ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតករ​១​រូប ទម្លាយ​មូលហេតុ​នៃ​ការ​បាត់​មុខ​ពី​សិល្បៈ​របស់​តារាចម្រៀង សុខ ស្រី​នាង (​វី​ដេ​អូ​)

6 ខែ មុន
  • ភ្នំពេញ

ផលិតករ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស លោក អេកូ វ៉ា​ក់​សង បាន​ចេញ​មុខ​បញ្ជាក់​មូលហេតុ​នៃ​ការ​បាត់​មុខ​ពី​វិស័យ​សិល្បៈ​របស់​តារាចម្រៀង សុខ ស្រី​នាង ដែល​កំពុង​តែ​ក្លាយជា​ច​ម្ង​ល់​ពី​សំណាក់​ទស្សនិកជន ហើយ​ក៏​មានការ​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់

រាជធានី​ភ្នំពេញ ៖ ផលិតករ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស លោក អេកូ វ៉ា​ក់​សង បាន​ចេញ​មុខ​បញ្ជាក់​មូលហេតុ​នៃ​ការ​បាត់​មុខ​ពី​វិស័យ​សិល្បៈ​របស់​តារាចម្រៀង សុខ ស្រី​នាង ដែល​កំពុង​តែ​ក្លាយជា​ច​ម្ង​ល់​ពី​សំណាក់​ទស្សនិកជន ហើយ​ក៏​មានការ​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​ពី​បណ្តា​សារព័ត៌​មាននៅ​ក្នុងស្រុក​នានា​ផង​ដែរ និង​លើក​ឡើង​ពី​ការ​បាត់​មុខ​របស់​តារាចម្រៀង​ស្រី​រូប​នេះ ដោយ​មិន​មាន​មូលហេតុ ។

យ៉ាងណា ផលិតករ​រូប​នេះ​បាន​ទទួលស្គាល់​ថា តារាចម្រៀង​នាង សុខ ស្រី​នាង ពិតជា​បាន​ដកឃ្លា​ពី​វិស័យ​សិល្បៈ​ពិតប្រាកដ​មែន​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ដោយសារ​តែ​នាង​ជាប់ដៃ​ធ្វើ​ជំនួញ​ផ្ទាល់ខ្លួន ពោល​គឺ​មិនមែន​ព្រោះតែ​នាង​មាន​ស្នេហា​ជាមួយ​បុរស​រូប​ណា​ម្នាក់ ហើយ​បាន​ហាមឃាត់​នាង​មិន​ឱ្យ​បន្ត​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដូច​ការ​ចុះ​ផ្សាយ​ព័ត៌មាន​នានា​នោះ​ឡើយ​។

តាម​រយៈ​វី​ដេ​អូ​ដែល​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម លោក អេកូ វ៉ា​ក់​សង បាន​លើក​ឡើង​ថា «​មួយ​រយៈ​ចុង​ក្រោយ​នេះ លោក​បានឃើញ​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ពី សុខ ស្រី​នាង ថា បាន​ឈប់​ពី​សិល្បៈ​ដោយសារ​ទៅ​នេះ​ទៅ​នោះ ឬ​មាន​អ្នក​នេះ ឬ​មាន​អ្នក​នោះ​ជាដើម​»​។

លោក​បញ្ជាក់​ថា «​តាម​ពិត​ការ​ចុះ​ផ្សាយ​នោះ​មិន​មាន​ប្រភព​ច្បាស់លាស់​នោះ​ឡើយ ពោល​គឺ​អាច​គ្រាន់តែ​ជា​ការ​ចុះ​ផ្សាយ​ឱ្យ​មាន​ព័ត៌មាន​តែ​ប៉ុណ្ណោះ​»​។ លោក​ថា «​តាម​ពិត មុន​នឹង​គាត់ (​សុខ ស្រី​នាង ) សម្រេច​ឈប់​នោះ គាត់​ក៏​បាន​មក​ប្រាប់​លោក​ដែរ​ថា អ្នក​ផ្ទះ​គាត់ ចង់ឱ្យ​គាត់​រកស៊ី​ជាង ព្រោះ​សិល្បៈ​ពេល​វ័យ​កាន់តែ​ចាស់ យើង​មិន​មាន​អ្វី​សម្រាប់​ខ្លួនឯង ចឹ​ង​យើង​ត្រូវ​ពង្រឹង​មុខរបរ​រកស៊ី​សិន​»​។

លោក​បន្ត​ថា «​ខ្ញុំ​តែង​ប្រាប់​គាត់​ជា​រឿយ​ៗ​ដែរ​ថា ឱ្យ​នាង​រើស​តាម​លទ្ធភាព​ទៅ បើ​មាន​ពេល​មក​ធ្វើ ហើយ​បើ​អត់​ពេលវេលា​គ្រប់គ្រាន់​ក៏​ធ្វើ​តិច​ៗ​ទៅ តែ​កុំ​បោះបង់​។ តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ គាត់​ក៏​មានការ​មមាញឹក​ខ្លាំង​ក្នុង​ការ​ធ្វើ​ជំនួញ​ផ្ទាល់ខ្លួន គាត់​ក៏​សម្រេចចិត្ត​ផ្អាក​ការងារ​សិល្បៈ​តែ​ម្តង​»​។

ផលិតករ លោក អេកូ វ៉ា​ក់​សង បាន​លើក​ឡើង​បន្ថែម​ថា «​បទ​ចម្រៀង​ចុង​ក្រោយ​ដែល សុខ ស្រី​នាង បាន​ថត​នោះ គឺ​បទ «​ស្នេហា​ខ្ញុំ​ផ្លូវ​ពីរ​» ជាមួយ​តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា​។ ខណៈ​ពេល​លោក​បាន​ស្គាល់គ្នា​ជាមួយនឹង សុខ ស្រី​នាង តាំងពី​នៅ​ថត​រួម​គ្នា​ក្នុង​ផលិតកម្ម​សាន់​ដេ​មក​ម្ល៉េះ​។ ហើយ​ពេល​ដែល​លោក​ផ្លាស់​មក​ហង្ស​មាស​នោះ លោក​ក៏​ហៅ​នាង​ឱ្យមក​ទី​នេះ ដើម្បី​ធ្វើការ​ជាមួយ​គ្នា​បន្ត​ទៀត​»​។

លោក​បញ្ជាក់​ថា «​កន្លង​មក លោក​បានឃើញ​មាន​ព័ត៌មាន​ខ្លះ​ចុះ​ផ្សាយ​ថា សុខ ស្រី​នាង មាន​ស្នេហា ទើប​បង្ខំ​ឱ្យ​នាង​ឈប់​ពី​សិល្បៈ​ជាដើម ដែល​ការ​ចុះ​ផ្សាយ​នោះ គឺជា​ការ​យល់​ឃើញ​តែ​មួយ​ជ្រុង​តែ​ប៉ុណ្ណោះ ដោយ​មិន​មាន​ប្រភព​ច្បាស់លាស់​នោះ​ឡើយ​»​។ យ៉ាងណា បើ​តាម​លោក អេកូ វ៉ា​ក់​សង ថា ទៅ​ថ្ងៃ​មុខ​លោក​សង្ឃឹមថា ប្រសិនបើ​តារាចម្រៀង សុខ ស្រី​នាង មាន​ពេល​គ្រប់គ្រាន់ នាង​អាច​នឹង​វិល​ត្រឡប់​មក​កាន់​អាជីព​សិល្បៈ​នេះ​ជា​ថ្មី​ម្តងទៀត​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ