ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី រំពឹងថា ឆ្នាំ២០២២នេះ ខេត្តសៀមរាប នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១០ម៉ឺននាក់

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន និងជាប្រធានគណៈប្រតិបត្តិ នៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានប្រកាស​នូវក្តីរំពឹងថា ឆ្នាំ២០២២នេះ…

ខេត្តសៀមរាប៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន និងជាប្រធានគណៈប្រតិបត្តិ នៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានប្រកាស​នូវក្តីរំពឹងថា ឆ្នាំ២០២២នេះ ខេត្តសៀមរា​ប នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ១០ម៉ឺននាក់ ហើយនឹងកើនដល់ប្រមាណ ៥០ម៉ឺននាក់ នៅឆ្នាំ២០២៣ខាងមុខ។

លោក ថោង ខុន បានថ្លែងបែបនេះ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយសមាសភាព និងយន្តការអនុវត្តចំណុះឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ អមជាមួយការប្រកាសផែនការសកម្មភាព ឆ្នាំ២០២២-២០២៣ នៅសណ្ឋាគាសុខា នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។

លោករដ្ឋមន្ត្រី ថោង ខុន ថ្លែងថា វិស័យទេសចរណ៍កម្ពុជា ដែលធ្លាប់តែមានអត្រាកំណើននៃ​ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិគួរឱ្យកត់សម្គាល់ ក្នុងនោះ ឆ្នាំ២០១៩ ជាឆ្នាំកំពូលនៃ​វិស័យទេសចរណ៍កម្ពុជា ដោយទទួលបានទេសចរអន្តរជាតិជាង ៦,៦លាននាក់ កើនឡើង ៦% បន្ថែមទៀត។ ប៉ុន្តែ​ជាង ២ឆ្នាំ កន្លងមក វិស័យទេសចរណ៍កម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩។

លោកបន្តថា ក្នុងបរិការណ៍នៃការវិវត្តចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមដំបូលសន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃមោះមុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងប្រយុទ្ធយ៉ាងសស្រាក់សស្រាំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ដល់វិសយ័នានា សំខាន់វិសយ័ទេសចរណ៍។

លោកបន្តថា ជាចក្ខុវិស័យរបស់ក្រសួងទេសចរណ៍ ការអភិវឌ្ឍទេសចរណ៍កម្ពុជា ក្នុងឆ្នាំ២០២២-២០២៣ គឺដើរស្របតាមស្មារតីនៃ “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣” ដោយផ្តោតលើការបន្តជំរុញការអនុវត្តផែនទីចង្អុលផ្លូវ ស្តីពី ផែនការ ស្តារ និងលើកស្ទួយវិស័យ ទេសចរណ៍ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩, វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣, ផែនការយុទ្ធសាស្រ្តស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង និងផែនការសកម្មភាព សម្រាប់រយៈពេលខ្លីនៃ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥។

លោកអះអាងថា ភាពជោគជ័យ នៃការអនុវត្តនៅក្នុងឆមាសទី២ ឆ្នាំ២០២២ និងឆ្នាំ២០២៣ នឹងដើរតួជាមូលដ្ឋានសំខាន់បំផុតសម្រាប់រុញដោលការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យដល់កម្រិតដូចមុនពេលវិបត្តិ និងកាន់តែប្រសើរជាងមុន ទាំងលើទិដ្ឋភាពបរិមាណ និងគុណភាព ក្នុងនោះខេត្តសៀមរាប គឺជាគោលដៅដ៏ចំបងបំផុត ដែលចាំបាច់ត្រូវស្តារ​សកម្មភាពទេសចរណ៍ ឡើងវិញ ទាំងការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងខិតខំទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិ ពីប្រភពទីផ្សារសំខាន់ៗ នៅក្នុងដំណាក់កាលងើបឡើងវិញនេះ។

លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប នៅអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ នេះ រាជរដ្ឋាភិបាល បានផ្តល់គោលនយោបាយលើកទឹកចិត្តសម្រាប់ការទិញសំបុត្រចូលរមណីយដ្ឋានអង្គរ ដោយបន្ថែមចំនួនថ្ងៃចូលទស្សនា អង្គរជាដើម។ ទទ្ទឹមនោះ ក៏បានអនុញ្ញាតជូនភ្ញៀវទេសចរ​បរទេស​ផ្ទៃក្នុង ដែលមកធ្វើការ និងស្នាក់នៅកម្ពុជា រយៈពេលយូរ ចាប់ពី ២ឆ្នាំ ឡើងទៅ អាចចូលទស្សនារមណីយដ្ឋានអង្គរ ដោយមិនគិតថ្លៃថែមទៀត។ កត្តានេះ នឹងជំរុញរំហូរ​ទេសចរផ្ទៃក្នុងមកកាន់ខេត្តសៀមរាបបន្ថែមទៀត។

លោក ថោង ខុន មានប្រសាសន៍ដែរថា ខណៈដែលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្រិតសកលកំពុងថមថយ ក្នុងឆ្នាំ២០២២ នេះ វិស័យ ទេសចរណ៍សកលលោករំពឹងថា នឹងមានភាពល្អប្រសើរ ដោយសារការចាប់ផ្តើមកម្រើកឡើងវិញនៃចរន្ត នៃការធ្វើដំណើរ​របស់ភ្ញៀវទេសចរអន្តរជាតិ។ ចំពោះកម្ពុជា ដោយឈរលើភាពជោគជ័យនៃការ​ទប់ស្កាត់ជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានសម្រួលលក្ខខណ្ឌសម្រាប់ភ្ញៀវទេសចរ និងអ្នកដំណើរអន្តរជាតិចូលមកកម្ពុជាជាបន្តបន្ទាប់។

ជាលទ្ធផល ការកាត់បន្ថយនូវរបាំងនៃការធ្វើដំណើរ រួមជាមួយការគ្រប់គ្រងបានយ៉ាងល្អ បានចូលរួមជំរុញកំណើននៃការធ្វើដំណើររបស់ភ្ញៀវទេសចរផ្ទៃក្នុង និងការមកដល់​របស់ទេសចរអន្តរជាតិ រួមជាមួយកំណើននៃការតភ្ជាប់ឡើងវិញនូវជើងហោះហើរចូលមកកម្ពុជា គួរឱ្យកត់សម្គាល់ ដែលជាសញ្ញាណវិជ្ជមាននៃការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា។

ជាក់ស្តែង សម្រាប់រយៈពេល ៦ខែ ដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង ៥០ម៉ឺននាក់ កើនឡើង ៣៩៤% ធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១។ ដោយក្នុងមួយថ្ងៃៗមានទេសចរអន្តរជាតិចូលមកប្រមាណ ៥០០០ ទៅ ៥៦០០នាក់ ហើយទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេស មានទេសចរជាតិសរុបប្រមាណ ៦,៣៣លាននាក់ កើនឡើងក្នុងអត្រា ២១៩% និងទេសចរបរទេសផ្ទៃក្នុងប្រមាណ ៦៨ម៉ឺននាក់ កើនឡើងក្នុងអត្រាប្រមាណ ៣៨០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ លោកថា បើ តាមការប៉ាន់ស្មាន ពេញមួយឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១លាននាក់ ឬអាចច្រើនជាងនេះ ហើយនិងប្រមាណ ២លាននាក់ នៅក្នុងឆ្នាំ២០២៣ ខាងមុខ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម។

ចំពោះទេសចរណ៍ផ្ទៃក្នុង ដែលមានសន្ទុះកំណើន ក្រោមទម្រង់អក្សរ V អាចនឹងទទួលបាន​ទេសចរប្រមាណ ១០ ទៅ ១១លាននាក់ នៅឆ្នាំ២០២២ នេះ និងប្រមាណ ១១,៥ ទៅ ១២លាននាក់ នៅឆ្នាំ២០២៣ ដូចដែលបានគ្រោងទុកក្នុងផែនទីចង្អុលផ្លូវ។

លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ដោយឈរលើមូលដ្ឋាននៃការងើបឡើងវិញនៃវិស័យ​ទេសចរណ៍កម្ពុជា ខេត្តសៀមរាបក៏ចាប់ផ្តើមមានកំណើនសកម្មភាពទេសចរណ៍ឡើងវិញ ដោយឆមាសទី១ ឆ្នាំ២០២២ នេះ ទទួលបានទេសចរអន្តរជាតិ ប្រមាណ ៦ម៉ឺននាក់ កើនឡើងក្នុងអត្រា ១០២៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងទេសចរផ្ទៃក្នុងប្រមាណ ជាង ១លាននាក់ កើនឡើងក្នុងអត្រា ៧៩៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះជើងហោះហើរមកកាន់ខេត្តសៀមរាប មានចំនួន ៣៨៧ជើង នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ។

លោកថា ឈរលើស្មារតីសុទិដ្ឋិនិយម យើងសង្ឃឹមថាខេត្តសៀមរាបនឹងទទួលបានទេសចរ​អន្តរជាតិ ប្រមាណជាង ១០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២២ នេះ ហើយនឹងកើនដល់ប្រមាណ ៥០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២៣ ខាងមុខ ដោយនឹងស្រូបយក ១/៤ នៃភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនា​កម្ពុជា ខណៈដែលភ្ញៀវ ទេសចរផ្ទៃក្នុងជាង ២លាននាក់ នឹងមកទស្សនា ខេត្តសៀមរាប នៅក្នុងឆ្នាំ២០២២នេះ ហើយនិងប្រមាណ ៤លាននាក់ នៅក្នុងឆ្នាំ២០២៣ ខាងមុខ៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ