រាជធានីភ្នំពេញ ៖ ជាការចាប់អារម្មណ៍មួយ គ្រាន់តែពិធីសម្ពោធជាផ្លូវការរឿង «កំពូលល្ងង់នៅអាស៊ី» របស់ផលិតកម្មហ្គាឡាក់ស៊ីកាលពីល្ងាចថ្ងៃទី១៤ ធ្នូ នារោងភាពយន្តមេជឺស៊ីនើភ្លិចបាយសែលកាត គឺមានអ្នកចូលរួមគាំទ្រយ៉ាងច្រើនកុះករ រហូតដល់ទៅជាង៥០០នាក់ឯណោះ ។
ផលិតករលោកណាវ៉ា ត្រា ម្ចាស់ផលិតកម្មហ្គាឡាក់ស៊ីបានអះអាងថា លទ្ធភាពដែលអាចបើកផលិតកម្ម ហើយមានលុយកាក់ចេញផលិតរឿងដំបូងក្រោមចំណងជើងថា «កំពូលល្ងង់នៅអាស៊ី» គឺដោយសារតែលោកធ្លាប់បានទៅធ្វើការនៅក្នុងប្រទេសកូរ៉េក្នុងនាមជាពលកររោងចក្រប៉ុណ្ណោះ ដោយបានលុយពីការងារនោះហើយ ទើបលោកអាចមានលទ្ធភាពយកមកបណ្ដាក់ទុនជួញដូរដីធ្លី និងបើកផលិតកម្ម ដែលទើបបញ្ចប់ភាពយន្តដំបូងរបស់ខ្លួន ។
លោកឡេង ណាវ៉ាត់ត្រា ចាងហ្វាងផលិតកម្មហ្គាឡាក់ស៊ី បានអះអាងថា កាលពីមួយរយៈមុន លោកគ្រាន់តែជាពលករបម្រើការនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះ ដោយលោកបម្រើការនៅក្នុងរោងចក្រមួយចំនួន។ លោកបានចំណាយពេលជាមួយការងារនៅទីនោះច្រើនឆ្នាំ ទើបមានលទ្ធភាពសន្សំលុយកាក់ ហើយទិញបានដីធ្លីមួយចំនួនដែលក្រោយបញ្ចប់កុងត្រាការងារនៅក្នុងប្រទេសកូរ៉េ។
លោកក៏ដូរដីធ្លីទិញបានធ្វើដើមទុន ហើយបែកគំនិតទិញដីស្រែពុះឡូត៍លក់ទទួលបានជោគជ័យ ។ លោកថា លុយកាក់ដែលលោកបានប្រើយកមកបើកផលិតកម្មហ្គាឡាក់ស៊ី និងផលិតរឿង «កំពូលល្ងង់នៅអាស៊ី» អស់៦ម៉ឺនដុល្លារ គឺលុយដើមទាំងស្រុងដែលបានពីការងារពលករនៅកូរ៉េ បើទោះជាលុយទាំងនោះ ត្រូវបានបំលែងពីការដូរដីធ្លី ដែលជាជំនួញពុះដីឡូតិ៍លក់នោះក៏
ដោយ ។ អ៊ីចឹង ទើបលោកយល់ថា ការងាររោងចក្រដែលលោកបានធ្វើនៅក្នុងប្រទេសកូរ៉េអស់រយៈពេលច្រើនឆ្នាំនោះ បានផ្ដល់ប្រភពទុនយ៉ាងសម្បើម មុនពេលបានធ្វើអោយលោកក្លាយជាថៅកែម្នាក់ ។
លោកថា ខ្លួនមិនអាចភ្លេចធាតុដើម និងអតីតកាលដែលធ្លាប់តស៊ូទាំងនោះបានទេ បើទោះជាក្នុងពេលនេះ លោកបានជោគជ័យលើគម្រោងដីធ្លី ហើយបានវិវឌ្ឍន៍ខ្លួនក្លាយពីពលករនៅតាមរោងចក្រមកជាម្ចាស់ផលិតកម្មមួយ ។ ជាមួយការ រំលឹកអតីតកាលនោះហើយ ដែលលោកសម្រេចចិត្តចំណាយប្រាក់ទិញសំបុត្រ២០០សំបុត្រអោយកម្មករកម្មការិនីនៅក្នុងប្រទេសកម្ពុជាចូលទស្សនាភាពយន្តរបស់ខ្លួនមិនគិតថ្លៃនៅពេលខ្សែរឿង «កំពូលល្ងង់នៅអាស៊ី» ដើម្បីលើកទឹកចិត្តដល់កម្មករនៅតាមរោងចក្រដែលភាគច្រើនមិនមែនជាអ្នកធូរធារ។
លោកនិយាយថា «ដោយសារតែខ្ញុំក៏ជាពលករនៅកូរ៉េ ហើយក្នុងពេលខ្ញុំបង្ហោះTrailer(ឈុតផ្សព្វផ្សាយ)រឿងទៅ ឃើញបងប្អូនជាកម្មករកម្មការិនីដែលលេងហ្វេសប៊ុកជាមួយខ្ញុំគាត់ឆាតចង់មើលរឿងហ្នឹងតែអត់លុយទិញសំបុត្រ ទើបខ្ញុំសម្រេចថាអ្នកណាយកកាត់រោងចក្រមកបង្ហាញនៅរោងកុនបាន២០០នាក់ដំបូងគឺខ្ញុំចេញលុយអោយរោងទាំងអស់ ដើម្បីអោយពួកគាត់បានមើលរឿងហ្នឹង» ។
យ៉ាងណាមិញ លោកថានឹងផ្ដល់សំបុត្រឥតគិតថ្លៃសម្រាប់ទស្សនារឿង«កំពូលល្ងង់នៅអាស៊ី»តែនៅរោងកុនទំនើបៗប៉ុណ្ណោះ ដោយនៅរោងកុនលុច្សដែលជារោងធម្មតាគឺលោកសម្រេចមិនផ្ដល់សំបុត្រដោយមិនយកលុយនោះទេ។ លោកនិយាយថា
«ដោយសារបងប្អូនកម្មករយើង គាត់អត់សូវហ៊ានចូលរោងកុនទំនើបៗទេ ហើយខ្ញុំចង់អោយគាត់ស្គាល់រោងកុនទំនើបៗ ទើបពួកគាត់អាចទទួលសំបុត្រហ្វ្រីតែនៅរោងកុនទំនើបទេ មិនថាគាត់ទៅមើលរោងកុនណាទោះតម្លៃ៣ដុល្លារ ឬ៤ដុល្លារគឺខ្ញុំចេញលុយអោយទាំងអស់ គឺមានន័យថាខ្ញុំទិញសំបុត្រពីរោងអោយពួកគាត់» ។
លោកថាកម្មករកម្មការិនីនឹងអាចទៅទទួលសំបុត្រឥតគិតថ្លៃដោយគ្រាន់បង្ហាញកាតរោងចក្រចាប់ពីថ្ងៃទី២១ ធ្នូ ដោយសារដាក់បញ្ចាំងរឿងនៅថ្ងៃ១៥ ធ្នូ ហើយត្រូវការបញ្ចាំងអោយបាន៦ថ្ងៃសិន ទើបបើកអោយកម្មកររោងចក្រមើលមិនយកលុយ។ តារាដែលបានចូលរួមសម្ពោធរឿងរួមមាននាយពាក់មី នាយគ្រឿន លោកម៉ារ៉ាប៊ុណ្ណា លោក សុះ ម៉ាច នាយឃ្លោក កញ្ញាពេជ្រ អាវីហ្សា កញ្ញា ព្រីម លីហ្សា កញ្ញាតូច ស្រីពេជ្រ កញ្ញាហេង ស្រីពេជ្រ លោក អិន សុភិន លោក ប៉ែន តារាវិបុល កញ្ញាវី ឌីណែត កញ្ញាជេស៊ីកា កញ្ញាសុវណ្ណ រ៉ាផា លោក សេវិនហ្វីលីព លោក ឡុងប៊ុនហេងព្រមទាំងតារាច្រើនទៀត។
ចែករំលែកព័តមាននេះ