ទីក្រុងស៊ីដនី, ប្រទេសអូស្ត្រាលី៖ អ្នករស់នៅទីក្រុងមេនីនឌី(Menindee) ប្រទេសអូស្ត្រាលី កំពុងស្នើសុំយ៉ាងទទូចឱ្យអាជ្ញាធរប្រមូលសាកសពត្រីរាប់សែនក្បាល ឬអាចដល់លានក្បាល ដែលអណ្ដែតត្រៀបត្រាពេញផ្ទៃទន្លេ។ បញ្ហានេះបានបង្កក្លិនស្អុយយ៉ាងខ្លាំងបំផុត។ អ្នកដែលរស់នៅតាមដងទន្លេដាលិញ (Darling) ប្រាប់ថាពួកគេពិបាកស៊ូទ្រាំចំផុតទៅនឹងក្លិនដ៏អសោចរបស់ត្រីទាំងនោះ។

គេសង្កេតឃើញថាករណីត្រីដែលងាប់ភាគច្រើនគឺងាប់នៅលើផ្ទៃទន្លេនៃរដ្ឋញូសោសវេលដែលស្ថិតនៅចម្ងាយ១ពាន់គីឡូម៉ែត្រពីទីក្រុងស៊ីដនី។ ប៉ុន្តែបញ្ហាមិនមែនកើតតែនៅញូសោសវេលមួយប៉ុណ្ណោះទេ ព្រោះទឹកទន្លេបានហូរចាក់ទៅខ្សែទឹកខាងក្រោម ហើយបាននាំទាំងសាកសពត្រីទាំងនោះទៅជាមួយផង។

ក្រុមអ្នកវិទ្យាសាស្ត្រ និងមន្ត្រីជំនាញសន្និដ្ឋានជំហានដំបូងថាមូលហេតុដែលធ្វើឱ្យត្រីស្លាប់យ៉ាងរង្គាលបែបនេះទំនងជាបណ្ដាលមកពីទឹកជំនន់ដែលធ្លាប់តែឡើងយ៉ាងគំហុកនៅតាមដងទន្លេនោះ វាបែរជាស្រកទៅវិញក៏ឆាប់រហ័សផងដែរ។ បញ្ហានេះធ្វើឱ្យអាកាសធាតុក្ដៅខ្លាំងជាងមុន។ ចំណែកត្រីនៅពេលអាកាសធាតុក្ដៅ ពួកវាត្រូវការអុកស៊ីហ្សែនកាន់តែច្រើនដើម្បីបង្កើតភាពត្រជាក់នៅក្នុងខ្លួន។ លុះពេលខ្សត់ខ្សោយអុកស៊ីហ្សែននៅក្នុងទឹក ពួកវាមិនអាចស៊ូទ្រាំបានទេ។ ពួកវាត្រូវស្លាប់យ៉ាងឆាប់រហ័ស។

ករណីនេះធ្លាប់កើតមាននៅតំបន់ដដែលនេះកាលពីចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩។ កាលនោះ, ត្រី១លានក្បាល ឬច្រើនជាងនេះផងក៏អាចថាបាន បានងាប់ឡើងពាយ និងអណ្ដែតព្រោងព្រាតពេញទឹកទន្លេ។ កាលនោះ, ទឹកមានសភាពកកខ្វក់បំផុត។ ដើម្បីដោះស្រាយបញ្ហានេះ, សមត្ថកិច្ចអូស្ត្រាលី និងអាជ្ញាធរពាក់ព័ន្ធនៅរដ្ឋញូសោសវេលបានបង្កើត «មជ្ឈមណ្ឌលដោះស្រាយបញ្ហានៅក្នុងគ្រាអាសន្ន» ដើម្បីជួយសម្រួលដល់ការប្រមូលសាកសពត្រីទាំងនោះ ដែលចាប់ផ្ដើមរលួយកាន់តែខ្លាំងទៅៗ។

បងប្អូនប្រជាពលរដ្ឋដែលរស់នៅពឹងអាស្រ័យទៅលើទឹកនៅតាមដងទន្លេនេះ ពួកគាត់មិនចាំបាច់ព្រួយបារម្ភទេ ព្រោះអាជ្ញាធរត្រៀមចែកទឹកស្អាតសម្រាប់ពួកគាត់ប្រើប្រាស់មួយសំណើសិន ទម្រាំទឹកទន្លេអាចស្ដារគុណភាពឡើងវិញ។ បើតាមសាស្ត្រាចារ្យម្នាក់បង្ហើបឱ្យដឹងថាកិច្ចការបោសសម្អាតអាងទន្លេឡើងវិញនេះមិនមែនងាយស្រួលប៉ុន្មានទេ ហើយក៏មិនមែន ប្រើប្រាស់ពេលវេលាត្រឹមតែមួយថ្ងៃពីរថ្ងៃអាចធ្វើទៅបានទេ។ ពោលគឺត្រូវការពេលវេលាយូរអង្វែងតទៅមុខទៀត។
អ្នកស្រី Joy Becker ជាគ្រូបង្រៀនផ្នែកវិស័យជលផលកាលណាមានករណីត្រីងាប់ច្រើនដល់ថ្នាក់នេះ ពពួកមេរោគ បាក់តេរី បរាសិត និងសត្វល្អិតផ្សេងៗនឹងបង្កបង្កើតកូនចៅរបស់វាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីកាន់កាប់តំបន់នោះ។ ដូច្នេះ ពពួកមចម្ឆជាតិដែលធ្លាប់អាស្រ័យផល និងរស់នៅទីនោះត្រូវគេដណ្ដើមកន្លែងដែលធ្លាប់រស់នៅ។ គេមិនដឹងថាតើត្រីដែលនៅសេសសល់ពីការស្លាប់នោះអាចបង្កបង្កើតកូនចៅដោយងាយស្រួល ឬយ៉ាងណាទេ។ ថាមិនត្រូវ, ពួកវាអាចនឹងផ្លាស់ប្ដូរទីតាំងរស់នៅផងក៏មិនដឹង៕





ចែករំលែកព័តមាននេះ