ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពេញ​តួនាទី​បាន​ល្អ​! ជូ ស៊ិ​ន​ទិ ជាប់​ជា​កីឡាករ​ឆ្នើម និង​កំពុង​ឈរ​ជា Top Scorer

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ ធ្វើ​បាន​យ៉ាង​ល្អ​សម្រាប់​ការ​ប្រកួត​

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ ធ្វើ​បាន​យ៉ាង​ល្អ​សម្រាប់​ការ​ប្រកួត​បើក​ឆាក​ពូ​ល A នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែមេសា នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ ក្រោយ​ឈ្នះ​លើ​ក្រុម​ទី​ម័​រ​ខាងកើត​ដោយ​លទ្ធផល ៤-០​។

នៅ​ក្នុង​ការ​ប្រកួត​ដែល​កាត់សេចក្តី​ដោយ​លោក​អាជ្ញាកណ្ដាល Abdullah Jamali ជនជាតិ​គុយ​វ៉ែត ក្រុម​គោព្រៃ​ជំទង់ U-22 កម្ពុជា បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​រហូត​បើកឱកាស​រក​គ្រាប់​បាល់​បញ្ចូល​ដល់​ទៅ​៤​គ្រាប់​លើ​ក្រុម​ភ្ញៀវ U-22 ទី​ម័​រ​ខាងកើត​។

កីឡាករ ជូ ស៊ិ​ន​ទិ ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​សម្រេច​បាន​២​គ្រាប់​តែ​ម្នាក់ឯង នៅ​ក្នុង​ជំនួប​កាលពី​ម្សិលមិញ ពោល​គឺ​កើតឡើង​នៅ​ក្នុង​នាទី​៣៩ និង ៤៥+២ មុន​បញ្ចប់​ការ​ប្រកួត​ក្នុង​វគ្គ​ទី​១​។ ការ​ប្រកួត​ឈាន​ដល់​វគ្គ​ទី​២ ក្រុម​ទាំង​ពីរ​បាន​បន្ត​វាយ​សម្រុក​គ្នា​កាន់តែ​ខ្លាំង​ឡើង ប៉ុន្តែ​កម្ពុជា​ធ្វើ​បាន​ល្អ​ជាង​រហូត​បង្កើត​ឱកាស​បន្ថែម​២​គ្រាប់​ទៀត ដែល​សម្រេច​បាន​ដោយ​កីឡាករ ស រតនា នៅ​នាទី​៧៣ និង​កីឡាករ លឹ​ម ពិសុទ្ធ នៅ​ក្នុង​នាទី​៨២ មុន​ពេល​លោក​អាជ្ញាកណ្ដាល Abdullah Jamali ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​នេះ​។

ជាមួយនឹង​ជ័យជម្នះ​នេះ កម្ពុជា​ទទួល​បាន​៣​ពិន្ទុ​ដ៏​រីករាយ ដើម្បី​ឡើង​ទៅ​កាន់កាប់​តំណែង​កំពូល​តារាង​ពូ​ល A ជា​បណ្តោះអាសន្ន តាម​ពីក្រោយ​ដោយ​ឥណ្ឌូ​ណេ​ស៊ី ដែល​បាន​យកឈ្នះ​លើ​ហ្វី​លី​ពី​ន​ដោយ​លទ្ធផល ៣-០ កាលពី​ម្សិលមិញ​ផង​ដែរ​។

ក្រោយ​ពេល​បំពេញ​តួនាទី​បាន​យ៉ាង​ល្អ​សម្រាប់​ការ​ប្រកួត​កាលពី​ម្សិលមិញ កីឡាករ ជូ ស៊ិ​ន​ទិ បាន​ក្លាយជា​កីឡាករ​ឆ្នើម​ប្រចាំការ​ប្រកួត​រវាង​កម្ពុជា នឹង​ទី​ម័​រ​ខាងកើត (Man of the Match) មិនតែប៉ុណ្ណោះ​២​គ្រាប់​កាលពី​ម្សិលមិញ​បាន​ធ្វើ​ឱ្យ​ខ្សែបម្រើ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​នៃ​លី​គ​កំពូល​កម្ពុជា​រូប​នេះ កំពុង​ឈរ​ក្នុង​នាម​ជា​កីឡាករ​រក​គ្រាប់​បាន​ច្រើន​ជាងគេ (Top Scorer) បណ្តោះអាសន្ន​ផង​ដែរ​។

សម្រាប់​ការ​ប្រកួត​បន្ត​នៅ​ក្នុង​ថ្ងៃ​ទី​៣០ ខែមេសា​នេះ គឺជា​ការ​ប្រកួត​បើក​ឆាក​ពូ​ល B ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ព្រី​ន​ស៍ ដោយនៅ​ក្នុង​នោះ ថៃ នឹង​ត្រូវ​ប៉ះ​សិង្ហ​បុរី នៅ​វេលា​ម៉ោង​០៤:០០​នាទី​រសៀល ហើយ​នៅ​ម៉ោង​០៧:០០​នាទី​ល្ងាច វៀតណាម ដែល​ក្រុម​ការពារ​តំណែង​ជើងឯក នឹង​ត្រូវ​ប៉ះ​ឡាវ​៕ (​រូបភាព ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង Cambodia 2023)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង