រាជធានីភ្នំពេញ ៖ នៅពេលដែលនិយាយទៅដល់អ្នកច្នៃម៉ូត គង់ អូលីវ៉ា បងប្អូនមហាជនអាចនឹងស្គាល់លោកហើយ តាមរយៈការរចនាម៉ូតសម្លៀកបំពាក់ប្លែកៗ និងការដើររបស់លោកនាពេលកន្លងមកនោះ។
អ្នកច្នៃម៉ូត គង់ អូលីវ៉ា ទើបតែទទួលបានជោគជ័យក្តៅៗថ្មីៗកាលពីពេលកន្លងទៅ នៅក្នុងប្រទេសវៀតណាម។ ទន្ទឹមគ្នានេះដែរ អ្នកច្នៃម៉ូតរូបស្រស់ ដែលពោរពេញទៅដោយសមត្ថភាពរូបនេះ នឹងត្រៀមខ្លួនទៅប្រទេសអ៊ីតាលីមួយបន្ថែមទៀត នាខែកញ្ញានេះ ដើម្បីចូលរួមកម្មវិធី «Milan Fashion Week» ដោយមានការចូលរួមជាច្រើនប្រទេសផងដែរនោះ។

តាមរយៈកម្មវិធីមួយនេះ អាចនិយាយបានថាជាកម្មវិធីដ៏ធំចំពោះលោក គង់ អូលីវ៉ា ដោយក្នុងនោះ កម្ពុជាយើងជាអ្នកបើកឆាកដើរមុខគេ ហើយកម្មវិធីមួយនេះ ចូលរួមសុទ្ធតែជាអ្នកច្នៃម៉ូតល្បីៗ និងមានបទពិសោធន៍ច្រើនឆ្នាំ។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព ដោយលោក គង់ អូលីវ៉ា បានជម្រាបជូនថា «លោកពិតជារំភើបលើសពីរំភើប ក្រោយពេលដែលលោកនឹងចូលកម្មវិធី Milan Fashion Week ដោយក្នុងនោះក៏មានអ្នកច្នៃម៉ូតជាច្រើនចូលរួមចំនួន១៦ប្រទេសផងដែរនោះ»។
លោក គង់ អូលីវ៉ា ដែលជាអ្នកច្នៃម៉ូត មានចំណេះជំនាញរូបនេះ បានបន្តថា «នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកសង្ឃឹមថា លោកនឹងធ្វើបានល្អ ក្នុងនាមលោកជាអ្នកម៉ូតតំណាងអោយកម្ពុជានៅលើឆាកដ៏ធំមួយនេះ សម្រាប់លោកផ្ទាល់»។

អ្នកច្នៃម៉ូត គង់ អូលីវ៉ា បានបន្តថា «លោកពិតជាមានមោទនៈភាព ជាពិសេសនៅក្នុងកម្មវិធីមួយនេះទៀតសោត កម្ពុជាយើងបានក្លាយជា Main Designer ដែលជាការបើកឆាកដើរនៅលើឆាកដ៏ធំមុនគេ ក្នុងការបង្ហាញឈុតផងដែរ»។
គង់ អូលីវ៉ា ដែលជាអ្នកច្នៃម៉ូត និងអ្នកដើរម៉ូតនោះបានបន្តថា «លោកពិតជាមានក្តីសង្ឃឹមច្រើនក្នុងការធ្វើវា «គិតហើយ ត្រូវហ៊ានធ្វើ ទោះលើកទី១ បរាជ័យ លើកទី២ បរាជ័យក៏ដោយ។
ជាចុងក្រោយ លោកពិតជាអរគុណខ្លាំងណាស់ ចំពោះការគាំទ្រការច្នៃម៉ូត និងការដើរម៉ូតរបស់លោក ហើយលោកសង្ឃឹមថា លោកនឹងធ្វើបានល្អ ទទួលបានលទ្ធផលល្អនាពេលឆាប់ៗខាងមុខនេះ៕ ដោយ ៖ លីហួ គីមឆាយ







ចែករំលែកព័តមាននេះ