វៀតណាម ៖ គេហទំព័រវៀតណាម VN Express International បានចុះផ្សាយកាលពីពេលថ្មីៗនេះថា អត្តពលិកវៀតណាម៥រូបដែលបានចូលរួមប្រកួតស៊ីហ្គេមលើកទី៣១នៅវៀតណាមកាលពីឆ្នាំ២០២១ ត្រូវបានដកហូតមេដាយដែលពួកគេឈ្នះត្រឡប់មកវិញទាំងអស់ បន្ទាប់ពីគណៈកម្មការអូឡាពិកវៀតណាមដែលជាម្ចាស់ផ្ទះនៅក្នុងគ្រានោះបានរកឃើញថាពួកគេប្រើប្រាស់សារធាតុហាមឃាត់។ នេះបើយោងតាមលទ្ធផលស៊ើបអង្កេតរបស់សហព័ន្ធកីឡាវៀតណាមដែលប្រកាសជាសាធារណៈកាលពីពេលថ្មីៗនេះ។
អត្តពលិកទាំង៥រូបនោះមានឈ្មោះដូចតទៅ៖
ទី១- នាងកួចធីឡាន (Quach Thi Lan) វ័យ២៧ឆ្នាំ ឈ្នះមេដាយមាស, ប្រាក់ និងសំរឹទ្ធិនៅក្នុងវិញ្ញាសារត់ចម្ងាយ។
ទី២- នាងឃុតភួងអាញ់ (Khuat Phuong Anh) វ័យ២៦ឆ្នាំ ឈ្នះមេដាយមាស និងមេដាយប្រាក់នៅក្នុងវិញ្ញាសារត់ចម្ងាយ។
ទី៣- នាងវូធីង៉ុកហា (Vu Thi Ngoc Ha) វ័យ២៣ឆ្នាំ ឈ្នះមេដាយមាស និងប្រាក់នៅក្នុងវិញ្ញាសាលោតចម្ងាយ និងលោតកម្ពស់។
ទី៤- នាងហុងធីង៉ុក (Hoang Thi Ngoc) ឈ្នះមេដាយមាសនៅក្នុងវិញ្ញាសារត់បណ្ដាក់ផ្នែកនារី។
ទី៥- លោកឡេង៉ុកហ៊្វូក (Le Ngoc Phuc) ឈ្នះមេដាយប្រាក់នៅក្នុងវិញ្ញាសារត់ចម្ងាយបុរស និងរត់បណ្ដាក់បុរស។
ក្រៅពីអ្នកទាំង៥, សហព័ន្ធកីឡារកឃើញថាអត្តពលិកថៃ២រូប, អត្តពលិកមីយ៉ាន់ម៉ា២រូប និងអត្តពលិកឥណ្ឌូណេស៊ី១រូប ក៏បានប្រើប្រាស់សារធាតុហាមឃាត់ផងដែរ។ ក្រោយពេលប្រកួតស៊ីហ្គេមលើក៣១ចប់រយៈពេលពីរបីខែ, គេបានយកទឹកនោមរបស់អត្តពលិកទាំងនេះទៅពិនិត្យ។ នៅខែកញ្ញា និងខែតុលា ឆ្នាំ២០២២, លទ្ធផលតេស្តលើកទី១បង្ហាញថាអត្តពលិកទាំង៥រូបមានសារធាតុហាមឃាត់។ នៅខែវិច្ឆិកា ឆ្នាំ២០២២ លទ្ធផលតេស្តលើកទី២ក៏បង្ហាញដូចគ្នាថាពួកគេមានសារធាតុហាមឃាត់។
អត្តពលិកវៀតណាមទាំង៥រូបប្រាប់ថាពួកគេគ្មានចេតនាប្រើប្រាស់សារធាតុហាមឃាត់ទេ។ ពួកគេគិតថាសារធាតុទាំងនេះប្រហែលជាចូលទៅក្នុងខ្លួនតាមរយៈចំណីអាហារ, ភេសជ្ជៈ ឬឱសថ។ នាងកួចធីឡាន (Quach Thi Lan)ប្រាប់ថាខ្លួនពុំដែលប្រើប្រាស់សារធាតុញៀនទាល់តែសោះមុនការប្រកួតស៊ីហ្គេមលើកទី៣១។ ប៉ុន្តែនាងទទួលស្គាល់ថាធ្លាប់ប្រើឱសថម្សៅ១ប្រភេទដើម្បីសម្រួលអារម្មណ៍។ អត្តពលិកវៀតណាមដែលមានបញ្ហា៤រូបទៀតក៏បានប្រើប្រាស់ឱសថនេះផងដែរ។
មុនពេលប្រើប្រាស់ថ្នាំនេះ, នាងបានពិគ្រោះជាមួយគ្រូពេទ្យ, គ្រូពេទ្យប្រាប់ថាអាចប្រើបាន។ ក្រោយមកនាងដឹងថានេះជាថ្នាំរម្ងាប់អារម្មណ៍ដែលទើបតែដាក់លក់នៅលើទីផ្សារ។ ថ្នាំនេះមិនធ្លាប់បានធ្វើតេស្តអំពីសារធាតុផ្សំរបស់វាទេ។ ដូច្នេះ នាងមិនអាចដឹងពីផលវិបាកក្រោយពេលប្រើប្រាស់ថ្នាំនេះទាល់តែសោះ។ នាងសោកស្ដាយមែនទែននៅពេលបាត់បង់មេដាយបែបនេះ។ នាងគួរណាស់ខិតខំកសាងគុណសម្បត្តិជូនជាតិមាតុភូមិ, ប៉ុន្តែនាងបែរជាបំផ្លាញឱកាសនោះចោលអស់រលីង។
ក្រៅពីការបាត់បង់មេដាយ, ពួកគេនឹងជាប់ពិន័យថែមទៀត។ សហព័ន្ធកីឡាអត្តពលកម្មអាស៊ាន និងសហព័ន្ធកីឡាអត្តពលកម្មវៀតណាមនឹងពិគ្រោះគ្នាថាត្រូវដាក់ពិន័យបែបណាចំពោះពួកគេ។ នេះបើយោងតាមលោកត្រាន់ឌឹកផាន់ (Tran Duc Phan) ដែលជាអនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងជាប្រធានគណៈប្រតិភូកីឡាវៀតណាមនៅស៊ីហ្គេមលើកទី៣១៕
ខាងក្រោមនេះជាលីងអត្ថបទពាក់ព័ន្ធ ៖
Five Vietnamese athletes named in SEA Games 31 doping scandal
ចែករំលែកព័តមាននេះ