ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល កាន់តែកែ​ប្រែមុខមាត់ថ្មី ដោយការរៀបចំរបស់ក្រសួង​បរិស្ថាន បានថវិកាពីលក់កាបូន

1 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ឆ្នាំង៖ អាគារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ត្រូវបានកសាងស្ទើរតែរួចរាល់ជាស្ថាពរ​ហើយ នៅក្នុងតំបន់ទឹកធ្លាក់ស្រែអំពិល ធ្វើឱ្យតំបន់ទឹកធ្លាក់ធម្មជាតិមួយនេះ បានកែប្រែមុខមាត់ថ្មី និងមានលក្ខណៈបច្ចេកទេស​ត្រឹមត្រូវតាមស្តង់ដា។ តំបន់ធម្មជាតិដ៏ស្រស់បំព្រងមួយនេះ ស្ថិតនៅក្នុងភូមិក្តុល…

ខេត្តកំពង់ឆ្នាំង៖ អាគារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ត្រូវបានកសាងស្ទើរតែរួចរាល់ជាស្ថាពរ​ហើយ នៅក្នុងតំបន់ទឹកធ្លាក់ស្រែអំពិល ធ្វើឱ្យតំបន់ទឹកធ្លាក់ធម្មជាតិមួយនេះ បានកែប្រែមុខមាត់ថ្មី និងមានលក្ខណៈបច្ចេកទេស​ត្រឹមត្រូវតាមស្តង់ដា។

តំបន់ធម្មជាតិដ៏ស្រស់បំព្រងមួយនេះ ស្ថិតនៅក្នុងភូមិក្តុល ឃុំសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង​។

លោក ម៉ឹង វិសាលសុខ មេឃុំក្តុលសែនជ័យ បានមានប្រសាសន៍បញ្ជាក់នៅ​រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះថា រាល់ហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងកសាងបានប្រមាណ ៩០% នាពេលបច្ចុប្បន្ន គឺជាការជួយឧបត្ថម្ភរបស់ក្រសួងបរិស្ថាន ហើយកាលពីថ្ងៃទី៩ ខែកក្កដា កន្លងទៅនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញមកពិនិត្យការកសាង សមិទ្ធផលនានា ក្នុងតំបន់ទឹកធ្លាក់ស្រែអំពិលនេះ​។ ការរៀបចំកែប្រែ និងកសាងហេដ្ឋារចនា​សម្ព័ន្ធថ្មីនេះ គឺដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពសហគមន៍​មូលដ្ឋាន។

លោកមេឃុំ បន្តថា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល គឺការអភិវឌ្ឍន៍ទេសចរណ៍​ផ្សារភ្ជាប់​ទឹកដី ដែលជាគោលដៅទេសចរណ៍ល្អឯក ប្រកបដោយការទទួលខុសត្រូវ មាននិរន្តរភាព​។ ដោយការសាងសង់តូបលក់ម្ហូបអាហារ ខ្យុស​សម្រាប់អង្គុយលំហែរកំសាន្ត កសាងបន្ទប់ទឹក ចំណតម៉ូតូ ចំណតរថយន្ត កន្លែងបោះតង់ កែលម្អ និងរៀបចំសួនច្បារផ្លូវថ្មើជើង ដោយមានជណ្ដើរឡើងចុះ ឲ្យមានសោភ័ណភាពសំដៅទាក់ទាញភ្ញៀវទេសចរ​ឲ្យមកទស្សនា​កំសាន្តកាន់តែច្រើនឡើងថែមទៀត។ សមិទ្ធិផលទាំងនេះ ក៏ដើម្បីលើកកម្ពស់ជីវភាពរស់នៅ​របស់ប្រជាសហគមន៍ ក៏ដូចជាការកាត់បន្ថយការពឹងអាស្រ័យផល និងអនុផលព្រៃឈើ ការបរបាញ់សត្វព្រៃ ជាដើម​។

ក្នុង​ផេក ផ្លូវការរបស់​ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ដែរថា ក្រសួងបរិស្ថាន បានរៀបចំហេដ្ឋារចនាសម្ព័ន្ធជូនសហគមន៍ គឺដើម្បីឲ្យបងប្អូនប្រកបមុខរបរ​ដោយនិរន្តរភាព និងការទទួលខុសត្រូវ។ នេះគឺជាការកែប្រែជីវភាពជាក់ស្ដែងរបស់​ប្រជាសហគមន៍​​នៅនឹងកន្លែង​។

ក្រសួងបរិស្ថាន បានគូសបញ្ជាក់​ថា ថវិកាក្នុងការកែប្រែហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងរមណីយដ្ឋាន​ទឹកធ្លាក់ស្រែអំពិល គឺបានមកពីការលក់កាបូន។

គេសង្ឃឹមថា ក្រោយពីការកសាង និងកែប្រែហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ទឹកធ្លាក់ស្រែអំពិល​រួចរាល់​ជាស្ថាពរហើយ តំបន់ទឹកធ្លាក់ធម្មជាតិមួយនេះ នឹងកែប្រែមុខមាត់ថ្មីស្រស់បំព្រង ប្រកបដោយគុណភាព សោភណ្ឌភាព បរិស្ថានតាមស្តង់ដា និងមានភ្ញៀវទៅទស្សនាកាន់តែច្រើន​ឡើងជាមិនខាន៕ ពៅ សុខហ៊ាន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ