រាជធានីភ្នំពេញ ៖ កវី ព ចាន់ពី បានបង្ហើបឱ្យដឹងថា លោកមានបំណងចង់បានដៃគូរសហការជាលក្ខណៈបុគ្គល ឬជាផលិតកម្ម ដែលមានលទ្ធភាព ដើម្បីរួមគ្នាបម្រើវិស័យសិល្បៈចម្រៀងខ្មែរឲ្យមានការរីកចម្រើនបន្ថែមទៀត ក្នុងពេលដែលលោកធ្លាប់មានស្នាដៃនិពន្ធបទចម្រៀងជាច្រើននាពេលកន្លងមក ហើយទទួលបានការគាំទ្រពីសំណាក់មហាជន។

ជា កវី លាក់មុខជិត២ទសវត្សរ៍ លោក ព ចាន់ពី ធ្លាប់បានតែងនិពន្ធបទចម្រៀងជាច្រើន នៅក្នុងផលិតកម្មល្បីៗ ក្នុងស្រុកនាពេលកន្លងមក ប៉ុន្តែជាចុងក្រោយ បើទោះបីឥឡូវនេះ លោកមិនសូវមានចេញស្នាដៃថ្មីៗអ្វីក៏ដោយ ប៉ុន្តែលោកនៅមានបំណងចង់បានដៃគូរសហការ ដែលមានលទ្ធភាព ដើម្បីរួមគ្នាបម្រើវិស័យសិល្បៈចម្រៀងខ្មែរ ។

មហាជនមួយចំនួនធ្លាប់បានស្តាប់បទចម្រៀងដ៏ពីរោះ ដែលផ្ទុះល្បីខ្លាំងនៅអំឡុងឆ្នាំ២០០៦ ឬឆ្នាំ២០០៧ មានចំណងជើងថា «ទូក.ងកូនខ្មែរ» និងបទ «បុប្ផាក្រពុំ» ច្រៀងដោយលោក ខាន់ ជេមស៍ របស់ផលិតកម្ម ROCK។ ប៉ុន្តែមហាជនប្រហែលមិនបានចាប់អារម្មណ៍ដល់ស្នាដៃអ្នកនិពន្ធនោះឡើយ។

ជាការពិត បទទាំងនេះ ជាស្នាដៃនិពន្ធទំនុកច្រៀងរបស់កវីលាក់មុខម្នាក់មានឈ្មោះ លោក ព ចាន់ពី។ លោក ព ចាន់ពី ឈ្មោះដើម គឺ យឿង ពី ជាកូនកសិករ មានដើមកំណើតនៅភូមិបុសលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ លោកទទួលបានការបណ្តុះបណ្តាលផ្នែកតែងនិពន្ធពីសមាគមអ្នកនិពន្ធខ្មែរ សមាគមអក្សរសិល្បិ៍ នូ ហាច និងពីអង្គការសមាគមជាច្រើនទៀត។

លោក ព ចាន់ពី បានឡើងថា តាំងពីកុមារភាព លោកមាននិស្ស័យមុតជ្រៅលើផ្នែកតែងនិពន្ធនេះ។ ដោយមានការតស៊ូ ហ្វឹកហាត់ ស្វះស្វែងរកឱកាសពីមួយថ្ងៃទៅមួយថ្ងៃ លើវិថីសិល្បៈចម្រៀង លោកបានបញ្ចេញស្នាដៃជាច្រើននៅក្នុងពិភពសំណេរមានដូចជា ៖ បទ «ចិត្តក្រពើ» (នៅផលិតកម្មប្ល៊ូដាយមិន), បទ «ស្រីចិត្តមិនស្មោះ», បទ «ចិត្តវេហារ», បទ «អប់អរទូកថ្មី», បទ «ប្រទីបផ្សងស្នេហ៍» និងបទ «ណាត់ជួបភ្នំពេញ» ដែលប្រសូត្ររួមគ្នានៅផលិតកម្ម (ROCK) និងមានបទជាច្រើនទៀត នៅតាមបណ្តាផលិតកម្មផ្សេងៗក្នុងស្រុក ក៏ដូចជានៅឯបរទេស ។

ដោយនាមជា កវីនិពន្ធ នាឱកាសចូលរួមឃោសនារកសំឡេងឆ្នោត សម្រាប់នីតិកាលទី៧ លោកក៏បាននិពន្ធចម្រៀងចំនួន៣បទ និងបានផលិតរួចរាល់ហើយដែរ រួមមាន ៖ បទ «បេះដូងមាស», បទ «ទេវតានាំលាភ» និងបទ «អបអរសាទរសម្តេចមហាបវរធិបតីយើង»។

ជាចុងក្រោយ លោកក៏បានបង្ហើបថា បើទោះបីឥឡូវនេះ លោកមិនសូវមានចេញស្នាដៃថ្មីៗអ្វីក៏ដោយចុះ ប៉ុន្តែលោកនៅមានបំណងចង់បានដៃគូរសហការជាលក្ខណៈបុគ្គល ឬជាផលិតកម្ម ដែលមានលទ្ធភាព ដើម្បីរួមគ្នាបម្រើវិស័យសិល្បៈចម្រៀងខ្មែរឲ្យមានការរីកចម្រើនបន្ថែមទៀត ៕
ចែករំលែកព័តមាននេះ