រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងអ្នកនាង សាវ៉ាត សុវណ្ណី ហៅ ស្រីម៉ុច បានចេញមកគាស់រំលើងរំលឹកឡើងវិញនូវរឿងរ៉ាវអតីតកាលដែលនាងធ្លាប់រងគ្រោះដោយការរិះគន់រឿងស្លៀកពាក់សិចស៊ី ស្របពេលមួយរយៈចុងក្រោយនេះ ក៏មានផ្ទុះការរិះគន់ខ្លាំងលើឈុតដែលសិចស៊ីរបស់បេក្ខនារីប្រឡងកម្មវិធី Miss Grand Cambodia ដែលបានបញ្ចប់កាលពីពេលកន្លងទៅថ្មីៗនេះ។
ប្រៀបធៀបភ្ជាប់រឿងខាងលើ តារាសម្តែងក្នុងបទ (ជីដូនកាកី) រូបនេះ ក៏បានរំលឹកឡើងវិញនូវពេលនាងបង្ហាញភាពសិចស៊ីនៅលើឆាកផ្ទាល់ខ្លួនតូចមួយ បែរជាត្រូវទទួលការស្តីបន្ទោស និងរិះគន់ រហូតក្រសួងកោះហៅ ដោយនោះមិនមែនជាឆាកធំដូចកម្មវិធីប្រឡងសម្រស់មួយនេះផង។
តាមរយៈសំណេរដែលបានបង្ហោះតាមហ្វេសប៊ុកនោះ អ្នកនាង ស្រីម៉ុច បានលើកឡើងថា «នឹកឃើញកាលនោះខ្ញុំដើរម៉ូត អោយ event ក្នុងកម្មវិធី private របស់ក្រុមហ៊ុនខ្ញុំសោះ ជេរខ្ញុំផ្អើលស្រុកផ្អើលទេស អាស៊ូតែខ្ញុំទៅឈរនៅលើឆាកអន្តរជាតិ តំណាងជាតិ តំណាងប្រទេសអីមិនថាទេ។ ដើរតែក្នុងកម្មវិធីខ្លួនឯងសោះ»។

នាងបញ្ជាក់ថា «បងប្អូនប្រជាជនជេរមធ្យម ងំក្រសួងហៅដូសក្អែល ឡូវមិចវិញ អាវទ្រនាប់ខោស្លីបតែម្ដងចា ហើយសុទ្ធតែអ្នកតំណាងអោយស្រុកអោយប្រទេស តែនិយាយទៅខ្ញុំគ្រាំទ្រ ព្រោះមិនមែនតែស្រុកគេទេ ដែលមានស្រីស្អាត ស្រុកយើងក៏មាន អោយពិភពលោកបានឃើញផង let’s go Cambodia »។
ជាការកត់សម្គាល់ គេនៅចាំថា អតីតតារាសម្ដែង «ជីដូនកាកី» នាង ស្រីម៉ុច បានលេចមុខដើរបង្ហាញម៉ូដកណ្ដាលសណ្ឋាគារសូហ្វីតែល ភោគិត្រា ភ្នំពេញ កាលពីរាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ធ្វើឲ្យទាំងភ្ញៀវជាតិ និងអន្តរជាតិ តារាល្បីៗជាច្រើនដួង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលនាងស្លៀកឈុតសិចស៊ីលេចខោក្នុង និងបញ្ចេញដើមទ្រូងយ៉ាងទ្រលុកទ្រលន់ ជាមួយតារាចម្រៀងល្បីរបស់ថៃ នាង Katreeya English ក្នុងកម្មវិធីជប់លៀងរបស់គ្លីនិកកែសម្ផស្សមួយ ។
ការស្លៀកពាក់យ៉ាងសិចស៊ីរបស់អ្នកនាងនាពេលនោះ ក៏ទទួលបានការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន រហូតក្រសួងបានកោះហៅអ្នកនាងទៅធ្វើការអប់រំ បើទោះបីជាអ្នកនាងបានរសាត់ចេញឆ្ងាយពីវិស័យសិល្បៈនេះអស់ជាច្រើនឆ្នាំក៏ដោយ។
យ៉ាងណា ក្រោយមានរឿងខាងលើនេះ អ្នកនាង ស្រី ម៉ុច ក៏បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត និងមិនអស់ចិត្តចំពោះការរិះគន់ និងការកោះហៅពីក្រសួងនាពេលនោះឡើយ ដោយនាងលើកហេតុផលថា នាងបានឈប់ពីសិល្បៈតាំងពីឆ្នាំ២០០៨ មកម្ល៉េះ ខណៈពេលការសិចស៊ីរបស់នាងនាពេលនេះ មិនមែនក្នុងការងារសិល្បៈនោះទេ។
គួរបញ្ជាក់ថា អតីតតារាសម្តែង ស្រីម៉ុច បានឈប់ពីអាជីពសិល្បៈ ហើយចេញទៅរស់នៅតាមស្វាមី នៅឯប្រទេសសិង្ហបុរី ហើយជារឿយៗគេតែងតែឃើញនាងបង្ហាញរូបភាពយ៉ាងសិចស៊ីជាបន្តបន្ទាប់នៅលើគណនេយ្យហ្វេសប៊ុករបស់នាងផងដែរ៕





ចែករំលែកព័តមាននេះ