ខេត្តបន្ទាយមានជ័យ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៣ រយៈពេល៣ថ្ងៃ គឺ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តក្នុងខេត្តបន្ទាយមានជ័យ ប្រមាណជាង៦៥ម៉ឺននាក់ គិតត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ។

លោក ឈឿន សេរីវុធ ប្រធានមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៣ រយៈពេល៣ថ្ងៃ គឺមានភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងខេត្តបន្ទាយមានជ័យ មានចំនួន៦៥០.០១៣នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន៦៤៨.៤៧១នាក់ និងភ្ញៀវអន្តរជាតិមានចំនួន១.៥៤២នាក់។

លោកបញ្ជាក់ថា រយៈពេល៣ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៣នេះ នៅថ្ងៃទី១៤ ខែមេសា គឺមានភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្តចំនួន១០៨.៥១៤នាក់ ក្នុងនោះភ្ញៀវជាតិចំនួន១០៨.១៨៤នាក់ និងភ្ញៀវអន្តរជាតិ រួមមានជនជាតិចិន ថៃ ឥណ្ឌូនេស៊ី មានចំនួន៣៣០នាក់។ នៅថ្ងៃទី១៥ ខែមេសា មានភ្ញៀវទេសចរចំនួន២២០.៥៧៧នាក់ ក្នុងនោះភ្ញៀវជាតិចំនួន២២០.០៤២នាក់ និងភ្ញៀវអន្តរជាតិ៥៣៥នាក់។ ចំណែកថ្ងៃទី១៦ ខែមេសាវិញ មានភ្ញៀវទេសចរសរុបចំនួន៣២០.៩២២នាក់ ក្នុងនោះភ្ញៀវជាតិចំនួន៣២០.២៤៥នាក់ និងភ្ញៀវអន្តរជាតិចំនួន៦៧៧នាក់។

លោក ឈឿន សេរីវុធ បានបញ្ជាក់ទៀតថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ រមណីយដ្ឋាន និងតំបន់កម្សាន្តដែលប្រជាពលរដ្ឋមកលេងកម្សាន្តច្រើនជាងគេ រួមមាន ៖
១- សួនមានជ័យ ក្រុងសិរីសោភ័ណ មានភ្ញៀវមកលេងរាំកម្សាន្ត ដែលរដ្ឋបាលខេត្តបានរៀបចំឡើង ដោយមានបា.ញ់ពពុះទឹកសាប៊ូ និងបាញ់ទឹក ព្រមទាំងទទួលនំបញ្ចុកដល់ភ្ញៀវទេសចរផងដែរ។

២- ប្រាសាទបន្ទាយឆ្មា ស្រុកថ្មពួក ភ្ញៀវទេសចរនាំគ្នាមកលេងល្បែ.ងប្រជាប្រិយ៍។
៣- រាំលេងតាមដងផ្លូវ ដែលមានរថយន្តបាញ់ទឹក។
៤- អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ភ្ញៀវទេសចរមកលេងទឹកកម្សាន្ត ដែលជាអាងអភិរក្សសត្វដ៏កម្រ។
៥- អាងជើងគ្រុស ស្រុកថ្មពួក។
៦- ប្រាសាទបន្ទាយទ័ព ស្រុកថ្មពួក។
៧- ប្រាសាទមេបុណ្យ។
៨- រាំលេងកម្សាន្តតាមដងផ្លូវក្រុងប៉ោយប៉ែត និងតាមបណ្តាវត្តអារ៉ាម ក្នុងខេត្តបន្ទាយមានជ័យ៕
ចែករំលែកព័តមាននេះ