ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន «​អាង​កំពីងពួយ​» ប្រែជា​ស្ងាត់ជ្រងំ បន្សល់​ទុក​តែ​ស្លាកស្នាម​អនុស្សាវរីយ៍​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • បាត់ដំបង

ផ្ទៃ​ទឹក​ដ៏​ធំ​ល្វឹងល្វើយ​មើល​ដាក់​កន្ទុយភ្នែក​។ ធ្លាប់​ជាទី​កន្លែង​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​អនេក​ធ្វើ​ដំណើរ​ទៅ​ហែល​ទឹក​លេង​កម្សាន្ត​យ៉ាង​ត្រជាក់ចិត្ត សម្រាក​លំហែកាយ​លើ​ខ្យូ​ស​មាត់ទឹក​ស្រូប​យក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ គយគន់​

ខេត្តបាត់ដំបង ៖ ផ្ទៃ​ទឹក​ដ៏​ធំ​ល្វឹងល្វើយ​មើល​ដាក់​កន្ទុយភ្នែក​។ ធ្លាប់​ជាទី​កន្លែង​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​អនេក​ធ្វើ​ដំណើរ​ទៅ​ហែល​ទឹក​លេង​កម្សាន្ត​យ៉ាង​ត្រជាក់ចិត្ត សម្រាក​លំហែកាយ​លើ​ខ្យូ​ស​មាត់ទឹក​ស្រូប​យក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ គយគន់​ជួរ​ភ្នំ​ដ៏​វែង​អន្លាយ​ជាប់​ជើងមេឃ​។ ប៉ុន្តែ​បច្ចុប្បន្ន ទីនោះ​បាន​ក្លាយទៅជា​ទី​រហោឋាន​ដ៏​ស្ង​ត់​ជ្រងំ បន្សល់​ទុក​តែ​ស្លាកស្នាម​អនុ​ស្សាវរីយ៍ ជាមួយនឹង​ផ្ទៃ​ទឹក​លាតសន្ធឹង​ដាក់​កន្ទុយភ្នែក​គួរ​ឲ្យ​ស្រណោះ​។ នោះ​គឺជា រមណីយដ្ឋាន «​អាង​កំពីងពួយ​»​។

រមណីយដ្ឋាន «​កំពីងពួយ​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ មាន​បណ្ដោយ​ប្រវែង​៦,០០០​ម៉ែត្រ និង​ទទឹង​ប្រវែង​១,៩០០​ម៉ែត្រ អាច​រក្សា​ទឹក​ទុក​បាន​រហូត​ដល់​ទៅ​១១០,០០០,០០០​ម៉ែត្រគូប (​មួយ​រយ​ដប់​លាន​ម៉ែត្រគូប​) នៅ​រដូវរ​ស្សា​។ វា​ត្រូវ​បាន​កសាង​នៅ​ក្នុង​ឆាក​សោក​នា​.​ដ​កម្ម​ដ៏​ប្រល័យ នៃ​សម័យ​ខ្មែរក្រហម​គ្រប់គ្រង​ក្នុង​ទស​វត្ស​ឆ្នាំ​៧០​។ សំណង់​នេះ ត្រូវ​បាន​គេ​ប្រើប្រាស​កម្លាំង​មនុស្ស​សុទ្ធសាធ​រាប់​ម៉ឺន​នាក់ រែក​សែង​ដី​សាងសង់​ជា​ទំនប់​ទឹក​ដ៏​ធំ​មហិមា​ក្នុង​សម័យ​នោះ ដែល​ផ្នែក​ខ្លះ​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​ជួរ​ភ្នំ​។ នេះ​បើ​យោង​តាម​ឯកសារ​នានា ដែល​ត្រូវ​បាន​គេ​ចងក្រង​ទុក​មក​ដល់​សព្វថ្ងៃ​។

កេរដំណែល​ដែល​កើត​ចេញពី​កម្លាំង​ញើស​ឈា​.​ម​ប្រជាជន​ខ្មែរ​សុទ្ធសាធ​កាលពី​សម័យ នៃ​របប​អាវ​ខ្មៅ​នេះ វា​បាន​ប្រែ​ក្លាយជា​រមណីយដ្ឋាន​ដ៏​ល្បីល្បាញ និង​ពេញ​និយម​បំផុត នៅ​ក្នុង​អំឡុង​ចាប់ពី​ពាក់កណ្ដាល​ទស​វត្ស​ឆ្នាំ​១៩៩០ រហូត​ដល់​ឆ្នាំ​២០១៣ ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា ឆ្នាំ​១៩៧៩​។ ប៉ុន្តែ​បច្ចុប្បន្ន រមណីយដ្ឋាន ដែល​ជា​កាក​សំណល់ នៃ​របប​ខ្មែរក្រហម​មួយ​នេះ បាន​ប្រែ​ក្លាយជា​ទីកន្លែង​ដ៏​ស្ងាត់ជ្រងំ​គួរ​ឲ្យ​សង្វេគ​ក្រៃ​លែង​ត្រឹម​មួយប៉ប្រិចភ្នែក បន្សល់​ទុក​តែ​ស្លាកស្នាម គ្មាន​ខ្យូ​ស​លើ​មាត់ទឹក​សម្រាប់​សម្រាក​លំហែកាយ​ដូច​កាល​ប៉ុន្មាន​ឆ្នាំ​មុន​ទៀត​ទេ​។

តូប ឬ​ខ្យូ​សរាប់​សិប​ខ្នង ដែល​គេ​សាងសង់​លើ​មាត់ទឹក​សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​អ​ង្អុ​យ​លំហែកាយ ត្រូវ​បាន​គេ​បញ្ជា​ឲ្យ​រុះរើ​ចេញ​អស់​គ្មាន​សល់ កាលពី​ជាង​ពីរ​ឆ្នាំ​មុន​នេះ​។ រីឯ​សំណង់​ទ្វារ​ទឹក ដែល​ធ្លាប់តែ​បើក​បង្ហូរទឹក​សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​ហែល​លេង​កំសាន្ត ក៏​ត្រូវ​គេ​ទម្លាក់​ទ្វារ​បិទ​ជិតឈឹង​ផង​ដែរ សូ​ម្បី​មួយ​តំណក់​ក៏​មិន​ឲ្យ​ជ្រាប​ចេញពី​ក្នុង​អាង​ឡើយ​។

មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ដែល​មហាជន​ទូទៅ​ដឹង​ថា កំពុង​គ្រប់គ្រង​អាង​កំពីងពួយ​សព្វថ្ងៃ​នេះ មិន​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​តូប ឬ​ខ្យូ​ស​នៅ​លើ​ទឹក​ទទួលភ្ញៀវ​ដូច​មុន​ៗ​ទៀត​ទេ ប៉ុន្តែ​អ្នក​ដែល​ធ្លាប់​លក់ដូរ​ម្ហូបអាហារ​មួយ​ចំនួន​នៅ​តែ​អាច​ឆ្លៀតឱកាស​ធ្វើ​តូប ឬ​ខ្យូ​សបាន​ខ្លះ​ៗ នៅ​ម្ខាង​ទំនប់​ទឹក គ្រាន់​ចង​អង្រឹង​ទទួលភ្ញៀវ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ចូល​ហូប​បាយ​ទឹក​ម្ដងម្កាល ក្រោម​ការ​អនុគ្រោះ​ខ្លះ​ៗ​ពី​មន្ត្រី​ជំនាញ​។ នេះ​បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង និង​តាម​ការ​បំភ្លឺ​នានា ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​បាន​បរិយាយ​ប្រាប់​កោះសន្តិភាព​កាលពី​ស​ប្ដា​ហ៍​មុន​។

អ្នកលក់​ម្ហូបអាហារ បាន​និយាយ​ថា កាលពី​អំឡុង​មុន​ឆ្នាំ​២០១៣ តំបន់​ទេសចរណ៍​អាង​កំពីងពួយ បាន​បើកចំហរ​ទទួលភ្ញៀវ​ទេសចរ​ពេញទំហឹង ព្រោះ​សំណង់​ទ្វារ​ទឹក​ត្រូវ​បាន​បើក​បង្ហូរ​ល្មម​អាច​ឲ្យ​ភ្ញៀវ​ហែល​កំសាន្ត​បាន​។ កាលនោះ មាន​មនុស្ស​ទៅ​លែង​ច្រើន​ណាស់ សូ​ម្បី​ថ្ងៃ​ចុង​ស​ប្ដា​ហ៍​ក៏​មាន​មនុស្ស​កកកុញ​ដែរ​។ ជា​ពិសេស​នៅ​ពេល​មាន​ពិធីបុណ្យ​ជាតិ ឬ បុណ្យប្រពៃណី​ខ្មែរ​ធំ​ៗ ដូច​ជា​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ឬ​បុណ្យ​ភ្ជុំបិណ្ឌ​ជាដើម​។​ល​។​និង​។​ល​។

គាត់​និយាយ​ថា គាត់​លក់ដូរ​នៅ​លើ​អាង​កំពីងពួយ​នេះ តាំងពី​មាន​អ្នកលក់​ត្រឹមតែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ តែ​ក្រោយ​ៗ​មក​មាន​មនុស្ស​មក​ពី​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ​មក​លេង​កាន់​ច្រើន​ទៅ​ៗ ទើប​អ្នក​លក់ដូរ​មាន​កាន់តែ​ច្រើន​ដែរ​។ អំឡុង​ពេល​នោះ អាង​កំពីងពួយ​ល្បី​ខ្លាំង​ណាស់ មាន​ភ្ញៀវ​មក​លេង​ច្រើន ស្ទើរតែ​រក​កន្លែង​អង្គុយ​គ្មាន សូ​ម្បី​យានយន្ត​ក៏​គ្មាន​ទីតាំង​ចត​ដែរ​។ ប៉ុន្តែ​ចាប់តាំងពី​ក្រោយ​ឆ្នាំ​២០១៣ (​ឆ្នាំ​មាន​ទឹកជំនន់ បាក់​ទំនប់​អាង​កំពីងពួយ​) រហូត​ដល់​សព្វ​ថ្ងៃនេះ អាង​កំពីងពួយ បាន​បាត់បង់​ភ្ញៀវ​អស់​ស្ទើរតែ​ទាំងស្រុង លក់​អ្វី​ក៏​មិន​ដាច់​ដែរ លក់ដាច់​បន្តិចបន្តួច​សម្រាប់​តែ​អ្នកដំណើរ​ឆ្លងកាត់​តែ​ប៉ុណ្ណោះ​។

ពាក់ព័ន្ធ​នឹង​រមណីយដ្ឋាន «​កំពីងពួយ​» នេះ បើ​តាម​មន្ត្រី​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​អាង​កំពីងពួយ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ទាំងស្រុង​របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​។ រឿង​បើកទ្វារ​ទឹក ឬ​បិទទ្វារ​ទឹក វា​ជា​សិទ្ធិ​អំណាច​របស់​មន្ទីរ​ធនធានទឹក មិនមែន​ស្ថិត​នៅ​លើ​ខាង​មន្ទីរ​ទេស​ចរណ៍​ទេ​។

មន្ត្រី​ដដែល​បន្ដ​ថា ដោយសារ​តែ​បែប​នេះ​ហើយ ទើប​ខាង​មន្ទីរ​ទេសចរណ៍​គ្មាន​ផែនការ​រៀបចំ​កែ​លំអរ​រមណីយដ្ឋាន​នេះ​ឡើង​វិញ ហើយ​ថែម​ទាំង​ត្រូវ​បាន​គេ​ផាត់​ចេញពី​ក្នុង​បញ្ជី​គោលដៅ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត រហូត​ដល់​សព្វ​ថ្ងៃនេះ​ទៀត​ផង​។ ប៉ុន្តែ​មន្ត្រី​រូប​នេះ បាន​ទទួលស្គាល់​ថា រមណីយដ្ឋាន កំពីង​ពួយ​នេះ ពិតជា​មាន​ប្រជាប្រិយភាព​អាច​ទាក់ទាញ​មនុស្ស​ឲ្យ​ទៅ​កំសាន្ត​ច្រើន​មែន កាលពី​ជិត​១០​មុន តែ​បច្ចុប្បន្ន​ចប់​ហើយ​។

គេ​សម្គាល់​ឃើញ​ថា មន្ទីរ​ទេសចរណ៍​ខេត្ត តែងតែ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​របស់​ខ្លួន​ក្ដី ឬ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ក្ដី នៅ​មុន​ពេល​មាន​ពិធីបុណ្យ​ទាន​ផ្សេង​ៗ នូវ​គោលដៅ​ទេសចរណ៍​នានា ដែល​មាននៅ​ក្នុង​ខេត្តបាត់ដំបង ដើម្បី​រង់ចាំ​ស្វាគមន៍​ភ្ញៀវ​ធ្វើ​ដំណើរ​ទៅ​កំសាន្ត ហើយ​ក្នុង​ចំណោម​នោះ ក៏​មានឈ្មោះ​រមណីយដ្ឋាន​អាង​កំពីងពួយ មួយ​ផង​ដែរ​។ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មន្ទីរ​ទេសចរណ៍​ហាក់​មិន​បាន​ដាក់​ប​ញ្ជូ​ល​ឈ្មោះ​រមណីយដ្ឋាន «​អាង​កំពីងពួយ​» នៅ​ក្នុង​បញ្ជី​គោល​ដៅ​ទេសចរណ៍​ទាំងនោះ​ទៀត​ទេ ព្រោះ​រមណីយដ្ឋាន​នេះ​ត្រូវ​បាន​គេ​ផាត់​ចេញពី​ក្នុង​បញ្ជី​គោលដៅ​ទេសចរណ៍​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​។

នៅ​ក្នុង​រាជ​កាល លោក ប្រាជ្ញ ចន្ទ គ្រប់គ្រង​ជា​អភិបាលខេត្ត ក្នុង​អំឡុង​ឆ្នាំ​២០០៨ តំបន់ «​កំពីង​ពួយ​» ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ប្លង់​គោលខេត្ត​នេះ រៀបចំ​បញ្ចូល​ឈ្មោះ​ជា «​រមណី​ដ្ឋា​ន​» ជា​ផ្លូវការ នៅ​ក្នុង​សៀវភៅ «​ផែនការអភិវឌ្ឍន៍ និង​ការ​ការពារ​តំបន់​ទេសចរណ៍​សំខាន់​ៗ​នៅ​ក្នុង​ខេត្តបាត់ដំបង​»​។ អំឡុង​ពេល​នោះ រមណីយដ្ឋាន «​កំពីងពួយ​» កំពុង​មានឈ្មោះ​បោះ​សម្លេង​ល្បីល្បាញ​ស្ទើរ​គ្រប់​ទិស​ទី នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​។ ហើយ «​អាង​កំពីងពួយ​» ត្រូវ​គេ​គត់​សម្គាល់​មាន​ចំណុច​ពិសេស​២ ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ខ្លាំង​បំផុត គឺ «​ការ​ហែល​ទឹក​កំសាន្ត និង​ចង់​ស្គាល់​ទីតាំង​ផ្ទាល់ ដែល​ខ្មែរក្រហម​បន្សល់​ទុក​»។

សម្រាប់​ដំណើរ​កំសាន្ត​របស់​ភ្ញៀវ​ទេសចរ​ជាតិ​ក្ដី ភ្ញៀវ​អន្តរជាតិ​ក្ដី ដែល​មក​ដល់​ទឹកដី​ខេត្ត​ដ៏​មាន​វ័យ​ចំណាស់​មួយ​នេះ មិន​ថា​នៅ​ថ្ងៃ​ចុង​ស​ប្ដា​ហ៍ ឬ​ក្នុង​ឱកាស​បុណ្យ​ទាន​ផ្សេង​ៗ​ទេ គេ​សម្គាល់​ឃើញ​ថា ពេល​ព្រឹក​ព្រលឹម​ភ្ញៀវ​ទេសចរ បាន​ចាប់ផ្ដើម​ធ្វើ​ដំណើរ​ជា​ហូរហែ​តាម​យានយន្ត​ទៅ​កំសាន្ត​តាម​រមណីយដ្ឋាន​នានា នៅ​តាម​បណ្ដា​ស្រុក​ឆ្ងាយ​ៗ ដែល​មាន​ទឹកធ្លាក់​ពី​ជ្រលង​ភ្នំ តាម​ដងស្ទឹង ចំការ​ដំណាំ ឬ​តំបន់​ធម្មជាតិ​នានា ជា​ពិសេស​រមណីយដ្ឋាន​នានា ដែល​មាននៅ​ក្នុងស្រុក​សំឡូត​។ លុះដល់​ថ្ងៃរសៀល ទើប​ពួក​គេ​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ សម្រុកចូល​ទៅ​ហែល​ទឹក​លេង​នៅ​រមណីយដ្ឋាន «​កំពីងពួយ​» ដែល​ជា​តំបន់​ត្រជាក់ និង​សំខាន់​ជាងគេ រួច​បន្តដំណើរ​ទៅ​ទស្សនា​នៅ​ប្រាសាទ​បាណ​ន់ មុន​ពេល​ថ្ងៃ​លិច​។

បើ​ទោះជា​រមណីយដ្ឋាន «​កំពីងពួយ​» ពេល​នេះ ត្រូវ​បាន​បាត់ឈ្មោះ​បោះ​សម្លេង​ក្ដី តែ​នៅ​មាន​រមណីយ​ដ្ឋាន​ជាង​៥០​កន្លែង​ទៀត ដែល​កំពុង​រង់ចាំ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ទៅ​កំសាន្ត​។ នេះ​បើ​តាម​មន្ត្រី​ទេសចរណ៍​បាន​ចង្អុលបង្ហាញ​។

មន្ត្រី​ទេសចរណ៍​រូប​នេះ បាន​និយាយ​ថា រមណីយដ្ឋាន​ទេសចរណ៍​នៅ​ក្នុង​ខេត្តបាត់ដំបង សព្វ​ថ្ងៃនេះ កើត​មាន​ច្រើន​ណាស់ ក្នុង​នោះ​មាន​ទាំង​រមណីយដ្ឋាន​បែប​ធម្មជាតិ​ទើប​បង្កើត​ថ្មី និង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ប្រាសាទបុរាណ​។

ចំពោះ​ការ​បាត់បង់​ឈ្មោះ​រមណីយដ្ឋាន «​អាង​កំពីងពួយ​» ដ៏​ពេញ​និយម​នេះ ពិតជា​គួរ​ឲ្យ​សោកស្ដាយ​ខ្លាំង​ណាស់ ព្រោះ​ជាទី​កន្លែង​ប្រវត្តិសាស្ត្រ ដែល​បន្សល់​ទុក​ពី​សម័យ​ខ្មែរក្រហម​។ ប៉ុន្តែ​យ៉ាងណា ពេល​នេះ​ភ្ញៀវ​ទេសចរ​នៅ​តែ​អាច​ធ្វើ​ដំណើរ​ទៅ​ទស្សនា​បាន​ក្នុង​លក្ខណៈ​ចង់​ស្គាល់ ឬ​ចង់​សិក្សា​ស្រាវជ្រាវ​ពី​ប្រវត្តិ នៃ​ការ​សាងសង់​ទំនប់​អាង​កំពីងពួយ​នេះ​។ ហើយ​ក៏​អាច​ហែល​ទឹក​ដ៏​សែន​ត្រជាក់​នេះ​បាន​ផង​ដែរ ថែម​ទាំង​គយគន់​មើល​ផ្ទៃ​ទឹក​ដ៏​ធំ​ល្វឹងល្វើយ​ដាច់​កន្ទុយភ្នែក​បាន​ទៀត​ផង តែ​ហាក់​ស្រងេះ​ស្រ​ង៉ោ​ច​បន្តិច ព្រោះតែ​គ្មាន​ភ្ញៀវ​ទៅ​កំសាន្ត​ច្រើន​អ៊ូអរ​ដូច​កាលពី​ជិត​១០​មុន​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ