ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​បញ្ជាក់​ថា ​គ្មាន​ដ្រូ​ន​ហោះ​ចូល​ដែនអាកាស​ ទឹកដី​កម្ពុជា​ទៀត​ទេ

10 ខែ មុន

ខេត្ត​ពោធិ​សា​តិ៍ ​៖ ​បន្ទាប់​ពី​បញ្ចេញ​កម្លាំង ​ដើម្បី​ត្រៀម​បាញ់​ទម្លាក់​ដ្រូ​ន ​ដែល​ហោះ​ចូល​ដែនអាកាស​កម្ពុជា​ សម្តេច​តេ​ជោ​ ហ៊ុន ​សែន នាយក​រដ្ឋមន្ត្រី ​បាន​បញ្ជាក់​ថា…

ខេត្ត​ពោធិ​សា​តិ៍ ​៖ ​បន្ទាប់​ពី​បញ្ចេញ​កម្លាំង ​ដើម្បី​ត្រៀម​បាញ់​ទម្លាក់​ដ្រូ​ន ​ដែល​ហោះ​ចូល​ដែនអាកាស​កម្ពុជា​ សម្តេច​តេ​ជោ​ ហ៊ុន ​សែន នាយក​រដ្ឋមន្ត្រី ​បាន​បញ្ជាក់​ថា មក​ដល់​ពេល​នេះ ​គ្មាន​ដ្រូ​ន​ហោះ​ចូល​ដែនអាកាស​កម្ពុជា ​នោះ​ទេ ​។

ថ្លែង​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយកម្មករ និយោជិត ​សរុប​ប្រមាណ ​៦,៨៦៨​នាក់ មក​ពី​រោងចក្រ សហគ្រាស​ចំនួន ១០​ក្នុង​ខេត្តពោធិ៍សាត់ ​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មិថុនា ​ឆ្នាំ​២០២៣ ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ជា​ថ្មី​ម្ដងទៀត​ថា កម្លាំង​កងទ័ព​ រាប់​ពាន់​នាក់ បាន​និង​កំពុង ​ពង្រាយ​នៅ​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម ដើម្បី​ត្រៀម​បាញ់​ទម្លាក់​យន្ដហោះ​គ្មាន​មនុស្ស​បើក (​ដ្រូ​ន​) ដែល​ហោះ​រំលោភ​ចូល​អធិបតេយ្យ​កម្ពុជា ដោយ​គ្មាន​ការ​អនុញ្ញាត​។ ប៉ុន្ដែ​ក្រោយ​វិធានការ​ក្ដៅ​ ជា​បន្ដបន្ទាប់​របស់​កម្ពុជា មិនឃើញ​មាន​ដ្រូ​ន​ហោះ​មក​ទៀត​នោះ​ទេ ​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អះអាង​ថា ក្នុង​ករណី​ឃើញ​មាន​យន្ដហោះ​គ្មាន​មនុស្ស​បើក (​ដ្រូ​ន​) ហោះ​ចូល​ទឹកដី​កម្ពុជា​ទៀត​នោះ កម្លាំង​កងទ័ព ​នឹង​បាញ់​ទម្លាក់​ភ្លាម​ៗ​តែ​ម្ដង ដោយ​មិន​ខ្វល់​ថា ដ្រូ​ន​នោះ​របស់​អ្នក​ណា​នោះ​ទេ ​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ «​យប់មិញ​ ក៏​អត់​ឃើញ​មាន​ដ្រូ​ន​ហោះ​មក​ទៀត ដល់​តែ​ដាក់​កាំភ្លើង​ផ្គុំ រួច​ប្រកាស​មែនទែន ​បង្ហាញ​កម្លាំង​ទ័ព កម្លាំង​អាវុធ វា​អត់​ហ៊ាន​ចូល​មក​ដែរ ហើយ​ឥឡូវ​ទ័ព​រាប់​ពាន់​នាក់​នៅ​ទីនោះ (​ព្រំដែន​កម្ពុជា​-​វៀតណាម​) ចាំ​បាញ់​ទម្លាក់​ពួក​ហ្នឹង​ម្ដង ​កុំ​ឲ្យ​វា​ប្រហើ​ន​ ហោះ​ចូល​ដី​ខ្មែរ មិន​ថា ​របស់​អ្នក​ណា​ទេ តែ​ហោះ​ចូល​ដី​ខ្មែរ គឺ​បាញ់​ប្រាប់​ទុក​ឲ្យ​ហើយ​» ​។

ទោះបីជា​យ៉ាងណា សម្ដេច​តេ​ជោ​ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា តាំង​តែ​ពី​ចល័ត​កម្លាំង​ទ័ព និង​ពង្រាយ​អាវុធ ជាមួយ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​នោះ ប៉ុន្មាន​ថ្ងៃ​មកនេះ មិនឃើញ​មាន​ដ្រូ​ន​ទាំង​អស់នោះ ហោះ​ចូល​ទឹកដី​របស់​កម្ពុជា​ទៀត​នោះ​ឡើយ​។ សម្ដេច​បន្ដ​ថា កន្លង​ទៅ ​មេទ័ព​ខ្មែរ​ស្លូត​ពេក បាន​មិន​ហ៊ាន​បាញ់​ទម្លាក់ តែ​ពេល​នេះ​ មិន​មានឱកាស​ហោះ​ចូល ​ដោយ​សេរី ​ទៀត​ទេ ​។

សូម​រំលឹក​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​កងទ័ព​ប្រើ​សំណាញ់​មេឃ ដើម្បី​បាញ់​ទម្លាក់​ដ្រូ​ន ដែល​ហោះ​ចូល​ទឹកដី​កម្ពុជា ដើម្បី​ស៊ើបការណ៍ បន្ទាប់​ពី​ឃើញ​មានការ​ហោះហើរ​ជា​ថ្មី​ម្តងទៀត ​ចំនួន​៧​គ្រឿង កាលពី​យប់​ថ្ងៃ​ទី​២៧ ខែមិថុនា ​។

សម្តេច​ក៏​បាន​បន្ទោស​ថា មេទ័ព​កម្ពុជា ​ហាក់ដូចជា​ស្លូតបូត​ពេក ដែល​ធ្វើ​ឲ្យ​ពួក​ភេរវកម្ម​ទាំងនោះ​បានចិត្ត ហើយ​ហ៊ាន​ហោះ​ចូល​រំលោភ​អធិបតេយ្យភាព​កម្ពុជា​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ប្រកាស​ផ្តល់​ថវិកា ២០​ម៉ឺន​ដុល្លារ សម្រាប់​អង្គភាព​ណា​ ដែល​បាញ់​ធ្លាក់​ដ្រូ​ន​១គ្រឿង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ