តួអង្គ «ស្រីនូ» កំពុងផ្ទុះការរិះគន់មិនឈប់ ក្រោយប្អូនស្រីសម្ដែងក្នុងខ្សែភាពយន្តរឿងមួយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ថ្មីៗនេះ ក្មេងស្រីដ៏ពូកែមួយរូប ដែលជាតួអង្គសម្ដែងនៅក្នុងរឿង «កុលាបខ្មៅ» ជាតួអង្គ «ស្រីនូ» កំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ។ ហើយមូលហេតុដែលទទួលបានការចាប់អារម្មណ៍ពីមហាជនច្រើននោះ គឺមកពីប្អូនស្រីមានដុងផ្នែកសម្តែង ឆ្លាតពូកែ ថែមទាំងសម្ដែងចេញមក គឺល្អឥតខ្ចោះតែម្ដង អាចនិយាយបានថា មនុស្សធំមួយចំនួនសុំចាញ់ហើយ។

បន្ទាប់ពីមានការគាំទ្រពីមហាជនមួយចំនួនរួចមក ក៏មានពុកម៉ែបងប្អូនមួយចំនួនទៀត បានសម្ដែងការមិនពេញចិត្តផងដែរ ចំពោះការសម្ដែងរបស់តួអង្គ «ស្រីនូ» ដោយអ្នកខ្លះបញ្ចេញមតិថា «មើលទៅវាដូចជាជ្រុលពេក នៅក្មេង ការនិយាយប្រើប្រាស់ពាក្យពេចន៍ឈ្លើយខ្លាំងណាស់»។ ចំពោះរឿងនេះផងដែរ ក៏បានផ្ទុះការរិះគន់ពាសពេញបណ្ដាញសង្គមតែម្ដង ពីអ្នកដែលបានទស្សនា។
យ៉ាងណាមិញ ស្របពេលឃើញនូវខ្សែភាពយន្តរឿងដែលក្មេងស្រីដ៏ស្រស់ស្អាត តួអង្គ «ស្រីនូ»នេះ ដែលឈ្មោះពិតរបស់នាង «រស្មី វិជ្ជារ៉ា» រួចមក ក៏ស្រាប់តែមានគណនីហ្វេសប៊ុកមួយឈ្មោះថា «Sweetie Berry» បានចេញមុខមកបង្ហោះរូបភាព១សន្លឹករបស់ ស្រីនូ ដោយភ្ជាប់ជាមួយសារយ៉ាងវែងអន្លាយថា «នេះជាមតិ និងការរិះគន់របស់ខ្ញុំ។ ខ្ញុំគាំទ្រការពុះពាររបស់ sastra film ដើម្បីវិស័យភាពយន្តខ្មែរ។ តែសម្រាប់រឿងប្រភេទនេះ ខ្ញុំសូមមិនគាំទ្រ អ្នកនិពន្ធអោយក្មេងស្រីជាង១០ឆ្នាំម្នាក់ មានអាកប្បកិរិយាដូចមនុស្សធំ មានចិត្តគំនិតដូចមនុស្សធំ ការស្លៀកពាក់ដូចមនុស្សធំ»។

ហ្វេសប៊ុកខាងលើបន្តថា «ខ្ញុំមើលរឿងបរទេសច្រើនរាប់មិនអស់ ទោះបីជារឿងដែលក្មេងសម្ដែង ជាក្មេងពិសេស IQ ខ្ពស់យ៉ាងណា ក៏មើលទៅនៅតែជាក្មេង។ ព្រោះថីអត់? វាធម្មជាតិ ក្មេង ទោះធំដឹងក្តីក្នុងបរិយាកាសយ៉ាងណា ក៏ធម្មជាតិក្មេងនៅតែជាក្មេង។ ក្នុងជីវិតពិតគ្មាន ក្មេងណាមានអត្តចរិតបែបនេះទេ ក្មេងដែលឈ្លើ.យ និយាយស្តីដូចមនុស្សចាស់ ចិត្តគំនិតចេះច្រណែនឈ្នានី.ស រៀបគំរោងដូចមនុស្សចាស់បែបនេះ វាគ្មាននោះទេ»។
ហ្វេសប៊ុកខាងលើបន្តថា «ដូចវគ្គមួយ ដែលខ្ញុំអូសឃើញ នាងពាក់ស្បែកជើងកែងទៅសាលា គ្រូហាមនាង នាងបោះសម្ដីថា «ខ្ញុំយកខួរមករៀង មិនមែនយកជើងរៀនទេ» ហើយគ្រូធ្វើមុខស្ញយ។ វគ្គនេះលើសណាស់ ថែមទាំងបង្ហាញពីការអសមត្ថភាពរបស់គ្រូ និងភាពទន់ខ្សោយនៃវិន័យសាលា។ ហើយខ្ញុំឃើញផុសមួយ គេថា រឿងនេះអប់រំ ថា បើមានម៉ែឪមិនកើត តើក្មេងនឹងទៅជាយ៉ាងនេះ?។ អត់ទេ ខ្ញុំមិនដែលឃើញក្មេងបែបនេះឡើយ តាំងពីខ្ញុំកើតមក។ ធ្លាប់តែឃើញក្មេងមានបញ្ហាផ្លូវចិត្ត ក្មេងកោងកាច ក្មេងដើរខុសតាមវ័យក្មេង។ បើចង់អប់រំពីរឿងឪពុកម្តាយបែបនេះ គឺខុសហើយ ព្រោះបើឪពុកម្តាយបែបនោះ បានកូនដូចនាងស្រវាខ្ពស់បែបនេះ អាចអរវិញ ព្រោះអាចទារលុយកូនបាន»។

ហ្វេសប៊ុកខាងលើបន្តថា «ការប៉ះពាល់ដល់សង្គម ៖ វគ្គខ្លីៗដែលផេកផ្ទាល់ផុស និងផេកមួយចំនួន យកមកផុស វាបណ្តាលអោយប៉ះពាល់ដល់សង្គម ចាស់ចាស់នាំគ្នាស៊ែរ លេងសើច ឌឺដងគ្នា ក្មេងក្មេងមើលឃើញគិតថា ជាទង្វើធម្មតា ព្រោះម៉ែឪ បងប្អូន មីងពូ អ៊ុំ យាយតា ពួកគេគាំទ្រ។ ខ្ញុំពិតជាមិនគាំទ្រប្រភេទរឿងបែបនេះ ក៏ដូចផេកខ្លះផលិតរឿងយកក្មេងមកសម្ដែងជាមនុស្សធំទាំងនោះ។ ត្រូវចាំថា កុមារស្ថិតនៅក្នុងវ័យលូតលាស់ ឆាប់ស្រូបទាញបានពីសង្គមណាស់។ ខ្ញុំឃើញឪពុកម្តាយខ្លះ បង្រៀនកូនអោយសម្ដែងតាមគេ ស្លៀកពាក់អោយកូនលេចលើលេចក្រោម ម៉ាគីយ៉ែអោយកូន។ ខ្ញុំសូមជូនពាក្យមួយឃ្លា «អ្នកដាំដើមអី នឹងទទួលផ្លែនោះ»។ អ្នកនិពន្ធមើលរឿងថៃច្រើនពេក យកចរិតតួឈ្នានី.សថៃមកសម្ដែងដូរជាតួរក្មេង។ ព្រះអង្គអើយៗៗៗៗ…»។
សូមជំរាបឱ្យដឹងផងដែរថា តួអង្គ «ស្រីនូ» ឈ្មោះពិត «រស្មី វិជ្ជារ៉ា» នាងមានទើបអាយុ១១ឆ្នាំ ហើយសព្វថ្ងៃនេះប្អូនស្រី រស្មី វិជ្ជារ៉ា រៀនថ្នាក់ទី៥។ មិនតែវ៉ុណ្ណោះ ប្អូនស្រី រស្មី វិជ្ជារ៉ា ក៏បានទទួលការសិក្សាមកជាច្រើនផងដែរ ទៅលើផ្នែកសិល្បៈ មានដូចជា ៖ ការដើរម៉ូដ, សម្តែងច្រៀងរាំ ជាដើម ដោយប្អូនស្រីបានរៀននៅក្លិបរបស់បងស្រី ព្រះកាយច័ន្ទ។

ប្អូនស្រី រស្មី វិជ្ជារ៉ា ទទួលបានរង្វាន់នៅក្នុងកម្មវិធី «តូចខ្លឹមខ្លាំង»។ ហើយជាពិសេស ប្អូនស្រី រស្មី វិជ្ជារ៉ា ក៏បានចូលរួមក្នុងកម្មវិធីប្រឡងចម្រៀងផងដែរ គឺកម្មវិធី «Cambodian Idol Junior» រដូវកាលទី២ ទៀតផង។ បន្ទាប់មកទៀត ប្អូនស្រី រស្មី វិជ្ជារ៉ា ក៏បានចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាវ័យក្មេង គឺ «Little Miss Cambodia» ហើយទទួលបានចំណាត់ថ្នាក់ Top10។
លុះរហូតមកដល់ពេលឥឡូវនេះ ប្អូនស្រី រស្មី វិជ្ជារ៉ា ក៏កំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ក្រោយពីបានសម្តែងនៅក្នុងរឿងខ្សែភាពយន្តជីវិតរឿង «កុលាបខ្មៅ» សម្ដែងជាតួអង្គ «ស្រីនូ» ។ ចំណែកមូលហេតុដែលទទួលបានការចាប់អារម្មណ៍ពីមហាជនច្រើននោះ គឺមកពីប្អូនស្រីមានដុងផ្នែកសម្តែង សម្តែងបានល្អ និងជាក្មេងស្រីដែលមានសមត្ថភាពមិនធម្មតានោះឡើយ៕ ដោយ ៖ សុភា ដានេត




















ចែករំលែកព័តមាននេះ