ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ជីវិត DJ LION ក្រោយ​ចេញពី​ពន្ធនាគារ មាន​ភាព​ស្រស់បំព្រង​ឡើង​វិញ ដោយ​មូលហេតុ​មួយ

2 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​ពិធីករ​ដែល​ពោរពេញ​ដោយ​ពាក្យ​សម្តី​វោហារ​ស័ព្ទ គឺ DJ Lion ដែល​កន្លង​មក បាន​ឆ្លងកាត់​ព្យុះ​ភ្លៀង​ក្នុង​ឆាកជីវិត​ដែល​គ្រប់​គ្នា​នឹក​ស្មាន​មិន​ដល់ រហូត​លោក​ត្រូវ​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​មួយ​រយៈពេល​ធំ​។ ពេល​នេះ​ដំណើរ​ជីវិត​របស់​លោក ហាក់​ប្រែប្រួល

រាជធានី​ភ្នំពេញ ៖ អតីត​ពិធីករ​ដែល​ពោរពេញ​ដោយ​ពាក្យ​សម្តី​វោហារ​ស័ព្ទ គឺ DJ Lion ដែល​កន្លង​មក បាន​ឆ្លងកាត់​ព្យុះ​ភ្លៀង​ក្នុង​ឆាកជីវិត​ដែល​គ្រប់​គ្នា​នឹក​ស្មាន​មិន​ដល់ រហូត​លោក​ត្រូវ​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​មួយ​រយៈពេល​ធំ​។ ពេល​នេះ​ដំណើរ​ជីវិត​របស់​លោក ហាក់​ប្រែប្រួល​និង​ស្រស់បំព្រង​ឡើង​វិញ ក្រោយ​បាន​ចាក​ចេញពី​ពន្ធនាគារ​។

ប្រាកដ​ណាស់ បងប្អូន​មហាជន​បាន​ស្គាល់ DJ Lion ច្បាស់​ណាស់ ព្រោះ​លោក​ជាតា​រា​មួយ​រូប​ដែល​ធ្លាប់​មានកេរ្តិ៍ឈ្មោះ បោះ​សម្លេង​ខ្លាំង តែ​ជីវិត​របស់​លោក​ហាក់ដូចជា​មាន​ខ្សែជីវិត​ក្នុង​រឿងភាពយន្ត ម្តង​ឡើង ម្តង​ចុះ ដូច​ពាក្យចាស់​បាន​ពោល​ថា «​ខ្សែជីវិត​របស់​មនុស្ស​យើង​ម្នាក់​ៗ​ពុំ​ដូច​គ្នា​នោះ​ទេ​» ខ្លះ​ក៏​ពើបប្រទះ​រឿង​ល្អ​ៗ​សឹងតែ​ពេញ​មួយ​ជីវិត ខ្លះ​ទៀត​ក៏​ជួប​តែ​រឿង​ទុក្ខ​ព្រួយ សោកសង្រេង​ជាដើម​។ ដូច្នេះ ចូរ​សាង​អំពើ​ល្អ​ឱ្យ​បាន​ច្រើន ទើប​នាំ​អោយ​ជីវិត​មាន​ភាព​ស្រស់បំព្រង និង​ភ្លឺ​ថ្លា​។

កន្លង​មក ខណៈ​កំពុង​សាង​ឈ្មោះ​ល្បីល្បាញ​ហើយ​នោះ ស្រាប់តែ​ផ្ទុះ​ដំណឹង​ថា ពិធីករ​រូប​នេះ​បាន​បែកបាក់​គ្រួសារ ហើយ​ក្រោយមក​ទៀត លោក​ក៏​ត្រូវ​បាន​ចាប់ខ្លួន និង​ជាប់ពន្ធ​ធនាគារ ក្រោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿង​ញៀ​.​ន នៅ​ក្លិប​កម្សាន្ត​មួយ​កន្លែង​កាលពី​រយៈពេល​៤​ឆ្នាំ​កន្លង​ផុត​មកនេះ​។ យ៉ាង​ណាមិញ អតីត​ពិធីករ​រូប​ល្បីឈ្មោះ​រូប​នេះ បាន​មាន​សេរីភាព​វិញ​ហើយ ក្រោយ​ផុត​ទោស កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ ។

ងាក​មក DJ Lion ដែល​បាន​ចេញពី​ចេញពី​ពន្ធនាគារ តារា​រូប​នេះ​មាន​ជីវភាព​នៅ​តែ​ជួប​ការ​លំបាក​ជា​ច្រើន ដូច​ជា​កាលពី​មួយ​រយៈ​មុន លេចលឺ​ថា តារា​រូប​នេះ បាន​ដើរ​លាងចាន​ឱ្យ​គេ ជាដើម​។ ប៉ុន្តែ​នា​ពេល​នេះ ពិធីករ​ដ៏​ស្រស់​សង្ហា​រូប​នេះ ហាក់ដូចជា​មាន​ពន្លឺ​ជា​ថ្មី​ឡើង​វិញ ដោយ​មានការ​ជួយ​ជ្រោមជ្រែង​ពី​លោក​ឧកញ៉ា​ម្នាក់ ហើយ​លោក​ក៏​អរគុណ​ជា​ខ្លាំង​សម្រាប់​ការ​ជួយ និង​ក្តី​សណ្តោស​ប្រណី​តាម​រយៈ​ការ​ផ្តល់​ការងារ​ដល់​រូប​លោក ដែល​បាន​ធ្វើ​ឱ្យ​អតីត​ពិធីករ​រូប​នេះ សប្បាយចិត្ត​ខ្លាំង​ណាស់​ទៅ​ហើយ​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព ដោយ DJ Lion បានឱ្យ​ដឹង​ថា ក្រោយ​ពី​លោក​បាន​ចាក​ចេញពី​ពន្ធនាគារ លោក​ពិតជា​សប្បាយ​ចិត្តខ្លាំង ព្រោះ​លោក​បាន​ទទួល​សេរីភាព​ឡើង​វិញ ហើយ​លោក​ក៏​សូម​សន្យា​នឹង​ខ្លួនឯង​ថា «​នឹង​កែប្រែ​ខ្លួន​ឱ្យ​ឡើង​ល្អ​វិញ ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម​»​។

គួរ​រម្លឹក​ផង​ដែរ​ថា អតីត​ពិធីករ​លោក ឡាយ អិន បាន​ជាប់​ពន្ធនាគារ​កាលពី​ថ្ងៃ​២៣ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​កាល​ណោះ​លោក​ជាប់​រយៈពេល​៤​ឆ្នាំ​។ លោក ឡាយ​អិន បាន​បន្ថែម​ថា កាលពី​អំឡុង​លោក​ជាប់​ក្នុង​ពន្ធនាគារ​នោះ ជីវិត​របស់​លោក​ពិតជា​ពិបាក​ជា​ខ្លាំង ដូច្នេះ​ត្រង់​ចំណុច​នេះ លោក​ពោល​ទាំង​ក្តុល​ក្តួល​ថា លោក​ត្រូវ​តែ​ធ្វើ​អ្វី​ដែល​ល្អ​សម្រាប់​ខ្លួនឯង ទើប​ជា​ការ​ប្រសើរ ហើយ​ត្រូវ​មាន​គោល​ជំហរ​ដើរទៅ​មុខ ទោះបី​មានរឿង​អ្វី​ក៏​ដោយ ក៏​ត្រូវ​តែ​ក្រោកឈរ​ជា​និច្ច ទើប​ជីវិត​របស់​យើង​នឹង​ប្រសើរ​ឡើង​។

អតីត​ពិធីករ​លោក ឡាយ​អិន បាន​បន្ត​ថា ដោយ​នា​ពេល​បច្ចុប្បន្ន​នេះ លោក​ទទួល​បានការ​ងារ​ពី​ឧកញ៉ា ដួង ឆាយ ក្នុង​តួនាទី​ជា​បុគ្គលិក​ផ្នែក​លក់ ហើយ​លោក​ពិតជា​សប្បាយ​ចិត្តខ្លាំង​ណាស់ លោក​មិន​អាច​ភ្លេចគុណ​លោក​ឧកញ៉ា​បាន​ឡើយ ព្រោះ​លោក​ឧកញ៉ា​តែងតែ​ជួយ​ជ្រោមជ្រែង​លោក លើកទឹកចិត្ត​លោក ជា​ពិសេស​តែងតែ​ផ្តល់​ដំបូន្មាន​ល្អ​ៗ​សម្រាប់​ខ្លួន​លោក​។

បើ​ទាក់ទង​ជាមួយ​ជីវិត​គ្រួសារ​វិញ តារា​រូប​នេះ​ក៏​ពុំ​បាន​និយាយ​អ្វី​ច្រើន​នោះ​ឡើយ ដោយ​លោក​ត្រឹម​ពោល​ថា លោក​មានការ​នឹករលឹក​កូន​ជា​ខ្លាំង ដោយ​លោក​ចង់​ជួប​កូន ចង់​អោប​កូន ដើម្បី​អោយ​អារម្មណ៍​របស់​លោក​មាន​ភាព​ធូរស្រាល​ជាង​នេះ​។

ជា​ចុង​ក្រោយ ពិ​ធិ​ករ​លោក ឡាយ​អិន ក៏​មាន​សារ​ផ្តាំផ្ញើ​សម្រាប់​បងប្អូន​មហាជន​ទាក់ទង​ជាមួយ​រឿង​កន្លង​មក ដែល​ខ្លួន​លោក​ផ្ទាល់​ធ្លាប់​បាន​ធ្វើ​ខុស ដោយ​ខ្លួន​លោក​មាន​វិប្បដិសារី​ជា​ច្រើន ប៉ុន្តែ​លោ​ក​តែងតែ​ប្រាប់​ខ្លួនឯង​ថា ដើរ​ដួល​កន្លែង​ណា ត្រូវ​ក្រោក​កន្លែង​នោះ គ្មាន​នរណា​ម្នាក់​មិន​ចេះ​ខុស​ឡើយ សំខាន់​ខុស​ហើយ ត្រូវ​ចេះ​ទទួលស្គាល់​កំហុស និង​កែប្រែ​នូវ​កំហុស​របស់​ខ្លួនឯង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ