រាជធានីភ្នំពេញ ៖ កញ្ញាពេជ្រ ម៉ារីណា ជាអ្នកចំរៀងនិយមច្រៀងបទមនោសញ្ចេតនាចាស់ៗពីដើមរបស់អ្នកស្រី រស់ សេរីសុទ្ធា និងអ្នកស្រីប៉ែន រ៉ន និងបទឌីស្កូញ័រញាក់កន្ត្រាក់អារម្មណ៍យ៉ាងពីរោះ ។ សព្វថ្ងៃនេះនាងច្រៀងប្រចាំនៅភោជនីយដ្ឋានមួយតាមបណ្តោយផ្លូវលេខ២០០៤ ក្នុងសង្កាត់កាកាប ខណ្ឌដង្កោ។ កញ្ញាពេជ្រ ម៉ារីណា ឱ្យដឹងថា នាងឈានជើងចូលប្រឡូកក្នុងពិភពសិល្បៈចម្រៀងនេះ ដោយសារតែនាងមាននិស្ស័យស្រឡាញ់ចូលចិត្តតាំងពីកុមារភាពមក។ នាងមានម្តាយជាអ្នកបញ្ចូលសម្លេង ព្រមទាំងមានបងស្រីបងប្រុសជាអ្នកចម្រៀង។
ដោយសារបែបនេះហើយទើបជំរុញឱ្យនាងក្លាយជាអ្នកចម្រៀងនៅតាមភោជនីយដ្ឋានតាំងពីឆ្នាំ២០០៩មកដល់បច្ចុប្បន្ននេះ។ កញ្ញាពេជ្រ ម៉ារីណា មានវ័យ២០ឆ្នាំ មានបងប្អូន៦នាក់ ក្នុងនោះប្រុស២នាក់ ចំណែករូបនាងជាកូនទី៥ ។ ក្នុងចំណោមបងប្អូនទាំង៦នាក់នោះបានក្លាយជាអ្នកចម្រៀងចំនួន៣នាក់ គឺបងស្រីបងប្រុស២នាក់ និងរូបនាងម្នាក់ទៀត។
កញ្ញាម៉ារីណា ឱ្យដឹងថា ដំបូងនាងច្រៀងជាប្រចាំនៅក្នុងភោជនីយដ្ឋានពន្លឺសាន ហុង នៅតំបន់ភ្នំពេញថ្មីតែចាប់ពីដើមឆ្នាំ២០១១នេះមកនាងបានប្តូរមកច្រៀងនៅក្នុងភោជនីយដ្ឋានតារារតនៈ។ ក្រៅពីច្រៀងនៅក្នុងភោជនីយដ្ឋានម្តងម្កាលនាងតែងតែមានកិត្តិយសបានឡើងច្រៀងនៅលើឆាកប្រគំតន្ត្រីចុងសប្តាហ៍តាមស្ថានីយទូរទស្សន៍នានា។ នោះជាឱកាសមួយដែលនាងបញ្ចេញទឹកដមសម្លេងជូនប្រិយមិត្តទស្សនិកជនឱ្យបានស្តាប់ជាសាធារណៈ។
ទៅថ្ងៃអនាគតនាងនឹងខិតខំធ្វើយ៉ាងណាឱ្យមានទស្សនិកជនគាំទ្រច្រើន ដូច្នេះហើយបច្ចុប្បន្ននាងកំពុងតែខិតខំហ្វឹកហាត់រៀនច្រៀងបន្ថែមទៀត។ កញ្ញាពេជ្រ ម៉ារីណា និយាយថា ក្រៅពីមានអាជីពជាអ្នកចំរៀង នាងចង់ក្លាយជាអ្នកសម្តែងកាយវិការខារ៉ាអូខេ និងភាពយន្ត តែគ្មានខ្សែរយៈ ។ សព្វថ្ងៃនេះនាងទៅណាមកណាមានម្តាយដើរតាមការពារជាប់ជានិច្ច ៕
ចែករំលែកព័តមាននេះ