រាជធានីភ្នំពេញ ៖ នៅពេលដែលនិយាយដល់តារាចម្រៀងសម័យ និងបុរាណ ដែលកំពុងសាងភាពល្បីល្បាញ គឺអ្នកនាង ពេជ្រ ចរិយា ប្រហែលជាប្រិយមិត្តបានស្គាល់ហើយ ដោយតារាចម្រៀងស្រីមួយដងនេះ តែងតែបំពេរអារម្មណ៍ពុកម៉ែ បងប្អូនជាមួយសម្លេងដ៏គ្រលួចពោរពេញទៅដោយទឹកដម ពោលគឺស្តាប់ហើយមិនចេះជិតណាយនោះឡើយ។
កាលពីថ្មីៗនេះ អ្នកនាង ពេជ្រ ចរិយា បានហាត់រៀនបទចម្រៀងថ្មីមួយ ដោយគ្រាន់តែជាការហាត់សមពុតសម្លេងសោះ ពីរោះដល់ម្ល៉ឹងហើយ ចុះទម្រាំបានស្តាប់ចម្រៀងពេញទៀត មិនដឹងថា តើពីរោះយ៉ាងណានោះទេ?។

ប្រាកដណាស់ ទាក់ទងនឹងសម្លេងតារាចម្រៀងមួយដួងនេះ កាលពីកន្លងមក អ្នកនាងក៏ទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ ដោយអ្នកនាងធ្លាប់បកស្រាយប «ទផ្ញើធៀបហៅបង» បទ«ទំនុកផ្ញើបង» បទ «រងាអូនចាំ» និងបទចម្រៀងជាច្រើនបទទៀត ដែលទទួលការចាប់អារម្មណ៍តាមរយៈទឹកដមដ៏ក្រអួនក្រអៅរបស់អ្នកនាង។
ទាក់ទងនឹងការហាត់រៀនចម្រៀងរបស់អ្នកចម្រៀងរូបនេះ ប្រិយមិត្តពិតជាចង់ដឹងហើយថា តើត្រូវធ្វើបែបម្តេចធ្វើអោយសម្លេងពីរោះ? ជាពិសេសថា តើនរណាជាអ្នកបង្ហាត់អ្នកនាង?

តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព ដោយអ្នកនាង ពេជ្រ ចរិយា បានជម្រាបជូនថា «សម្រាប់ការរៀនចម្រៀង គឺមានភាពលំបាកតិចតួចខ្លះដែរ ដោយតម្រូវយកចិត្តទុកដាក់ជាមួយការហាត់សម ដូចដែលបងប្អូនបានឃើញស្រាប់ ពោលគឺជួបការលំបាកខ្លះៗ ប៉ុន្តែអ្នកនាងនៅតែជំនះវា ព្រោះចម្រៀងជាចំណង់ចំណូលរបស់អ្នកនាង ដោយអ្នកនាងបានផ្ញើខ្លួនជាមួយសិល្បៈ តាំងពីអាយុ៩ឆ្នាំមកម្ល៉េះ។ ដោយកាលពីប្រឡូកសិល្បៈដំបូង អ្នកនាងជាអ្នកហាត់របាំផង និងអ្នកច្រៀងផង។ ដូច្នេះចំណេះជំនាញដែលអ្នកនាងចេះចាំ មានច្រើនគួរសមដែរ ដូចជា ៖ ចម្រៀងបុរាណ សម័យ យីកេ អាយ៉ៃ និងរបាំជាដើម»។
អ្នកចម្រៀង ពេជ្រ ចរិយា បានបន្តថា «អ្នកនាងសព្វថ្ងៃនេះ បានហាត់រៀនពីលោកគ្រូ អ៊ុក សំអាត ដែលជាអ្នកនិពន្ធបទភ្លេងដ៏ល្បី ដោយលោកតែងតែបង្ហាត់អ្នកនាងអោយយល់ដឹងពីសម្លេងថា គួរប្រើទិចនិចសម្លេងបែបម្តេចអោយពីរោះ មានទឹកដម ជាពិសេសគឺស្ទីលនៃការច្រៀងតែម្តង»។

អ្នកនាង ពេជ្រ ចរិយា បានបន្ថែមថា «អ្នកនាងបានរៀនសូត្រពីលោកគ្រូច្រើន ដោយលោកជាអ្នកនិពន្ធបទភ្លេងជើងចាស់មួយរូប ហើយបទមួយៗរបស់លោកទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ»។ អ្នកនាង ពេជ្រ ចរិយា បានបន្តថា «ភាគច្រើនបទចម្រៀងដែលអ្នកនាងចូលចិត្ត គឺបទមនោសញ្ចេតនាកំសត់ៗ បើចំពោះបទដែលញាប់ គឺភាគច្រើនមានភាពលំបាកសម្រាប់អ្នកនាង»។
បើក្រឡេកមកមើលគ្រួសាររបស់អ្នកនាង ពេជ្រ ចរិយាវិញ បានរៀបរាប់ឱ្យដឹងថា ដោយម្តាយឪពុករបស់អ្នកនាងសុទ្ធសឹងតែជាអ្នកសិល្បៈ អ្នកនាងមានឪពុកជាអ្នកតន្ត្រីករមួយរូប ដែលមានជំនាញទៅលើឧបករណ៍តាខេ ចំពោះអ្នកម្តាយជាអ្នកចម្រៀងអាយ៉ៃ ដ៏មានប្រជាប្រិយភាពកាលពីកន្លងទៅ នៅក្នុងខេត្តកំពង់ធំ ពោលគឺអាចនិយាយបានថា អ្នកនាងមានឈា.មជ័រអ្នកសិល្បៈតែម្តង»។
គួរបញ្ជាក់ផងដែរថា តារាចម្រៀងអ្នកនាង ពេជ្រ ចរិយា ជាអតីតម្ចាស់ជ័យលាភីលេខ១ ក្នុងចម្រៀងមរតកស្នាមញញឹម និងវប្បធម៌ខ្មែរ កាលពីឆ្នាំ២០០៩ និងឆ្នាំ២០១០។ ជាចុងក្រោយ អ្នកនាងពិតជាអគុណខ្លាំងណាស់ ចំពោះការគាំទ្ររូបអ្នកនាង និងក្រុមគ្រួសារ ដោយអ្នកនាងសុំអោយបងប្អូនមហាជនជួយគាំទ្របន្ត ជាពិសេសគឺចម្រៀងបុរាណតែម្តង៕ ដោយ ៖ លីហួ គីមឆាយ




ចែករំលែកព័តមាននេះ