រាជធានីភ្នំពេញ ៖ ផ្ទុះការស្ងើចសរសើរពាសពេញបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ក្រោយយាយ តយ តារាកំប្លែងស្រីដ៏ល្បីឈ្មោះមួយរូប បានបកស្រាយចម្រៀងភ្លេងការមួយបទក្រោមចំណងជើងថា «អូនស្រណោះសត្វត្រសង» យ៉ាងពីរោះរណ្តំ និងឆក់បានបេះដូងអ្នកស្តាប់មួយទំហឹងតែម្តង។
តាមរយៈការបកស្រាយបទចម្រៀងប្រពៃណីមួយបទនេះ យាយ តយ ត្រូវបានមហាជនពោលសរសើរថា មានទឹកដមសម្លេងពីរោះ ដែលការគាំទ្រនេះ បានជម្រុញ និងលើកទឹកចិត្តដល់សិល្បការិនីរូបនេះជាខ្លាំង។ ក្នុងនោះយើងសង្កេតឃើញ មានបងប្អូនជាច្រើនបានពោលពាក្យថា «មិនស្មានថា អ្នកស្រី ពៅ ចន្ធូ ហៅ យាយ តយ រូបនេះ អាចបកស្រាយចម្រៀងភ្លេងការបានយ៉ាងល្អដូច្នេះនោះទេ ព្រោះធ្លាប់តែឃើញវត្តមានអ្នកស្រី សម្តែងកំប្លែង» តែមិនដឹងថា យាយ តយ ចេះច្រៀង និងច្រៀងបានពីរោះណាស់។
ប្រាកណាស់ តាំងពីយាយ តយ ប្រឡូកក្នុងសិល្បៈមក តារាកំប្លែងស្រី យាយ តយ ហាក់ដូចជាមិនដែលបញ្ចេញសមត្ថភាពផ្នែកចម្រៀងអោយបងប្អូនបានស្តាប់នោះទេ តែបើយើងដឹងពីប្រវត្តិសាវតារបស់អ្នកស្រី ពៅ ចន្ធូ ហៅយាយ តយ វិញ ទើបដឹងថា តារាកំប្លែងជើងចាស់រូបនេះ មានដុងសិល្បៈពហុជំនាញ តាំងពីរបាំ ចម្រៀង កំប្លែង និងល្ខោនបាសាក់ជាដើម។
តាមរយៈបទសម្ភាន៍ជាមួយសារព័ត៌មានកោះសន្តិភាព ដោយអ្នកស្រី ពៅ ចន្ធូ ហៅយាយ តយ បានថ្លែងថា អ្នកស្រីពិតជាសប្បាយចិត្តជាខ្លាំង ក្រោយមានមហាជនបានសរសើរពីទឹកដមសម្លេងរបស់អ្នកស្រី ដោយអ្នកស្រីបានពោលថា ខ្លួនមិនសូវជាបង្ហាញសមត្ថភាពតាមរយៈបណ្តាញសង្គមគណនីផ្ទាល់ខ្លួននោះទេ។ ហើយកាលពីប៉ុន្មានថ្ងៃមុន តារាកំប្លែង យាយ តយ បានទៅកម្មវិធីគេមួយ រួចអ្នកស្រីក៏ឆ្លៀតដាក់មួយបទផ្ញើជូនបងប្អូនស្តាប់ ហើយសម្រាប់អ្នកស្រីផ្ទាល់ក៏មិននឹកស្មានថា មានមហាជនចាប់អារ្មមណ៍របស់អ្នកស្រីនោះឡើយ ក្រោយបកស្រាយបទ «អូនស្រណោះសត្វត្រយ៉ង»។
ទាក់ទងការច្រៀង តារាកំប្លែងរូបនេះបានបន្ថែមថា ការច្រៀងពិតជាលំបាក ដោយតម្រូវអោយយើងហាត់សមជាមុន ត្រូវហាត់ច្រៀងអោយបានច្រើន ជាពិសេសការថែរក្សាសម្លេងជាចំបង ដូចជាអ្នកស្រីផ្ទាល់ ដោយសម្លេងរបស់អ្នកស្រីហាក់ដូចជាមិនសូវប្រែប្រួលនោះទេ ដោយនៅអាចរក្សាបាននៅភាពពីរោះដដែល បើទោះបីជាអ្នកស្រីមានវ័យហាសិបឆ្នាំប្លាយក៏ដោយ។
ក្រៅពីសម្លេងដ៏ពីរោះ យាយ តយ ដែលមានវ័យ៥៨ឆ្នាំរូបនេះ ក៏បានពោលទម្លាយទាក់ទងជាមួយប្រវត្តិដែលខ្លួនបានចូលសិល្បៈតាំងពីដំបូងកាលពីឆ្នាំ១៩៨០ ដោយកាលនោះខ្លួនរបស់អ្នកស្រីបានចាប់អាជីពជា អ្នករបាំ ដូចជារបាំបុរាណ និងរបាំគោះត្រឡោកជាដើម។ ក្រោយមកទៀត អ្នកស្រីក៏ចាប់យកអាជីពល្ខោនបាសាក់ និងយីកេបន្តទៀត ដោយជាការស្រឡាញ់ពេញចិត្ត ទើបអ្នកស្រីចេះតែហាត់រៀន និងតស៊ូប្រឹងប្រែងនៅអាជីពមួយនេះ។ លុះក្រោយមកទៀត អ្នកស្រី ពៅ ចន្ធូ ក៏បានកាត់សក់អោយគេជាហូរហែ តែការកាត់សក់អោយគេនោះ អ្នកស្រីពុំបានថវិកានោះទេ ដោយអ្នកស្រីកាត់សក់អោយគេបាន៥រោង ទើបអ្នកស្រីទទួលបានថវិកាខ្លះៗ។ ក្រោយមកទៀត នៅឆ្នាំ២០០៩ តារាកំប្លែងជើងចាស់ យាយ តយ ក៏បានមកប្រឡងកំប្លែង ហើយក៏បានជាប់ជាតារាកំប្លែង និងជាប់ឈ្មោះជា យាយ តយ បន្តរហូតមកដល់បច្ចុប្បន្ននេះ។
ប្រាកដណាស់ ទន្ទឹងភាពជោគជ័យទៅលើវិថីសិល្បៈ តារាពហុជំនាញ យាយ តយ ក៏បានហែលឆ្លងនៅឧបសគ្គជាច្រើនហូរហែ ទម្រាំទទួលបានជោគជ័យមកដល់បច្ចុប្បន្នផងដែរ។
គួររលឹកដែលថា អ្នកស្រីពៅ ចន្ធូ ហៅ តយ ដែលជាតារាពហុជំនាញរូបនេះ បានពោលពាក្យថា អ្នកស្រីពិតជាអរគុណដល់ពុកម៉ែបងប្អូនជាខ្លាំងសម្រាប់ការគាំទ្រអ្នកស្រីជាច្រើនឆ្នាំមកនេះ អ្នកស្រីក៏ជូនពរអោយបងប្អូនមហាជនបានជួបអ្វីៗដែលសមប្រកបនៅក្នុងជីវិតផងដែរ៕ ដោយ ៖ លីហួ គីមឆាយ
ចែករំលែកព័តមាននេះ