ភ្នំពេញ៖ មន្រ្តីជំនាញក្រសួងទេសចរណ៍ បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរយើង ជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ នៅកម្ពុជា ព្រោះថា យើងម្នាក់ៗ សុទ្ធតែមានទូរសព្ទដៃទំនើប ហើយមានបណ្តាញសង្គម ពិសេសហ្វេសប៊ុក ដែលមានហ្រ្វេនច្រើន និងមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ដែលបងប្អូនបានទៅដល់។
លោក ឡាង សុលីណា ទីប្រឹក្សាក្រសួង និងជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងបណ្តាញទំនាក់ទំនងសង្គម នៃក្រសួងទេសចរណ៍ បានប្រាប់កោះសន្តិភាពថា ការពង្រឹងការផ្សព្វផ្សាយរូបភាព និងវីដេអូពីសក្តានុពលទេសចរណ៍ តាមរយៈឌីជីថល មានសារសំខាន់ខ្លាំងណាស់ ក្នុងការទាក់ទាញភ្ញៀវទេសចរ។
លោក ទ្បាង សុលីណាថា បើយើងផ្សព្វផ្សាយអ្វីក៏ដោយ បើផ្សព្វផ្សាយពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ប្រាកដណាស់ វាមានភាពយឺតជាងការផ្សព្វផ្សាយតាមឌីជីថល ដូចជា តាមវីដេអូ ហ្វេសប៊ុក និងវេបសាយ ជាដើម។ អញ្ចឹងហើយ បានជារាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោ លោកជំរុញឲ្យទៅជាឌីជីថលទាំងអស់ ដើម្បីឲ្យការងារបានឆាប់រហ័ស។ ដោយទ្បែករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិតថោង ខុន ក៏បានចង្អុលបង្ហាញការផ្សព្វផ្សាយតាមឌីជីថលនេះ ឲ្យក្លាយជាចលករមួយ ដើម្បីទាក់ទាញភ្ញៀវទេសចរ ពិសេសភ្ញៀវទេសចរចិនដែលគ្រោងមកកម្ពុជាយើងនាពេលខាងមុខ។
លោកបានឲ្យដឹងទៀតថា ការងារនេះ យើងបានចាប់ផ្តើមធ្វើតាំងពីឆ្នាំ២០១៩ មកម្លេះ ដោយយើងធ្វើយ៉ាងណាឲ្យមន្ទីរទេសចរណ៍ខេត្តក្រុង យល់ពីការប្រើប្រាស់បណ្តាញសង្គម ក៏ដូចជាការបង្កើតបណ្តាញសង្គម រួមទាំងការថែរក្សាសុវត្ថិភាពនិងការគ្រប់គ្រងបណ្តាញសង្គម។ ដូច្នេះហើយ បានជាក្រុមការងារជំនាញក្រសួងទេសចរណ៍ បានចុះទៅបណ្តុះបណ្តាល តាមបណ្តាខេត្តរាជធានី ដើម្បីឲ្យពួកគាត់បានយល់ និងប្រើប្រាស់បាន។ លោកថា ការងារនោះ យើងបានបញ្ចប់ នៅឆ្នាំ២០២២។
លោកក៏បានបញ្ជាក់បន្ថែមថា ការផ្សព្វផ្សាយពីសក្តានុពល នៅតំបន់ទេសចរណ៍ណាមួយ តាមរយឌីជីថលនោះ វាមិនគ្រាន់តែឆាប់រហ័ស និងទូលំទូលាយនោះទេ ប៉ុន្តែវានឹងបង្ហាញដល់ភ្ញៀវទេសចរបានដឹង និងមានចំណាប់អារម្មណ៍ ហើយពួកគាត់នឹងទៅដល់តំបន់នោះ ដោយមានភាពងាយស្រួលជាង ដោយសារតែយើងម្នាក់ៗសុទ្ធតែមានទូរសព្ទក្នុងដៃរៀងៗខ្លួន។
លោក ទ្បាង សុលីណា ក៏បានអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋខ្មែរយើង ជួយផ្សព្វផ្សាយតំបន់ទេសចរណ៍នៅកម្ពុជាតាមរយឌីជីថលនេះ ព្រោះថាយើងម្នាក់ៗ សុទ្ធតែមានទូរសព្ទដៃ ហើយមានបណ្តាញសង្គម ដែលមានហ្រ្វេនច្រើន នៅក្នុងបណ្តាញសង្គម និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ នៅតំបន់ទេសចរណ៍ ដែលពួកគាត់ទៅដល់។ ការធ្វើដូច្នេះ គឺជាការលើកកម្ពស់ផងដែរនូវការផ្សព្វផ្សាយអំពីសក្តានុពលតំបន់ទេសចរណ៍នៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ សំខាន់ភ្ញៀវទេសចរអន្តរជាតិ៕ សុខ សារ៉ាយ








ចែករំលែកព័តមាននេះ