លោកហ្គូស ហ៊ីដឌីង (Guus Hiddink) អតីតអ្នកចាត់ការក្លិបតោខៀវ ឆែលស៊ី បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះវត្តមានរបស់អតីតកីឡាករប្រចាំក្លិបនេះផ្ទាល់ ហ្វ្រេងឡាំផាត (Frank Lampard) ដែលបច្ចុប្បន្នទើបតែមកចូលដឹកនាំក្លិប។ លោកថាក្លិបគួរតែឱ្យឡាំផាតធ្វើជាអ្នកចាត់ការក្លិបឆែលស៊ីជាអចិន្ត្រៃយ៍តែម្ដងព្រោះគាត់មានបទពិសោធយូរយារ និងបានត្រៀមលក្ខណៈសម្បត្តិបានល្អ។

ឡាំផាតត្រូវបានប្រកាសតែងតាំងជាអ្នកចាត់ការក្លិបតោខៀវបណ្ដោះអាសន្នកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្លិបដកសេចក្ដីទុកចិត្តពីលោកក្រាហាម ផតថឺ (Graham Potter) ដោយសារតែគាត់ដឹកនាំក្លិបរាងធ្លាក់ដៃបន្តិចមួយរយៈចុងក្រោយនេះ ហើយបានធ្វើឱ្យក្លិបធ្លាក់ទៅឈរលំដាប់ទី១១នៅព្រីមៀលីក។

លោកហ៊ីដឌីងដោយសារតែការពេញចិត្ត ពេញថ្លើម ខ្លាំងចំពោះឡាំផាត លោកបានផ្ដល់អនុសាសន៍ចំពោះគណៈគ្រប់គ្រងក្លិបថាមិនចាំបាច់នៅទីមទាមច្រើន ឱ្យឡាំផាតធ្វើត្រឹមបណ្ដោះអាសន្នទេ គួរតែតែងតាំងគាត់ពេញសិទ្ធិតែម្ដងទៅដើម្បីដឹកនាំក្លិបចាប់ពីរដូវកាលថ្មីតទៅ។ លោកហ៊ីដលីងថាឡាំផាតស្គាល់កិច្ចការរាក់ជ្រៅនៅក្នុងក្លិបជាងអ្នកណាទាំងអស់។ លោកថាជាការពិត ឡាំផាតអាចត្រូវការពេលវេលាខ្លះៗ។ ឆែលស៊ីបានជះលុយច្រើនណាស់កាលពីពេលកន្លងមក។ ប៉ុន្តែពេលនេះលោកយល់ថាក្លិបចាំបាច់ត្រូវតែប្រកាន់គោលជំហរថ្មី។

ឆែលស៊ីអាចឈានដល់វគ្គប្រកួតផ្ដាច់ព្រ័ត្រអែហ្វអេខាប់ (FA Cup) និងឈរនៅលំដាប់ទី៤នៅពេលចប់រដូវកាលកាលពីអំឡុងឆ្នាំ២០១៩-២០២០ កាលនោះក្រោមការដឹកនាំរបស់ឡាំផាត។ ប៉ុន្តែអត់ពីឡាំផាតទៅ, ក្លិបធ្វើមិនសូវបានល្អទោះបីក្លិបចាយលុយទាំងដុំៗដើម្បីទិញយកកីឡាករថ្លៃៗដូចជាខៃ ហាវើត (Kai Havertz), ធីម៉ូ វេមើ (Timo Werner) និងហាគីម ហ្ស៊ីយេច (Hakim Ziyech)។

លោកហ៊ីដឌីងយល់ថាសម្រាប់ពេលនេះវាជាការឆាប់រហ័សពេកបើឱ្យឡាំផាតដឹកនាំក្លិប ហើយចង់បានចំណាត់ថ្នាក់ល្អនៅក្នុងលីក។ គាត់គិតថាឡាំផាតទើបតែចាប់ផ្ដើមអាជីពជាគ្រូបង្វឹកមិនបានប៉ុន្មានផងក៏មានបទពិសោធជ្រៅជ្រះបាត់ទៅហើយ។ ដូច្នេះ គាត់គិតថាគួរតែក្លិបទទួលយកឡាំផាតឱ្យធ្វើកិច្ចការនេះឱ្យបានពេញដៃពេញជើង។ គាត់ស្គាល់ឡាំផាតច្បាស់ណាស់ ហើយគាត់គិតថាការជ្រើសរើសឡាំផាតជាអ្នកចាត់ការក្លិបតោខៀវគឺជាការជ្រើសរើសចំមនុស្សត្រូវ៕
ចែករំលែកព័តមាននេះ