រាជធានីភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកគាំទ្របានសម្តែងការភ្ញាក់ផ្អើល និងរីករាយក្រោយពីឃើញវត្តមានរបស់អតីតតារាភាពយន្តដ៏ល្បីនាទសវត្សន៍ឆ្នាំ៩០ គឺអ្នកនាង អម្ពរ ទេវី ដែលបានវិលមកការសម្តែងភាពយន្តជាថ្មីឡើងវិញ ក្រោយខកខានអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ តារារូបនេះ ត្រូវគេដឹងថា បានចូលរួមសម្តែងភាពយន្តភាគខ្នាតធំរឿង «អប្សរាមហាអង្គរ» ដែលដឹកនាំដោយផលិតករល្បីឈ្មោះ គឺលោក ហ្វៃ សំអាង ហើយគ្រោងនឹងចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ហង្សមាស នាពេលឆាប់ៗខាងមុខនេះ។

យ៉ាងណា នៅក្នុងការហៅអ្នកនាង អម្ពរ ទេវី មកសម្តែងនៅក្នុងរឿងខាងលើនេះ លោក ហ្វៃ សំអាង បានទម្លាយរឿងរ៉ាវដែលលោកជួបនូវឧបសគ្គធំៗចំនួន២ ដែលកើតមាននៅមុនពេលការមកដល់ទឹកដីកំណើតរបស់តារាសម្តែងរូបនេះ។
លោក ហ្វៃ សំអាង បញ្ជាក់ថា «ឧបសគ្គនោះ គឺអ្នកនាង អម្ពរ ទេវី បានធ្វើការបដិសេធចំនួន២លើក ដោយធ្វើការសុំទោសលោកមិនបានមកសម្តែងរឿង «អប្សរាមហាអង្គរ» បានឡើយ ដោយលើកទី១ ម្តាយរបស់អ្នកនាងឈឺធ្ងន់ និងទី២ ក្រោយម្តាយរបស់អ្នកនាង ទទួលមរណភាព»។

នៅក្នុងសំណេរដ៏វែងមួយ ដែលត្រូវបង្ហោះតាមបណ្តាញសង្គម លោក ហ្វៃ សំអាង បានលើកឡើងថា « ថ្ងៃនេះ ខ្ញុំសូមនិយាយពី Idol របស់បងប្អូនបន្តិច គឺប្អូនស្រី អម្ពរ ទេវី ខ្ញុំខានថតភាពយន្តជាមួយគាត់ម្ភៃឆ្នាំមកហើយ ចាប់តាំងពីគាត់ទៅរស់នៅសហរដ្ឋអាមេរិក»។
លោកបន្តថា «បើនិយាយពីអនុស្សាវរីយ៍ជាមួយគាត់ និងលោក ទេព រិនដារ៉ូ គឺថា មានរឿងមួយចាំមិនភ្លេច ពេលទៅប្រទេសថៃ ឃោសនាបញ្ជាំងរឿង «កូនពស់កេងកង» បើរំលឹក គឺសើចចុកពោះ រឿងនេះចាំដល់ឆាកថតជុំគ្នាជាមួយលោក ទេព រិនដារ៉ូ ចាំរំលឹក។ ងាកមកការងារថតរឿង «អប្សរាមហាអង្គរ» ឲ្យបងប្អូនស្តាប់បន្តិចសិន មុននឹងបង្ហាញឈុតឆាកដែលគាត់សម្តែង»។

លោកបញ្ជាក់ថា «នៅខែវិច្ឆិកា ចុងឆ្នាំ២០២១ ខ្ញុំចាប់ផ្តើមទូរស័ព្ទទៅ ដើម្បីអញ្ជើញគាត់មកសម្តែងរឿងនេះ តាមការសន្យាជាង៧ឆ្នាំមុន។ ក្រោយពីជម្រាបពីតួអង្គនៅក្នុងសាច់រឿងរួចហើយ គាត់សប្បាយចិត្តនឹងទទួលយកការសម្ដែងរបស់ផលិតកម្មហង្សមាស និងរស្មីហង្សមាស ភ្លាម។ នៅចុងឆ្នាំ២០២២ ក្រុមការងារផលិតចាប់ផ្ដើមរៀបចំដើម្បីចេញថត ឧបសគ្គដ៏ធំមួយបានកើតឡើង ដែលនឹកស្មានមិនដល់ គឺម្តាយរបស់គាត់ធ្លាក់ខ្លួនឈឺជាទម្ងន់ គាត់មានទុក្ខ ព្រោះត្រូវមើលថែអ្នកម្តាយជាទីស្រឡាញ់ដែលមានជំងឺស្ទ្រូប។ គាត់បានសរសេរសារយ៉ាងវែងអន្លាយ រៀបរាប់ពីទុក្ខលំបាក ព្រោះតែជិតដល់ថ្ងៃដែលថតនៅខែឧសភា ឆ្នាំ២០២៣» ។

លោកបន្តថា «គាត់មិនអាចទុកម្តាយនៅអាមេរិក ដើម្បីមកថតភាយន្តនៅកម្ពុជាបានឡើយ ព្រោះគាត់មានតែពីរនាក់ស្វាមី កូនជាប់រវល់នៅរៀន គាត់សុំទោសខ្ញុំរួចហើយ ជូនពាក្យមកវិញឲ្យរកតួមកជំនួសតួគាត់វិញ ពុទ្ធោ! ពាក្យនេះ នៅក្នុងខួរក្បាលខ្ញុំរហូត តើខ្ញុំទៅរកតួសម្តែងណាមកជំនួសគាត់បាន? បើខ្ញុំសរសេរសាច់រឿងតួអង្គ អ្នកអង្គម្ចាស់ស្ត្រី កាមល សម្តែងជាមួយបណ្ឌិត ខីណា ព្រាហ្ម គឺសម្រាប់គាត់ និងលោក ទេព រិនដារ៉ូ?»។

លោកបន្តថា «ខ្ញុំផ្តល់កម្លាំងចិត្តឲ្យគាត់ លួងលោមគាត់ឲ្យខំប្រឹងមើលថែអ្នកម្តាយឲ្យគាត់បានជាសះស្បើយ ខ្ញុំអាចពន្យារការថតសិន ដើម្បីរង់ចាំគាត់។ ពីរខែក្រោយមក គាត់បានទូរស័ព្ទមកខ្ញុំប្រាប់ថា ម្តាយរបស់គាត់បានធូរសះស្បើយហើយ គាត់អាចមកថតបានហើយ គឺយកម្តាយមកជាមួយ ឲ្យប្អូនស្រីនៅស្រុកខ្មែរជាអ្នកជួយមើល ខ្ញុំសប្បាយរីករាយជាមួយនឹងគាត់ដែរ»។
លោកបន្ថែមថា «នៅដើមឆ្នាំ២០២៣ យើងចាប់ផ្តើមរៀបចំ និងធ្វើពិធីក្រុងពាលី ដើម្បីចេញថត ខ្ញុំត្រូវឲ្យគាត់ចុះមកថតនៅខែកក្កដា ឆ្នាំ២០២៣ ។ ជាអកុសលនៅខែឧសភា ម្តាយរបស់គាត់ចាប់ផ្ដើមរើឡើងវិញ ហើយមានសភាពធ្ងន់ធ្ងរ ធ្វើឲ្យគាត់ដាច់ចិត្តសុំជូនពាក្យខ្ញុំជាថ្មីម្តងទៀត ខ្លាចខ្ញុំខក និងខូចខាតពេលវេលារង់ចាំគាត់។ ខ្ញុំពិបាកចិត្តជាលើកទី២ ខ្ញុំអាណិតគាត់ខ្លាំងណាស់ គាត់មានទុក្ខមើលថែជំងឺម្តាយ ឯចិត្តជាប់ជំពាក់ពាក្យសន្យាសម្តែងភាពយន្ត ព្រោះគាត់ស្រលាញ់ការសម្ដែង ជាពិសេសគឺរឿង «អប្សរាមហាអង្គរ» ។

លោកបញ្ជាក់ថា «ខ្ញុំមានអារម្មណ៍ច្របូកច្របល់ ព្រោះក្រុមការងារផលិត បន្ទាប់ពីក្រុងពាលីហើយ គឺចេញថតចាប់ពីខែកុម្ភៈមក យើងថតបានចំនួន៤ខែហើយ ខ្ញុំអស់សង្ឃឹម មិនដឹងទៅយកតួណាមកជំនួសគាត់បានទេ ខ្ញុំនៅតែផ្តល់ពេលវេលាជូនគាត់ទៀត ដោយប្រាប់គាត់ថា មិនអីទេ ប្អូនមើលថែជំងឺអ្នកម្តាយបន្តទៀតចុះ បងអាចរង់ចាំប្អូនបាន ព្រោះនៅសល់មួយខែទៀតដែរ»។
លោកបញ្ជាក់បន្តថា «ក្រុមការងារផលិតសម្រុកចេញថតជារៀងរាល់ថ្ងៃ ខែកក្កដា បានចូលមកដល់ ជំងឺម្តាយរបស់គាត់មិនបានធូរស្រាលឡើយ លើកនេះគាត់និយាយទាំងអស់សង្ឃឹម សុំជូនពាក្យខ្ញុំវិញ សុំអភ័យទោសដោយក្រែងចិត្តខ្ញុំ។ លើកចុងក្រោយខ្ញុំនៅតែផ្តល់ពេលវេលាជូនគាត់ទៀត គឺខ្ញុំលើកប្លង់ថតរបស់គាត់នៅពាក់កណ្តាលខែកញ្ញាវិញ គាត់ថា មិនបានទេបង ជំងឺម្តាយខ្ញុំមិនអាចយកគាត់ទៅណាឆ្ងាយពីមន្ទីរពេទ្យបានទេបងអើយ ប្អូនសុំទោសបង ខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់ដែលមិនបានសម្ដែងក្នុងរឿង «អប្សរាមហាអង្គរនេះ»។

លោកបន្តថា «ខ្ញុំកំពុងជិះរថយន្តនៅលើផ្លូវល្បឿនលឿនទៅមើលទីតាំងថតនៅឯខេត្តព្រះសីហនុ ជាមួយឯកឧត្តម កែ វិបុល ទូរស័ព្ទជាមួយគាត់ ពេលនោះនៅអាមេរិកម៉ោង១រំលងអធ្រាត្រ កន្លែងខ្លះមានសេវាទូរស័ព្ទ កន្លែងខ្លះដាច់ យើងព្យាយាមខលទៅវិញទៅមកទាំងលំបាក។ ខ្ញុំបានជម្រាបគាត់វិញថា ខ្ញុំផ្ដល់ពេលវេលាជូនគាត់ចំនួនមួយខែទៀត គឺដល់ចុងខែសីហា ដើម្បីមើលថែជំងឺម្តាយឲ្យគាត់បានជាសះស្បើយ គាត់មិនប្រកែកទេ គាត់អរគុណខ្ញុំ។ ខ្ញុំនិ ងក្រុមការងារ ត្រូវផ្លាស់ប្តូរកម្មវិធីថត ដើម្បីរង់ចាំគាត់»។
លោកបន្តទៀតថា «ភាពតក់ស្លុតបានកើតមានឡើងជាថ្មីម្ដងទៀត លើកនេះគឺគាត់មានទុក្ខជាទម្ងន់ដែលមិនអាចអធិប្បាយបាន គឺអ្នកម្ដាយជាទីស្រលាញ់របស់គាត់បានចែកឋានទៅកាន់បរិលោក គ្មានថ្ងៃជួបវិញទេ។ ក្រុមការងារផលិត ព្រមទាំងតារាសម្តែងនៅក្នុងរឿង «អប្សរាមហាអង្គរ» នៅតែរង់ចាំវត្តមានរបស់គាត់ ដើម្បីបំពេញពាក្យសន្យាជាមួយបងប្អូនទស្សនិកជនគ្រប់ជាន់ថ្នាក់តាមប្រព័ន្ធផ្សព្វផ្សាយរបស់ផលិតកម្មហង្សមាស និងរស្មីហង្សមាស។ ទេពកោសល្យនិងតម្លៃនៃការទទួលខុសត្រូវខ្ពស់ My idol នៅទីបំផុតអ្នកនាង អម្ពរ ទេវី ក៏បង្ហាញវត្តមានសម្តែងនៅក្នុងរឿង «អប្សរាមហាអង្គរ» តាមការគ្រោងទុក»៕




ចែករំលែកព័តមាននេះ