យោងតាមសៀវភៅ«របាំប្រជាប្រិយខ្មែរ» នៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ លើកឡើងថា របាំត្រុដិជារបាំប្រជាប្រិយមួយបែបដែលសព្វថ្ងៃនេះគេឃើញមាននៅតែក្នុងខេត្តសៀមរាប ហើយជួនកាលគេឃើញនៅខេត្តបាត់ដំបងខ្លះដែរត្រង់ភូមិភាគណាដែលនៅជាប់នឹងខេត្តសៀមរាបនោះឯង ។ របាំត្រុដិមានលេងតែក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប៉ុណ្ណោះដែលជាចាំបាច់ ព្រោះមានសេចក្តីឲ្យការណ៍៍ជាច្រើនអំពីសមាជិកឆ្លើយឆ្លងនៃក្រុមជំនុំទំនៀមទម្លាប់ដែលនៅក្នុងខេត្តទាំងនោះថា របាំនេះគេលេងដើម្បីប្រសិទ្ធពរជ័យ សិរីសួស្តីជូនដល់អ្នកស្រុកក្នុងឱកាសចូលឆ្នាំថ្មី ។
ឈ្មោះថា «ត្រុដិ» ជាពាក្យដើមមកពីភាសាសំស្ក្រឹតប្រែថា «ផ្តាច់ ឬកាត់ផ្តាច់»គឺសំដៅដល់ការផ្តាច់ឆ្នាំ ឬការកាត់ផ្តាច់ឆ្នាំចាស់ចូលទៅក្នុងឆ្នាំថ្មី ហើយដែលនៅមានជាប់នាមព្រះរាជពិធីមួយហៅថា «ត្រស្តិសង្ក្រាន្ត» ជាប់រហូតសព្វថ្ងៃ ។ ដូចនេះឃើញថា ឈ្មោះរបាំត្រុដិបញ្ជាក់ថា សម្រាប់ប្រកបឡើងនៅពេលដំណាច់ឆ្នាំ នីមួយៗមែន ប៉ុន្តែតាមទម្លាប់់របស់អ្នកស្រុកជួនកាលគេលេងរបាំនេះនៅពេលប្រារព្ធពិធីសុំទឹកភ្លៀងនៅគ្រាដែលស្រុកទេសរាំងស្ងួតជាច្រើនថ្ងៃខែ ម្តងៗដែរ ។
មិនតែប៉ុណ្ណោះមានព័ត៌មានខ្លះបានបញ្ជាក់ថា របាំត្រុដិសេសសល់នៅជាមួយមនុស្សជាន់ដើម ពួកដែលរស់នៅលើទឹកដីសុវណ្ណភូមិចាស់តាំងពីដែនដីនេះពុំទាន់ទទួលអារ្យធម៌ពីប្រទេសឥណ្ឌានៅឡើយ គឺត្រកូលមនុស្សមួយពួកនៅក្នុងប្រទេសយើងដែលអ្នកស្រុកហៅថា «សំរែ» ដែលសព្វថ្ងៃច្រើនរស់នៅក្នុងភូមិភាគខាងជើងបឹងទន្លេសាបនេះឯង ។
កាលពីជំនាន់បុរាណវង់ត្រុដិរបស់ជនជាតិសំរែនេះ បាននាំគ្នាទៅលេងថ្វាយព្រះរាជានៅរៀងរាល់ពេលបុណ្យចូលឆ្នាំដើម្បីថ្វាយព្រះពរសួស្តី សិរីមង្គល ។ ហេតុនេះហើយបានជាមានទម្លាប់លេងតែនៅពេលចូលឆ្នាំរហូតដល់ឥឡូវ ហើយមានតែនៅក្នុងខេត្តសៀមរាបដែលជិតរាជធានីចាស់ប៉ុណ្ណោះ ។
ប្រដាប់ប្រដារនិងរបៀបលេង
-«អំពីប្រដាប់ប្រដារ» ៖ តាមធម្មតាវង់របាំត្រុដិមានក្រុមតូច ក្រុមធំយោងទៅតាមការនិយមរបស់អ្នកស្រុក និងនិយមតាមចំនួនមនុស្សដែលស្ម័គ្រចិត្តចូលលេង ។ ឯប្រដាប់ប្រដារសោតក៏និយមទៅតាមនោះដែរ ប៉ុន្តែយើងអាចរកមើលទាំងអស់ឲ្យឃើញថា តើវង់ត្រុដិពេញលេញនោះប្រដាប់មានឈ្មោះអ្វីខ្លះ0x017d7 គឺមាន គ្រឿងភ្លេង ៖
-«កញ្ចារ» ដងធ្វើពីពីងពង់ប្រវែង២ ម៉ែត្រ មានបន្ទះរនាបតូចឆ្មារភ្ជាប់នៅចុង ហើយខ្វែងគ្នាពត់ងទន្ទាំមានសណ្ឋានដូចស្នែង៤ ។
នៅចុងបន្ទះរនាបមានចងខ្សែខ្វែងពីចុងមួយទៅចុងមួយ ហើយត្រង់កណ្តាលខ្សែខ្វែងនេះមានបណ្តោយផ្លែអង្គញ់ដែលចោះយកគ្រាប់ចេញអស់ ហើយដាក់គ្រាប់ក្រួស ឬកម្ទេចដែកទៅក្នុងនោះប្រយោជន៍ឲ្យឮសូរ កាលណាគេបុកដងវានឹងដីតាមចង្វាក់ស្គរ ។
-«ចង្ក្រង់ដំបែ» ៖ ចង្ក្រង់ចងបន្តោងនឹងខ្សែទាមគោ ហើយចងភ្ជាប់នឹងដងឫស្សីដែរ ។ កាលណាគេបុកនឹងដីក៏មានសូរ ប្រាវៗ តាមចង្វាក់ ។
-«ចង្ក្រង់រ៉ូង» ៖ ចង្ក្រង់នេះចងព្យួរនឹង ចង្កេះមនុស្សតែម្តង ដោយចងគួបគ្នាជា ចង្កោមៗ ។
-«ស្គរ» ៖ ស្គរអារក្ស គឺស្គរដែលធ្វើពីដីដុតពាសស្បែកថ្លាន់ ។
-«ប៉ីពក» ៖ មានតែ១ប៉ុណ្ណោះ។
-«ទ្រអ៊ូ ឬទ្រសោ» ៖ ត្រូវមានទាំងពីរ ។
-«សន្ទូច» ៖ ដងពីងពង់វែងមានសណ្ឋាន ដូចសន្ទូចចងចុងដូចចន្ទោលរទេះ ដោយមាន ព្យួរថង់មួយនៅចុងសម្រាប់ទទួលវត្ថុជាទាន ។
គ្រឿងតែង ៖
-មុខត្លុក ៖ ធ្វើពីឆ្អឹងឫស្សីពាសក្រដាស ឬស្មាច់ ឬខ្មុក ។
-មកុដ ៖ គេធ្វើពីក្រដាសលាបកាវ និងបិទ ឲ្យក្រាស់តម្រួតគ្នាទៅជារឹង គឺស្មាច់ ឬខ្មុក ហើយផាត់ពណ៌ ។
-ស្នែងប្រើស ៖ គេយកផ្តៅមកព័ទ្ធធ្វើឆ្អឹង ហើយយកក្រដាសបិទពីក្រៅឲ្យក្រាស់ព័ទ្ធឲ្យមានរាងដូចស្នែង ឬជួនកាលគេយកស្នែងប្រើសមែនទែនមកស៊កភ្ជាប់នឹងផ្តៅពាក់ឲ្យជាប់នឹងក្បាលមនុស្សក៏មាន ។
-ស្នែងទន្សោង៖ ស្នែងទន្សោងគេធ្វើប្រហែលគ្នានឹងស្នែងប្រើសដែរ គឺជួនគេយកស្នែងមែនទែនមកធ្វើ ជួនគេស្មាច់ក្រដាសឲ្យក្រាស់ ។
-កន្ទុយក្ងោក ៖ យកកន្ទុយក្ងោកមែនទែនមកកាន់ ហើយកាច់កែឲ្យមានសណ្ឋានដូចសត្វក្ងោកមែនទែន ។
-ក្រចក ៖ យកផ្តៅប្រវែង០,២០ម៉ែត្រ ទៅបិតចុងឲ្យស្រួច រោលភ្លើងពត់ឲ្យង ហើយយកអំបោះចងគល់ភ្ជាប់នឹងម្រាម៤ ឯមេដៃមិនពាក់ទេ ៕
ចែករំលែកព័តមាននេះ