ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកម្ចាស់គ្រូ សាន សុជា ៖ ពេលចង់សឹក សូមប្រាប់មូលហេតុត្រង់ៗទៅកុំខ្លាចខ្មាសគេ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពុទ្ធបរិស័ទ​ជា​ច្រើន​នាក់ ប្រាកដជា​ស្គាល់​ហើយ ព្រះ​ភិក្ខុ​វជីរ​ប្ប​ញ្ញោ សាន សុ​ជា ដែល​ជា​ព្រះសង្ឃ ក្នុង​ព្រះពុទ្ធ​សាសនា​ដ៏​ល្បីល្បាញ​មួយ​ព្រះ​អង្គ​ក្នុង​ការ​បង្រៀន​ព្រះ​អភិធម្ម ឲ្យ​យល់​ច្បាស់​ពី​បុណ្យ…

រាជធានី​ភ្នំពេញ ៖ ពុទ្ធបរិស័ទ​ជា​ច្រើន​នាក់ ប្រាកដជា​ស្គាល់​ហើយ ព្រះ​ភិក្ខុ​វជីរ​ប្ប​ញ្ញោ សាន សុ​ជា ដែល​ជា​ព្រះសង្ឃ ក្នុង​ព្រះពុទ្ធ​សាសនា​ដ៏​ល្បីល្បាញ​មួយ​ព្រះ​អង្គ​ក្នុង​ការ​បង្រៀន​ព្រះ​អភិធម្ម ឲ្យ​យល់​ច្បាស់​ពី​បុណ្យ បាប និង​រឿង​ផលកម្ម​នៅ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​លោកគ្រូ និង​នៅ​ក្នុង​យូ​ធូប​លោកគ្រូ​ផង​ដែរ ។

ជាក់ស្តែង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ (​កាល​លោកគ្រូ នៅ​ជា​ព្រះសង្ឃ​) មាន​ពុទ្ធបរិស័ទ​ម្នាក់​បាន​ចោទសួរ​ទៅ​លោកគ្រូ សាន សុ​ជា ថា ហេតុ​អី​ទេសនា​ល្បី​ៗ​នៅ​តែ​ចង់​សឹក? ដើម្បី​ជា​ការ​ស្រាយ​ចង្ង​ល់​ដល់​បងប្អូន​ពុទ្ធបរិស័ទ​ទាំ​អស់​គ្នា​នោះ​ឲ្យ​យល់​កាន់តែ​ច្បាស់​នោះ លោក​ម្ចាស់​គ្រូ សាន សុ​ជា ក៏​បាន​មាន​សង្ឃដីកា ៖ កត្តា​ដែល​ចង់​សឹក​មាន​ច្រើន​រឿង ជួនកាល​ចង់​សឹក​ដោយ​កិលេស​ខ្លួនឯង ជួនកាល​តាម​វត្ត​នីមួយ​ៗ​ស្ថានភាព​មិន​ឲ្យ​លោក​បាន​សុខ​ជាដើម ។ យ៉ាង​កិលេស​ហ្នឹង បុថុជ្ជន​ហ្នឹង​ចេះ​ប៉ុណ្ណា​ក៏​ដោយ​ក៏​នៅ​តែ​វា​ទាញ​អ៊ីចឹង ហើយ​មិនមែន​តែ​លោក​សម័យ​ឥឡូវ​ចង់​សឹក សូ​ម្បី​តែ​លោក​សម័យ​ព្រះ​ក៏​នៅ​ចង់​សឹក ទៅ​ឆ្ងល់​អី​រឿង​ហ្នឹង ។ សូ​ម្បី​ភិក្ខុ​ទៅ​បួស​ជាមួយ​ព្រះ​ហើយ​នៅ​តែ​ចង់​សឹក បើ​អាត្មា​បាន​បួស​ជាមួយ​ព្រះ​អត់​ចង់​ទេ តាម​មើល៎ ទាល់តែ​មិន​បាន​បួស​ជាមួយ​ព្រះ​(​ហ្នឹង​និយាយ​យក​លេស​ទេ​)​។

ជាមួយ​គ្នា​នោះ​ដែរ លោកគ្រូ សាន សុ​ជា ក៏​មាន​សង្ឃដីកា​បន្ថែម​ថា ៖ បាន​ព្រះ​អង្គ​អត់​បន្ទោស​ទេ អ្នក​ចង់​សឹក ចង់​អី មក​ពី​មិន​យល់​តែ​ម្តង ទេស​ខ្លួនឯង​ប៉ុន​សួរ​ថា​យល់​ទេ? ជួនកាល​វា​មិន​បាន​ត្រូវ ដូច​អ្នកលក់​ថ្នាំ​មិន​បាន​ផឹកថ្នាំ​អ៊ីចឹង ។ ថ្នាំ​ពូកែ​ការពារ​រោគ​គ្រប់មុខ ការពារ​ស្រែង​តែ​ខ្លួនឯង​ស្រែង​ពេញ​ខ្លួន​ហ្នឹង​ក៏​មាន​ហ្នឹង​អ៊ីចឹង​។ រឿង​ហ្នឹង​អាច​មក​ពី​ឧបនិស្ស័យ​ផង មក​ពី​សទ្ធា​ហ្នឹង​វា​ទន់ខ្សោយ​ផង មក​ពី​ចង់បាន​ប្រពន្ធ​ហ្នឹង​ផង ចេះ​តែ​ចង់​សឹក ប៉ុន្តែ​គេ​ថា មក​ពី​គេ​សឹក​មក​ពី​ឈឺ គ្រូ​ធម៌​ភាគច្រើន យក​អា​ឈឺ​មក​ដាក់​មុខ ប៉ុន្តែ​ការពារ​កិត្តិ​យក​ខ្លួនឯង ខ្លាច​មក​ពី​គេ​ថា គ្រូ​ធម៌​ហើយ​នៅ​តែ​សឹក អ៊ីចឹង​យក​លេស​ថា​ឈឺ ឈឺចង្កេះ ឈឺ​នេះ ឈឺក្រពះ នៅ​មិនកើត​ទេ​ទាល់តែ​សឹក មួយ​ម៉ាត់​នេះ​គ្រោះថ្នាក់​ណាស់ ។ ហើយ​អាត្មា​នៅ​តែ​ក្លាហាន​អ៊ីចឹង នៅ​ពេល​ដែល​សឹក​អាត្មា​ថា អត់​មក​ពី​ឈឺ​ទេ បើ​ស្រលាញ់​ប្រាប់​ត្រង់​ថា មក​ពី​ស្រលាញ់​គេ និយាយ​ត្រង់​ៗ ភិក្ខុ​សម័យ​ព្រះ​គឺ​អ៊ីចឹង ។ ម៉េច​បាន​ឯង​ចង់​សឹក? ហ៊ឺ​ម មក​ពី​ស្រលាញ់​គេ ឆ្លើយ​ត្រង់​ចឹ​ង ហើយ​ឥឡូវ​សុទ្ធតែ​កុហក ជា​ពិសេស​គ្រូ​ធម៌​ល្បី​ៗ​ពូកែ​កុហក​ជាងគេ ១០​រាប់​ទាំង​១០​ហើយ​អាត្មា​លឺ​មក ។

ទន្ទឹម​នោះ​ដែរ លោកគ្រូ សាន សុ​ជា បាន​មាន​សង្ឃដីកា​បន្ត​ថា ៖ តាម​ពិត​ព្រះសម្មាសម្ពុទ្ធ​បញ្ញតិ​រឿង​មិន​ឲ្យ​ឆាន់​ល្ងាច​ហ្នឹង នាំ​ឲ្យ​មាន​សុខភាព​ល្អ សូ​ម្បី​ពេទ្យ​កា​ណា​ដា​សព្វថ្ងៃ​ក៏​គេ​ឯកភាព​មិន​ឲ្យ​ហូប​អាហារ​ពេល​យប់​ហ្នឹង​នាំ​ឲ្យ​សុខភាព​ល្អ ពីព្រោះ​ពេល​យប់​យើង​ហូប​សាច់ ហូប​អី​ទៅ​អាហារ​វា​ក្រពះ​វា​អត់​បាន​ធ្វើការ​គ្រប់គ្រាន់​អី​ទេ អត់​ចេញ​ញើស​ចេញ​ខ្លាញ់​អីហ្នឹង កើត​រេស​ស្តូ​រ៉​ល​ច្រើន​មែនទែន ។ គ្រាន់ តែ​សម្តែងធម៌​តិចតួច ឈឺ​តិច​ទៅ​សឹក​អស់ អីចឹង​ជ្រះថ្លា​មកពីណា ហើយ​នរណា​ហាន​បួស​តាម​ទៀត បើ​លឺ​តែ​ល្បី​បួស​ឈឺ​អ៊ីចឹង វិនាស​អ្នកបួស​ក្រោយ​គេ​មិន​ហាន​បួស​ទេ ។

លើស​ពី​នេះ​ទៅ​ទៀត លោកគ្រូ​សាន សុ​ជា បាន​មាន​សង្ឃដីកា​ថា ៖ ឥឡូវ​ឆ្លើយ​សំណួរ​ញោម​ទៅ ម៉េច​បាន​ទេសនា​ល្បី​ចង់​តែ​សឹក ?​ថា​សឹក​វា​គ្មាន​រឿង​អី​ទេ រឿង​តែ​ប៉ុណ្ណឹង​ឯង ញោម​កុំទៅ​ឆ្ងល់ ១០០​សឹងតែ​៩៩.៩៩,៩​ភាគរយ គ្រាន់តែ​ថា អ្នកខ្លះ​ក៏​នៅ​បាន​យូរ​តិច​ទៅ អ្នកខ្លះ​ក៏​ឆាប់​អ៊ីចឹង​ទៅ ។ ប៉ុន្តែ​ពេល​សឹក​ទៅ លេស​នេះ លេស​នោះ​គ្រប់​តែ​មុខ តែ​ព្រះ​អង្គ​សម្តែង​ហើយ វា​គ្មាន​ស្អី​គ្រប់​ដណ្តប​ចិត្ត​បុរស​ជាង​សំឡេង​ស្រី​ទេ គ្មាន​ស្អី​គ្រប់​ដណ្តប​ចិត្ត​បុរស​ជា​ក្លិន​ស្រី​ៗ គ្មាន​អី​គ្រប់​ដណ្តប​ជាង​រូប​ស្រី​ៗ វា​គ្មាន ហើយ​ព្រះ​អង្គ​មិន​ដែល​បន្ទោស​លោក​ទេ មក​ពី​ភិក្ខុ​ខ្លះ​ចង់​សឹក ។

លោកគ្រូ សាន សុ​ជា បាន​មាន​សង្ឃដីកា​ថា ៖ អ៊ីចឹង​កុំ​ព្រួយ​អី អាត្មា​តែ​ពេល​សឹក អាត្មា​ប្រាប​ញាតិ​ញោម​ត្រង់​ហើយ​ថា មក​ពី​ស្រលាញ់​គេ មក​ពី​អាត្មា​ចង់បាន​ប្រពន្ធ ចង់បាន​កូន ចាស់​តិច​ទៅ​គ្មាន​នរណា​គេ​ប្រគេន​ចង្ហាន់​ទេ ។ គ្រាន់តែ​ថា​ឲ្យ​ស្មោះត្រង់​ទៅ សឹក​ព្រោះ​អី​ថា​ព្រោះ​ហ្នឹង​ទៅ​កុំ​កុហក់ កុហក់​វា​វិនាស កុំ​រឿង​មក​ពី​ឈឺ រឿង​ឈឺ​កាយ​អត់​ជា​មូលហេតុ​នាំ​ឲ្យ​សឹក​ទេ រឿង​ឈឺចិត្ត​ទេ ដែល​ជា​មូលហេតុ​នាំ​ឲ្យ​សឹក​បាន តែ​មនុស្ស​មាន​សទ្ធា​ខ្លាំង សុខចិត្ត​ស្លា​.​ប់​ខ្លួន​ក៏​គេ​មិន​សឹក​ដែរ ។

សូម​រំលឹក​ថា ព្រះ​ភិក្ខុ​វ​ជិ​រ​ប្ប​ញ្ញោ សាន សុ​ជា បាន​លាចាក​សិក្ខាបទ​ នៅ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៣ ពី​ទឹកដី​ប្រទេស​អូស្ត្រាលី ក្រោយ​សាង​ផ្នួស​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​។ ព្រះ​ភិក្ខុ សាន សុ​ជា បញ្ជាក់​ថា ការ​សម្រេចចិត្ត​លាចាក​សិក្ខាបទ​នៅ​ពេល​នេះ គឺ​គោលការណ៍​នៃ​ដំណើរ​ជីវិត​ផ្ទាល់ខ្លួន​របស់​ព្រះ​អង្គ​តែ​ប៉ុណ្ណោះ ។ មុន​លាចាក​សិក្ខាបទ​ជា​ភិក្ខុ ព្រះ​តេជគុណ សាន សុ​ជា មាន​សង្ឃដីកា​ប្រាប់​ដល់​ពុទ្ធបរិស័ទ​ថា​៖ «​ញាតិ​ញោម​អាច​ចាក​ចេញពី​អាត្មា​បាន តែ​កុំ​ចាក​ចេញពី​ព្រះធម៌​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ