រាជធានីភ្នំពេញ ៖ រយៈពេលប្រមាណបីឆ្នាំមកហើយ ដែលអ្នកចម្រៀងឆោម ប៊ុនយ៉ុង បាត់មុខ តែពេលនេះលោកបានចាប់អាជីពរបស់ខ្លួនវិញហើយ និងបានបង្ហាញមុខជាសាធារណៈក្នុងកម្មវិធីប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍ផងដែរ។ លោកឆោម ប៊ុនយ៉ុង ជាអ្នកចម្រៀងមានរាងខ្ពស់សង្ហា និងច្រៀងពីរោះ។ លោកបានចូលប្រឡូកក្នុងពិភពសិល្បៈនាឆ្នាំ១៩៩៧ ដោយដំបូងច្រៀងនៅភោជនីយដ្ឋាននិងរង្គសាលក្នុងរាជធានីភ្នំពេញ ។ បន្ទាប់មកដោយសារលោកមានទឹកដមសម្លេងពីរោះ ត្រូវផលិតកម្មនៅក្នុង និងក្រៅប្រទេសហៅឱ្យចូលរួមថតសម្លេងចូលស៊ីឌី និងសម្តែងកាយវិការខារ៉ាអូខេ ។
ម្តងម្កាល លោកតែងតែមានឱកាសបានឡើងច្រៀងជាកិត្តិយសនៅលើឆាកប្រគំតន្ត្រីចុងសប្តាហ៍តាមស្ថានីយទូរទស្សន៍។ រហូតដល់ឆ្នាំ២០០៤ លោកមានកេរ្តិ៍ឈ្មោះល្បីគួរសម ។ ដោយសារមានកេរ្តិ៍ឈ្មោះល្បី លោកឆោម ប៊ុនយ៉ុង ធ្លាប់ចេញទៅសម្តែងនៅសហរដ្ឋអាមេរិក បារាំង អូស្ត្រាលី និងស្វ៊ីស ។ ក្រៅពីទទួលជោគជ័យក្នុងអាជីពសិល្បៈសម្តែងនិងច្រៀង លោកបានបើកផលិតកម្មផ្ទាល់ខ្លួនមួយដោយដាក់ឈ្មោះរបស់លោក តែផលិតកម្មនោះមិនសូវដំណើរការទេ ។ លោកឆោម ប៊ុនយ៉ុង ថ្វីបើទទួលជោគជ័យនឹងការងារសិល្បៈ ហើយធ្លាប់បួសសងគុណម្តាយនាឆ្នាំ២០០៦ទៀតផង ។ ផ្ទុយទៅវិញលោកបានបរាជ័យរឿងស្នេហា ។ ជាការពិតណាស់ កន្លងមកមហាជន មើលឃើញថាលោកមានទំនាក់ទំនងស្នេហាល្អូកល្អិនជាមួយអ្នកនាងប៉ែន សុផានី ប៉ុន្តែក្រោយមកបានបែកគ្នាវិញ ។
ទោះបីស្នេហាត្រូវឃ្លាតឆ្ងាយយ៉ាងណាក៏ ដោយក៏អ្នកទាំង២ នៅតែរាប់អានគ្នាជាមិត្តភក្តិធម្មតាវិញ ។ អ្នកចម្រៀងរូបនេះបានបាត់មុខពីពិភពសិល្បៈអស់រយៈពេល៣ឆ្នាំគឺចាប់ពីឆ្នាំ២០០៨ រហូតមក។ប៉ុន្តែដោយសារនិស្ស័យសិល្បៈនៅដិតជាប់ខ្លួននោះ ចូលដល់ឆ្នាំ២០១១នេះ លោកបានវិលចូលប្រឡូកសាជាថ្មីដោយច្រៀងជាប្រចាំនៅក្នុងភោជនីយដ្ឋានមជ្ឈមណ្ឌលកម្សាន្តមហាសាលខាងកើតវត្តភ្នំ និងម្តងម្កាលលោកឡើងច្រៀងជាកិត្តិយសក្នុងកម្មវិធីប្រគំតន្ត្រីតាមស្ថានីយទូរទស្សន៍ ព្រមទាំងច្រៀងនិងសម្តែងកាយវិការឱ្យផលិតកម្មនៅក្រៅប្រទេស ៕
ចែករំលែកព័តមាននេះ