រាជធានីភ្នំពេញ ៖ ដោយសារតែមាននិស្ស័យស្រឡាញ់ចូលចិត្តសិល្បៈតាំងពីកុមារភាពមក កញ្ញាមាស ធារី បានខិតខំប្រឹងប្រែងគ្រប់ឧបសគ្គរហូតទទួលបានជោគជ័យដោយបានក្លាយជាអ្នកសម្តែងកាយវិការខារ៉ាអូខេ និងភាពយន្តដូចបំណង ។ កញ្ញាមាស ធារី ហៅអាលីស មានស្រុកកំណើតនៅស្រុកទ្រាំង ខេត្តតាកែវ ។ នាងមានបងប្អូន៩នាក់ក្នុងនោះមានស្រី៥នាក់ ចំណែកនាងជាកូនពៅ ។
ដោយសារតែឪពុកម្តាយជាអ្នកប្រកបមុខរបរធ្វើស្រែមានជីវភាពក្រលំបាក នៅឆ្នាំ២០០៨នាងបានមករស់នៅភ្នំពេញធ្វើជាកម្មការិនីរោងចក្រ ប៉ុន្តែដោយមាននិស្ស័យស្រឡាញ់ចូលចិត្តសិល្បៈ នៅឆ្នាំ២០០៩នាងបានឆ្លៀតពេលវេលាមួយចំនួនចូលហាត់រៀននៅក្នុងក្លឹបសិល្បៈមួយយ៉ាងយកចិត្តទុកដាក់ ហើយនៅឆ្នាំ២០១០ នាងបានបណ្តែតខ្លួនចូលប្រឡូកក្នុងពិភពសិល្បៈសម្តែងដោយបានសម្តែងឱ្យផលិតកម្មក្រៅស្រុកមួយចំនួន និងក្នុងឆ្នាំ២០១១នេះនាងមានឱកាសបានចូលរួមសម្តែងក្នុងខ្សែភាពយន្តបែបប្រវត្តិសាស្ត្ររឿង«ឧកញ៉ារាមរាជតេជោយ៉ត» ដោយអ្នកដឹកនាំរឿងត្រមូវឱ្យនាងសម្តែងជាតួអង្គ មេទ័ពស្រី ។ នេះជាឱកាសមួយដែលនាងបានបង្ហាញទេពកោសល្យសម្តែងជូនទស្សនិកជនបានទស្សនា តាមកញ្ចក់ទូរទស្សន៍ក្នុងពេលឆាប់ៗខាងមុខ ។
កញ្ញាប្រកបដោយទឹកមុខញញឹម សម្បុរស្រអែមស្រស់រូបនេះនាងមានវ័យ២៤ឆ្នាំ ហើយទោះបីជាមិនទាន់មានកេរ្តិ៍ឈ្មោះល្បីក៏ដោយក៏នាងមានចិត្តសប្បាយរីករាយដែរដោយបានក្លាយជាអ្នកសិល្បៈសម្តែងដូចក្តីប្រាថ្នា ។
កញ្ញាមាស ធារី តាំងចិត្តថា នាងនឹងមិនធ្វើឱ្យប្រិយមិត្តទស្សនិកជនអស់សង្ឃឹមទេ ព្រោះ សព្វថ្ងៃក្រៅពីចូលរួមសម្តែងកាយវិការខារ៉ាអូខេ និងភាពយន្តនាងកំពុងតែហាត់រៀនច្រៀងបន្ថែមទៀតដើម្បីឡើងច្រៀងជាកិត្តិយសនៅលើឆាកប្រគំតន្ត្រីចុងសប្តាហ៍តាមស្ថានីយទូរទស្សន៍នានាជូនប្រិយមិត្តទស្សនិកជនបានស្តាប់និងបានឃើញទេពកោសល្យរបស់នាង ៕
ចែករំលែកព័តមាននេះ