រាជធានីភ្នំពេញ ៖ ខណៈអ្នកតាមដានកើនឡើងដូចទឹកបាក់ទំនប់ អ្នកគាំទ្រសម្ដែងក្ដីរំភើប និងសប្បាយរីករាយជាខ្លាំង ក្រោយលេចវត្តមានតារាចម្រៀងដ៏ល្បីឈ្មោះ ប៊ុត សីហា ម្ចាស់ពាន THE VOICE CAMBODIA រដូវកាលទី១ លើវីថីសិល្បៈសារជាថ្មី ដោយគិតត្រឹមរយៈពេល១ថ្ងៃប្រជាប្រិយភាពរបស់លោកកើនឡើងដូចទឹកបាក់ទំនប់ ដោយមានរយៈពេលមិនទាន់បាន២៤ម៉ោងផង មានចំនួនអ្នកចូលទៅ Follow រហូតដល់ទៅជិត ៥០០០០ នាក់ និង like page ជិត ៤០០០០ នាក់ឯណោះ ខណៈអ្នកតាមដានរាល់ការផុសមានសន្ទុះកើនឡើងស្ទើរតែមិនចង់ជឿតែម្ដង។
លោក ប៊ុត សីហា ប្រិយមិត្តអ្នកគាំទ្រប្រាកដជាចង់ចាំយ៉ាងច្បាស់ ព្រោះលោកជាអាយដលក្នុងដួងចិត្តរបស់ហ្វេនៗជាច្រើនក្នុងប្រទេសកម្ពុជា ដែលកំពុងរង់ចាំលោកវិលចូលវិថីសិល្បៈ ដើម្បីសាងខ្លួនអោយលេចធ្លោសារជាថ្មី ដើរលើផ្លូវដែលល្អឡើងវិញផងដែរ ។
តារាចម្រៀងប្រុសដ៏ល្បីឈ្មោះ លោក ប៊ុតសីហា គឺជាម្ចាស់ពាន និងបេក្ខជនដំបូងគេរបស់ផលិតកម្ម រស្មីហង្សមាស ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក THE VOICE CAMBODIA រដូវកាលទី១ ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី ដូចទឹកបាក់ទំនប់ពីសំណាក់មហាជនអ្នកគាំទ្រតាមរយៈសមត្ថភាព និងទេពកោសល្យខ្ពស់ក្នុងការបកស្រាយបទចម្រៀងនីមួយៗ។ ក្នុងគ្រាលើពាននោះ គឺថាលោកទទួលបានការអាណិតស្រលាញ់ជាខ្លាំងពីសំណាក់អ្នកគាំទ្រ ព្រោះបេក្ខជនរូបនេះ ត្រូវបានគេដឹងរឿងដ៏ពិបាកទទួលយកបំផុតក្នុងអំឡុងពេលប្រឡងចម្រៀង គឺលោកឪពុកជាទីគោរពស្រលាញ់បានទទួលអនិច្ចកម្ម ក្នុងអំឡុងពេលដែលសីហា កំពុងប្រឡងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកម្មវិធី The Voice Cambodia។
ប៊ុត សីហា គឺជាកូនពៅរស់នៅក្នុងគ្រួសារអ្នកខ្សត់ខ្សោយម្នាក់នៅខេត្តកំពង់ស្ពឺ ដោយសារកត្តាជីវភាពដុនដាប់ខ្លាំង លោកក៏សម្រេចចិត្តឈប់រៀនត្រឹមថ្នាក់ទី១១តែម្ដង។ យ៉ាងណាមិញ ក្រោយលើកពានមិនបានប៉ុន្មានផង ស្រាប់តែតារាចម្រៀងប្រុស លោក ប៊ុត សីហា បាត់បង់ការងារទាំងស្រុង ស្ទើរតែធ្លាក់ដល់ចំណុចសូន្យ ដោយសារតែរឿងអាស្រូវដែលជាហេតុធ្វើអោយប្រជាប្រិយភាពរបស់តារាប្រុសរូបនេះ បាត់បង់ភ្លាមៗស្ទើរតែ១០០% គ្មានសូម្បីទីផ្សារការងារ។
ដោយឡែក ដូចពាក្យចាស់ពោលថា ក្រោយភ្លៀងមេឃស្រឡះ ក្រោយបាត់មុខពីវិស្ស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ដោយសាររឿងអាស្រូវរបស់ខ្លួន ស្រាប់តែនៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២២ ម្សិលមិញនេះ លោក ប៊ុត សីហា បានត្រឡប់ចូលសិល្បៈសារជាថ្មីជាមួយនិងការប្រកាសខ្លួនធ្វើជាតារាចម្រៀងឯករាជផ្ទាល់ខ្លួនតែម្ដង។
ជាក់ស្ដែង បើយោងតាមគណនីហ្វេសប៊ុកផេកផ្លូវការរបស់លោក ដែលមានឈ្មោះថា Buth Seyha Real បានបង្ហាញសារដ៏រំភើបទៅកាន់អ្នកគាំទ្រថា «សូមជំរាបជូន បងប្អូនទាំងអស់ថាខ្ញុំមានតែអាខោនហ្វេសប៊ុកផេកនេះតែមួយគត់ ក្រៅពីនឹងគេលួចយកពីខ្ញុំទៅបាត់អស់ហើយ ចាប់ពីនេះតទៅខ្ញុំអត់មានជាប់កុងត្រានឹងផលិតកម្ម ឬច្រៀងឲ្យផលិតកម្មណាតទៅទៀតទេ ខ្ញុំនិងងើបដើរដោយខ្លួនឯង គឺធ្វើបទចម្រៀងដាក់ផេក និងឆាណែលយូធូបដោយខ្លួនឯង មិនមានអ្វីត្រូវរុញរាទៀតទេ»។
លោកបន្តថា «បទខ្ញុំបញ្ចេញលើកដំបូងសង្ឃឹមបងប្អូនជួយស៊ែរ និងខមិនត្រេកអរ ដោយរីករាយ ជួបគ្នាឆាប់ៗហ្វេនៗជាទីស្រលាញ់ ជួយស៊ែរម្នាក់មួយផងដោយក្តីគោរព»។ តារាប្រុសរូបនេះបន្តថា «សូមទោសពុកម៉ែបងប្អូន ដែលខ្ញុំធ្វើឲ្យខកចិត្តកន្លងមក ពេលនេះយើងអាចចាប់ផ្តើមជាមួយគ្នាម្តងទៀតបានទេ? អាចដែរទេ? នៅគាំទ្រ ប៊ុត សីហា ម្តងទៀត»។
គួរបញ្ជាក់ថា ការវិលត្រឡប់របស់លោក ប៊ុត សីហា ឃើញថា សន្ទុះនៃការគាំទ្ររូបលោក ហាក់វិលត្រឡប់មកវិញគួរអោយកត់សម្គាល់តែម្ដង ពោលគឺប្រជាប្រិយភាពកើនឡើងស្ទើរមិននឹកស្មានដល់ត្រឹមរយៈពេល១យប់១ថ្ងៃ ដោយមានចំនួនអ្នកចូលទៅ Follow រហូតដល់ទៅជិត៥០០០០ នាក់ និង like page ជិត ៤០០០០ នាក់ឯណោះ ៕










ចែករំលែកព័តមាននេះ