្វើដំណើរកម្សាន្តផ្ទាល់ ហាក់បង្ហាញចំណុចអវិជ្ជមាន និងវិជ្ជមានច្រើនជាងការវា.យតម្លៃរបស់មន្ទីរទេសចរណ៍។ ប៉ុន្តែពួកគេបានចាត់ទុកចំណុចអវិជ្ជមាន ដែលមន្ទីរទេសចរណ៍បានលើកឡើងខាងលើថា «ជារឿងត្រឹមត្រូវ»។ ហើយអ្វីដែលជាចំណែកបង្កឱ្យមានការរំខានដល់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរបន្ថែមលើនេះ គឺបញ្ហា «សេដ្ឋកិច្ចធ្លាក់ចុះ។ នេះបើតាមការលើកឡើងពីមន្ត្រីមួយចំនួន ដែលតាមដាន និងសង្កេតឃើញផ្ទាល់ ហើយបានវា.យតម្លែប្រហាក់ប្រហែលទៅនឹងការត្អូញត្អែរបស់ភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្ត។

ប្រភពដដែលបានលើកបង្ហាញថា សេដ្ឋកិច្ចធ្លាក់ចុះគ្មានប្រាក់ចំណូលគ្រប់គ្រាន់ គឺជាបញ្ហាចម្បងធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការចំណាយទៅលើការធ្វើដំណើរកម្សាន្ត។ អាកាសធាតុមិនអំណោយផល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បង្កការរំខានដល់ការធ្វើដំណើរកម្សាន្ត ដែលធ្វើឲ្យភ្ញៀវទេសចរខ្លាចរអាមិនហ៊ានទៅលេងតំបន់ដែលមានទឹកធ្លាក់។ ផ្លូវធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍មានការលំបាក។ ដូច្នេះហើយទើបនៅតាមរមណីយដ្ឋានមួយចំនួនមានភាពស្ងប់ស្ងាត់។

ត្រឹមតែប៉ុណ្ណោះ គេសង្កេតឃើញភ្ញៀវទេសចរភាគច្រើន សម្រុកទៅកម្សាន្តតាមរមណីយដ្ឋានទាំងឡាយណា ដែលមិនប្រឈមនឹងគ្រោះធម្មជាតិ ជាពិសេសដូចជានៅតំបន់រមណីយដ្ឋាន «ភ្នំសំពៅ» មើលហ្វូងសត្វប្រជៀវរាប់ពាន់លានក្បាលហោះចេញពីល្អាងភ្នំ និងទៅលេងប្រាសាទ «បាណន់» ដែលមាន «ឡូរី» ជិះកម្សាន្តលើផ្លូវដែកដ៏ពេញនិយមជាដើម។ល។

យ៉ាងណាក្ដី បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខាងលើ បានបង្ហាញថា «នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យទំនៀមទម្លាប់ប្រពៃណីខ្មែរដ៏ធំក្នុងឆ្នាំ២០២៣នេះ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ខេត្តបាត់ដំបង បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ មានចំនួនសរុបជាង២១៧,០០០នាក់ កើនឡើងជាង២៦% បើប្រៀបធៀបទៅនឹងឆ្នាំ២០២២កន្លងទៅ។ ដោយឡែកសម្រាប់ភ្ញៀវបរទេសវិញ មានចំនួនសរុប៤៥៧នាក់ បានកើនឡើង១០% បើប្រៀបធៀបទៅនឹងឆ្នាំ២០២២ កន្លងទៅ។ ប៉ុន្តែរបាយការណ៍នេះ ពុំបាននិយាយពីបញ្ហាគ្រោះថ្នាក់ផ្សេងៗ ភ្ជាប់ទៅនឹងដំណើរកម្សាន្តតាមរមណីយដ្ឋាននានានោះទេ៕










ចែករំលែកព័តមាននេះ