ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហេង ឡុ​ង ស្នើ​សុំ​ក្រសួង​វប្បធម៌​កោះហៅ​អ្នក​សិល្បៈ​ប្រើ​ពាក្យ​អសុរោះ​លើ​បណ្តាញ​សង្គម មក​អប់រំ

8 ខែ មុន
  • ភ្នំពេញ

ក្រុមប្រឹក្សាភិបាល​សមាគម​សិល្បករ​ខ្មែរ លោក​ឧកញ៉ា ហេង ឡុ​ង បាន​ចេញ​មុខ​សំណូមពរ​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កោះហៅ​អ្នកសិល្បៈ​រូប​ណា​ដែល​បាន​ប្រើប្រាស់​ពាក្យ​សម្តី​អសុរោះ​តាម​បណ្តាញ​សង្គម ខណៈ​ពេល​ករណី​នេះ​បាន​កើត​ឡើងជា​បន្តបន្ទាប់​។ ការ​សំណូមពរ​របស់​លោក ហេង ឡុ​ង នា​ពេល​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សាភិបាល​សមាគម​សិល្បករ​ខ្មែរ លោក​ឧកញ៉ា ហេង ឡុ​ង បាន​ចេញ​មុខ​សំណូមពរ​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កោះហៅ​អ្នកសិល្បៈ​រូប​ណា​ដែល​បាន​ប្រើប្រាស់​ពាក្យ​សម្តី​អសុរោះ​តាម​បណ្តាញ​សង្គម ខណៈ​ពេល​ករណី​នេះ​បាន​កើត​ឡើងជា​បន្តបន្ទាប់​។ ការ​សំណូមពរ​របស់​លោក ហេង ឡុ​ង នា​ពេល​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​ករណី​អ្នកសិល្បៈ​មួយ​ចំនួន​បាន​យក​បណ្តាញ​សង្គម​ធ្វើ​ជា​វេទិកា​ឆ្លើយឆ្លង​គ្នា ដោយ​ខ្លះ​បាន​ប្រើប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ​ផង​ដែរ​។

លោក ហេង ឡុ​ង បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ថា «​សំណូមពរ​ក្រសួង​វប្បធម៌ មានការ​ប្រៀនប្រដៅ​ចំពោះ​អ្នកសិល្បៈ​ដែល​ប្រើ​ពាក្យ​អសុរោះ​តាម​បណ្ដាញ​សង្គម​»​។ បន្ថែម​ពីលើ​នេះ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា «​បងប្អូន​ដែល​មាន​ការងារ​ពាក់ព័ន្ធ​នឹង​សិល្បៈ ហើយ​ប្រើប្រាស់​បណ្ដាញ​សង្គម​ដោយ​គ្មាន​សីលធម៌ មិន​ចាត់​ទុក​ថា ជា​អ្នកសិល្បៈ​ឡើយ​!»​។

តាម​រយៈ​សំ​ណេ​រដែ​ល​លោក ហេង ឡុ​ង បាន​សរសេរ​ខាងលើ​នេះ គេ​ក៏​បានឃើញ​មាន​មហាជន និង​អ្នកសិល្បៈ​មួយ​ចំនួន​សម្តែង​ការ​គាំទ្រ​ផង​ដែរ​។

ជា​ការ​កត់សម្គាល់ នៅ​មុន​ពេល​ដែល​មានការ​សំណូមពរ​ពី​លោក ហេង ឡុ​ង ខាងលើ​នេះ គេ​ឃើញ​មាន​អ្នកសិល្បៈ​ចាស់​មួយ​ចំនួន​ក៏​បាន​បញ្ចេញមតិ និង​ទស្សនៈ​ផ្ទាល់ខ្លួន​ពាក់ព័ន្ធ​ទៅ​នឹង​ពាក្យ​ថា «​តារា និង​រៀបចំ​ខ្លួន​ក្នុង​នាម​ជាតា​រា​»​។

អ្នក​រៀបចំ​កម្មវិធី​កម្សាន្ត លោក គួ​ច ខេ​វិ​ន ធ្លាប់​បាន​បញ្ចេញ​ទស្សនៈ​របស់​លោក​ថា «​នៅ​ក្នុង​ភាសា​ខ្មែរ​ពាក្យ​ថា តារា (​តារាករ ឬ​តារានិករ​) គឺ​គេ​សំដៅ​ទៅ​លើ​ផ្កាយ​ដែល​រះ​ចិញ្ចែងចិញ្ចាច​នៅ​លើ​មេ​ឃា​។ នៅ​ក្នុង​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ​យើង គេ​ក៏​បាន​ផ្តល់​ពាក្យ​ថា តារា​នេះ សំដៅ​ទៅ​លើ​សិល្បករ សិល្ប​ការិនី​ណា​ដែល​មាន​ទេព​កោសល្យ មាន​ស្នាដៃ​ឆ្នើម មាន​ភាព​ល្បីល្បាញ​គ្មាន​អ្នក​ប្រៀបប្រដូច​បាន ទាំង​លើ​ការ​សម្តែង និង​ច្រៀង​ជាដើម​។ គេ​ពុំដែល​ហៅ​ពពួកមនុស្ស​ឆើតឆាយ ចាយ​ឬក ចាយរាង ហើយ​យក​ទូរស័ព្ទ​មក​ថត​ខ្លួនឯង​សម្ញែង​ទាក់​ប្រុស ទាញ​ស្រី ដើម្បី​បានការ​ចាប់អារម្មណ៍​ពី​គេឯង ដើម្បី​តែ​ផលប្រយោជន៍​បុគ្គល​នោះ​ថា ជាតា​រា​ឡើយ​»​។

លោក គួ​ច ខេ​វិ​ន បន្ត​ថា «​ប៉ុន្តែ​បច្ចុប្បន្ន ប្រភេទ​មនុស្ស​បែប​នេះ​ហាក់​មាន​ច្រើន​នៅ​ក្នុង​សង្គម Youtube Facebook TikTok Online ជាដើម​។ ហើយ​ក៏​មាន​ប្រភេទ​មនុស្ស​ច្រើន​គួរសម​ដែរ ដូច​ពួក​ប្រុស​ព្រាន ស្រី​ញៀន​នឹង​ភាព​បង្អួត​កេរ្តិ៍​ម៉ែ តែងតែ​ច្រឡំ​តាំងខ្លួន​ជាតា​រា និង​យល់​ច្រឡំ​ចំពោះ​តារា ដែល​នាំ​ឲ្យ​អាប់ឱន​កិត្តិយស ខូចខាត​តម្លៃ​នៃ​វប្បធម៌​សិល្បៈ​ខ្មែរ​យ៉ាងធ្ងន់ធ្ងរ ជា​ពិសេស​ធ្វើ​ឲ្យ​ប៉ះពាល់​ចំពោះ​អ្នកសិល្បៈ​ពិតប្រាកដ​នោះ​តែ​ម្តង​។ ខ្ញុំ​ចង់​ឲ្យ​ប្រុស​ព្រាន ញៀ​.​ន​ស្រី​ញី និង​ពួក​នារី​ចិត្ត​ងាយ​តែង​កាយ​ទាក់​ប្រុស ឈប់​ប្រើ​ពាក្យ​តារា​ហៅ​ខ្លួនឯង និង​យល់​ច្រឡំ​ចំពោះ​តារា ហើយ​ប្រព្រឹត្តិ​អំពើ​ស្មោកគ្រោក​នាំ​ឲ្យ​ខូច​ពាក្យ «​តារា​» និង​អាប់ឱន​ទៅ​ដល់​តម្លៃ​នៃ​សិល្បៈ​វប្បធម៌​ខ្មែរ​តទៅ​ទៀត​»​។

ដោយឡែក​តារាចម្រៀង​លោក ឃុំ ប៉ុណ្ណា​ដែ​ត ក៏​បាន​លើក​ឡើង​ដែរ​ថា «​គេ​បែងចែក​អ្នកសិល្បៈ​ជា​៤​ប្រភេទ គឺ ទី​១- គឺ​សិល្បករ ៖ សិល្បករ​ក្នុង​ន័យ​នេះ មិន​សំដៅលើ​ទម្រង់​សិល្បៈ​ណាមួយ​ទេ ពោល​គឺ​ឱ្យ​តែ​មានចំណេះ​ជំនាញ​ក្នុង​ផ្នែក​ណាមួយ​នៃ​ទម្រង់​សិល្បៈ​ទាំង​៧​ប្រភេទ គឺ​សិល្បៈ​ស្ថាបត្យកម្ម សិល្បៈ​ចម្លាក់ សិល្បៈ​គំនូរ សិល្បៈ​តន្ដ្រី សិល្បៈ​របាំ អក្សរសិល្ប៍ និង​ភាពយន្ត​។ ទី​២- គឺ​អ្នក​សម្ដែង ៖ អ្នក​សម្ដែង​សំដៅ​លើ​បុគ្គល​ដែល​បាន​ចូលរួម​បញ្ចេញស្នាដៃ ឬ​លេច​វត្តមាន​ក្នុង​ការ​សម្រេច​ស្នាដៃ​សិល្បៈ​ណាមួយ​។ ឧទា​ហរណ៍ ៖ ដូច​ជា​តួ​អម​ឆាក​ក្នុង​វិស័យ​ភាពយន្ដ​ជាដើម​។ ទី​៣- គឺ​តួ​សម្ដែង ៖ តួ​សម្ដែង​មាន​ន័យ​ថា បុគ្គល​រូប​ណា​ដែល​បាន​ចូលរួម​ក្នុង​វិស័យ​ភាពយន្ដ ហើយ​មានឈ្មោះ​ល្បី​ទទួលស្គាល់​ពី​មហាជន​។ ទី​៤- ជា​ងារ​ដ៏​ឧត្ដម​បំផុត​នោះ គឺ​ពាក្យ​ថា «​តារា​» ៖ តារា មាន​ន័យ​ថា ជា​អ្នក​ដែល​បាន​ទទួល​នូវ​ងារ​ដ៏​កំពូល​មួយ និង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ខ្លាំង ហើយ​មាន​តម្លៃ​ខ្ពស់​។ គឺជា​បុគ្គល​ដែល​មាន​ស្នាដៃ និង​ទេព​កោសល្យ​ខ្ពស់ រហូត​ក្លាយជា​និមិត្តរូប​ក្នុង​វិស័យ​សិល្បៈ​ជាតិ​ទាំងមូល​»​។

អ្នក​សិក្សា​ស្រាវជ្រាវ​លើ​វិស័យ​សិល្បៈ​ជំនាន់​ដើម​រូប​នេះ បាន​បន្ដ​ឱ្យ​ដឹង​ថា «​ដើម្បី​ឱ្យ​ងារ​ថា «​តារា​» មាន​តម្លៃ ទី​១ គឺ​បុគ្គល​ខ្លួនឯង​ផ្ទាល់​ត្រូវ​ឱ្យ​តម្លៃ​លើ​ខ្លួនឯង​»​។ លោក​ថា «​ក្នុង​នាម​ជាតា​រា​ត្រូវ​មាន​ទាំង​ចរិយា​សម្បត្តិ និង​គុណសម្បត្តិ​។ ទី​២ គឺ មហាជន ក៏​ដូច​ជា​អ្នក​សារព័ត៌មាន​ត្រូវ​យល់​ពី​អត្ថន័យ និង​បែងចែក​ឱ្យ​បាន​ច្បាស់​ថា បុគ្គល​រូប​ណា​ជា «​តារា​» ពិតប្រាកដ ចៀសវាង​លើក​បន្ទុក​អ្នក​ដែល​គ្រាន់តែ​ទទួល​ការ​ចាប់អារម្មណ៍​ក្នុង​បណ្ដាញ​សង្គម​ត្រឹមតែ​រយៈពេល​ខ្លី​ថា​ជា «​តារា​» ដែល​ជា​ហេតុ​នាំ​ឱ្យ​តម្លៃ​នៃ «​តារា​» ពិតប្រាកដ​មានការ​ធ្លាក់​ចុះ​»​។

ចំណែក​ផលិតករ លោក ខាំ ភូ​រិ ក៏​បាន​ធ្វើការ​ចែកចាយ​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​នូវ​រឿងរ៉ាវ​របស់ រ៉ូ​ស និង​លោក ឃុំ ប៉ុណ្ណា​ដែ​ត ដោយ​អម​ជាមួយនឹង​សំ​ណេ​រថា «​តម្លៃ​របស់​សិល្បករ​ខ្មែរ​បាន​ធ្លាក់​ចុះ​យ៉ាង​​ងាយ នៅ​ពេល​ម្ចាស់​ផលិតផល អ្នក​រៀបចំ​កម្មវិធី​ទូរទស្សន៍​នានា សារព័ត៌មាន​មួយ​ចំនួន បាន​លើក​ស្ទួយ​ពួក​បំពុលសង្គម​អោយ​ក្លាយជា​តារា និង​ក្លាយ​ជាទី​ចាប់អារម្មណ៍​របស់​សង្គម​»​។ លោក​បញ្ជាក់​ថា «​សីលធម៌​សង្គម​ក៏​បាន​ធ្លាក់​ថែម​ទៀត នៅ​ពេល​យុវជន​ជំនាន់​ក្រោយ បានឃើញ​រឿង​ទាំងនេះ​ញឹកញាប់​ទៅ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ